ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ លើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ

នៅរសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ លើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមជាសហអធិបតីពីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានីភ្នំពេញ។ 

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញថ្លែងរបាយការណ៍ជូនសម្ដេចក្រឡាហោម និងលោកជំទាវកិតិ្តសង្គហបណ្ឌិត ព្រមទាំងអង់ពិធី ដោយបានគូសបញ្ជាក់អំពី សមិទ្ធផល និងស្នាដៃក្នុងការងារថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ ពិសេសការទប់ស្កាត់ការប៉ុនប៉ងបង្កចលាចលក្នុងសង្គមសំដៅផ្ដួលរំលំរបបរាជានិយម និងរាជរដ្ឋាភិបាលស្របច្បាប់របស់ក្រុមប្រឆាំងក្រៅច្បាប់ និងការថែរក្សាសន្តិសុខសណ្ដាប់សាធារណៈសម្រាប់ព្រឹត្តិការណ៍ធំជាច្រើនរបស់ជាតិ និងជីវភាពរស់នៅរបស់ប្រជាពករដ្ឋ។ 

ឯកឧត្តមបានមានប្រសាសន៍ថាសន្និបាតរបស់រដ្ឋបាលរាជធានីភ្នំពេញនាឆ្នាំនេះ បានបែងចែកក្រុមពិភាក្សាដឹកនាំដោយឯកឧត្តមលោកជំទាវអភិបាលរាជធានី និងមានការចូលរួមពីក្រុមការងារថ្នាក់ជាតិ អាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាព និងគ្រប់ភាគីពាក់ព័ន្ធ ដោយមានការសម្របសម្រួលពីឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លើប្រធានប្រធានបទសំខាន់ៗ៤ គឺការលើកកម្ពស់សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងអនវត្តច្បាប់ចរាចរណ៍ផ្លូវគោក, ការគ្រប់គ្រងសំណល់រឹង និងសំរាមនៅរាជធានីភ្នំពេញ, កឋរទប់ស្កាត់សំណង់គ្មានលិខិតអនុញ្ញាតសាងសង់ និងសំណង់ខុសច្បាប់អនុញ្ញាតសាងសង់, និងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស មុននឹងបានឯកភាពគ្នាកំណត់ជាទិសដៅការងារអាទិភាពសម្រាប់ឆ្នាំ២០២០នេះ។ 

បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញថ្លែងសុន្ទរកថា មានប្រសាសន៍សំណេះសំណាល និងផ្ដល់មតិណែនាំដល់អង្គពិធី ដោយជាកិច្ចចាប់ផ្ដើម សម្ដេចបានថ្លែងការកោតសរសើរថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងចំណុះរដ្ឋបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំ និងក្រុមការងារចុះមូលដ្ឋានរាជធានី ព្រមទាំងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទាំងអស់ ដែលបានរួមគ្នាការពារសុខសន្តិភាព ស្ថេរភាពនយោបាយ ធ្វើឱ្យរាជធានីសម្រេចបានសមិទ្ធផលជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ជំរុញការបែងចែកផលនៃកំណើនសេដ្ឋកិច្ច ធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ។ 

ពាក់ព័ន្ធនឹងទិសដៅការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមការងារចុះមូលដ្ឋានរាជធានីភ្នំពេញសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ផ្ដល់មតិណែនាំមួយចំនួនជូនអង្គសន្និបាត ក្នុងនោះរួមមាន ការការពារសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ និងសេចក្ដីសុខរបស់ប្រជាពលរដ្ឋ ដោយត្រូវបន្តរួមគ្មាទប់ស្កាត់ការប៉ុនប៉ងបង្កឱ្យមានអំពើហិង្សា និងភាពវឹកវរក្នុងសង្គមពីក្រុមប្រឆាំងក្រៅច្បាប់ តាមរយៈការអប់រំប្រជាពលរដ្ឋឱ្យចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍សង្គម ចៀសផុតពីសកម្មភាពខុសច្បាប់ និងត្រូវដោះស្រាយការតវ៉ាទាមទាររបស់ប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវតាមច្បាប់ ចៀវវាងការប្រើប្រាស់អំពើហិង្សាលើពួកគាត់។ 

សម្ដេចក៏បានរំលឹកឡើងវិញនូវការប៉ុនប៉ងបង្កើតចលនាបដិវត្តន៍ពណ៌របស់ក្រុមប្រឆាំងក្រៅច្បាប់ ដែលបើទោះបីជាផែនការនេះ បានទទួលបរាជ័យបន្តបន្ទាប់ក្ដី ប៉ុន្តែក្រុមប្រឆាំងក្រៅច្បាប់ នៅតែចិញ្ចឹមចិត្តក្នុងការធ្វើឱ្យសម្រេចផែនការនេះមិន ចេះចប់មិនចេះហើយឡើយ។ យ៉ាងណាក៏ដោយ សម្ដេចក្រឡាហោមបានណែនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងទាំងអស់ មិនត្រូវបង្កបញ្ហាអសកម្មណាមួយឡើយ ព្រោះសម្ដេចយល់ថាបញ្ហានោះ អាចក្លាយជាកម្មវត្ថុដែលក្រុមប្រឆាំងយកមកពង្រីកដើម្បីបញ្ឆេះកំហឹងពលរដ្ឋ។ 

សម្ដេចក្រឡាហោម ក៏បានណែនាំឱ្យបន្តពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយត្រូវបង្កើនវិធានការរក្សាការពារសុវត្ថិភាពតាមគោលដៅនយោបាយ រដ្ឋបាល ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ នៅរាជធានីភ្នំពេញឱ្យបានល្អ ពិសេសនៅឆ្នាំនេះដែលរាជរដ្ឋាភិបាលទទួលធ្វើជាម្ចាស់កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប និងត្រូវបន្តចលនាការចូលរួមអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពពីសំណាក់ប្រជាពលរដ្ឋ ទប់ស្កាត់បង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសង លួចឆក់ប្លន់ និងអំពើហិង្សា ព្រមទាំងត្រូវពង្រឹងសមត្ថភាព និងទំនាក់ទំនងរវាងមន្ត្រី និងប្រជាពលរដ្ឋដើម្បីដោះស្រាយបញ្ហានេះ។ 

សម្ដេចក៏បានណែនាំឱ្យរដ្ឋបាលខណ្ឌ ត្រូវរៀបចំកែសម្រួលរបៀបរបធ្វើការឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការថែរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងការបង្ក្រាបបទល្មើសនានា ពិសេសបញ្ហាគ្រឿងញៀននៅតាមទីតាំងសប្បាយដ្ឋាននានា និងនៅតាមគ្រប់ទីកន្លែងក្នុងមូលដ្ឋាន ដោយមន្ត្រីមានសមត្ថកិច្ចគ្រប់រូបត្រូវចៀសវាងពីការប្រើប្រាស់ ឬពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ហើយថ្នាក់ដឹកនាំអង្គភាព ត្រូវមានវិធានការឱ្យបានម៉ត់ចត់ចំពោះមន្ត្រីកងកម្លាំងរបស់ខ្លួនដែលពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ឬមានភាពអសកម្មក្នុងមូលដ្ឋាន។ 

បន្ទាប់មកសម្ដេចបានបន្តទាញចំណាប់អារម្មណ៍អង្គពិធីអំពីអត្រាកំណើនគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ពិសេសនៅរាជធានីភ្នំពេញ ដោយសម្ដេចបានណែនាំថ្នាក់ដឹកនាំរដ្ឋបាលខណ្ឌ ព្រមទាំងមន្ត្រីនគរបាលចរាចរណ៍ទាំងអស់ ត្រូវបង្កើនការរឹតបន្តឹង និងផាកពិន័យអ្នកល្មើសដោយគ្មានការលើកលែង ត្រូវធ្វើជាគម្រូនៃការគោរពច្បាប់ ត្រូវរៀបចំកិច្ចប្រជុំដើម្បីជំរុញការផ្ដល់អាទិភាពចំពោះការផ្សព្វផ្សាយអំពីគ្រោះថ្នាក់ចរាចរណ៍ នៅតាមផ្ទាំងផ្សាយពាណិជ្ជកម្មលើផ្លូវសាធារណៈ និងត្រូវរៀបចំ ព្រមទាំងទប់ស្កាត់ការររំលោភចិញ្ចើមផ្លូវពីសំណាក់ប្រជាពលរដ្ឋ ឬម្ចាស់អាជីវកម្មនានាឱ្យបានល្អ។ 

សម្ដេចបានបន្តថាឆាប់ៗនេះ អនុក្រឹត្យពាក់ព័ន្ធនឹងការផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍នឹងត្រូវកែសម្រួលដើម្បីបង្កើនការរឹតបន្តឹងឱ្យធ្ងន់ធ្ងរជាងមុន ហើយបន្ទាប់មកក្រុមការងារអន្តរក្រសួងនឹងរៀបចំកិច្ចប្រជុំពិនិត្យលទ្ធភាពធ្វើវិសោធនកម្មច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីបញ្ចូលវិធានការសំខាន់ៗមួយចំនួនទៀតសំដៅធានាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងនោះសម្រាប់អ្នកបើកបរក្នុងស្ថានភាពស្រវឹង អ្នកបើកបរដែលត្រូវបានរកឃើញមានផ្ទុកសារធាតុញៀន នឹងត្រូវទទួលការផាកពិន័យ និងការផ្ដន្ទាទោសធ្ងន់ធ្ងរ ដ្បិតការវិសោធនកម្មនេះ នឹងមានការបន្ថែមស្ថានទំងន់ទោស។ 

ក្រៅពីនេះ សម្ដេចឧបនាយករដ្ឋមន្រ្តី បានណែនាំរដ្ឋបាលរាជធានីភ្នំពេញ ពង្រឹងការរៀបចំប្រព័ន្ធពន្លត់អគ្គីភ័យដំណាក់កាលបឋមឱ្យបានល្អ នៅគ្រប់ទីកន្លែង ពិសេសត្រូវគិតគូរ និងរកវិធានការជាមុន សម្រាប់តំបន់មិនរៀបរយ និងមានផ្លូវតូចចង្អៀតដែលរថយន្តពន្លត់អគ្គីភ័យមិនអាចចូលទៅដល់ ហើយសម្រាប់អគារខ្ពស់ៗដែលកំពុងលេចឡើងច្រើននៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីត្រូវពង្រឹងការកំណត់ឱ្យបំពាក់ឧបករណ៍ពន្លត់អគ្គីភ័យនេះឱ្យបានជាដាច់ខាត ដ្បិតបច្ចុប្បន្ននេះយើងមានរថយន្តពន្លត់អគ្គីភ័យសម្រាប់អគារខ្ពស់ៗតែ២គ្រឿងប៉ុណ្ណោះ ខណៈមួយគ្រឿងទៀតអាចនឹងមកដល់ឆាប់ៗនេះ។ 

នៅក្នុងឱកាសនោះដែរ សម្ដេចបានណែនាំឱ្យថែរក្សាការពារទ្រព្យសម្បត្តិសាធារណៈ ដូចជាផ្លូវ និងប្រព័ន្ធប្រឡាយជាដើម ត្រូវធានាការពារបរិស្ថានឱ្យបានល្អ ជំរុញការទាក់ទាញភ្ញៀវទេសចរណ៍តាមរយៈការបង្កើនអនាម័យគ្រប់ទីកន្លែង គ្រប់គ្រងចាត់ចែងប្រមូលសំរាមឱ្យបានទាន់ពេលវេលា បង្កើនការដាំដើមឈើ និងសួនច្បារសាធារណៈ លើកទឹកចិត្តការបង្កើតតំបន់ទេសចរណ៍កែច្នៃ និងត្រូវរៀបចំប្លង់នគរូបនីយកម្មឱ្យបានត្រឹមត្រូវ ពិសេសការផ្ដល់សិទ្ធិសាងសង់សំណង់អគារផ្សេងៗដោយផ្ដោតលើការរៀបចំប្រព័ន្ធរំដោះទឹក និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូ ដូចជាសង្គមស៊ិវិល និងរាជធានី ឬក្រុងសម្ព័ន្ធមេត្រីភាព ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព និងនិរន្តរភាព។ 

ពីវេធិការអធិបតីនេះដែរ សម្ដេចក្រឡាហោម ស ខេង បានបន្តមានប្រសាសន៍គូសបញ្ជាក់អំពីការប្រព្រឹត្តទៅនៃកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសការកែសម្រួលរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងស្រុកខណ្ឌដែលទើបតែដាក់ឱ្យអនុវត្តកាលពីពេលថ្មីៗនេះ។ ក្នុងនោះសម្ដេចបានណែនាំក្រុមប្រឹក្សា និងរដ្ឋបាលរាជធានី ព្រមទាំងក្រុមការងារចុះមូលដ្ឋាន ត្រូវបន្តចូលរួមផ្ដល់ការគាំទ្រ និងជួយជ្រោមជ្រែងឱ្យរដ្ឋបាលខណ្ឌកាន់តែមានលទ្ធភាពក្នុងការអនុវត្តតួនាទី និងភារកិច្ចបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ 

បន្ថែមពីនេះសម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍អំពីការផ្ទេរមុខងារគ្រប់គ្រងសុខាភិបាលមកឱ្យរដ្ឋបាលរាជធានីខេត្ត ការអនុវត្តសាកល្បងផ្ទេរការគ្រប់គ្រងមត្តេយ្យសិក្សា និងបឋមសិក្សា ក្នុង និងក្រៅប្រព័ន្ធពីក្រសួងអប់រំមកឱ្យរដ្ឋបាលក្រុងស្រុកនៅខេត្តបាត់ដំបង មុនពេលអនុវត្តជាទូទៅ ការបង្កើតច្រកចេញចូលតែមួយ និងបង្កើនវិស័យសេវានៅច្រកឱ្យត្រូវតាមស្ថានភាពជាក់ស្ដែងក្នុងមូលដ្ឋាន ដែលយន្តការច្រកចេញចូលតែមួយនេះ សម្ដេចអះអាងថាកំពុងទទួលបានការគាំទ្រ និងពេញចិត្តពីប្រជាពលរដ្ឋ និងបណ្ដាដៃគូអភិវឌ្ឍន៍នានា។ 


ក្នុងបរិបទនៃកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនេះដែរ សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍អំពីរបៀបរបបការងារដែលត្រូវបានកែសម្រួលមួយចំនួន ក្នុងនោះពាក់ព័ន្ធនឹងទំនាក់ទំនងរវាងក្រុមប្រឹក្សា និងគណៈអភិបាល ការតែងតាំង និងការប្រើប្រាស់សិទ្ធិអំណាច និងធនធាន របស់មន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ កិច្ចសហការ និងការងាររបស់ក្រុមការងារចុះមូលដ្ឋាន និងការពង្រាយមន្ត្រីពីថ្នាក់ជាតិឱ្យចុះទៅបំពេញការងារនៅថ្នាក់មូលដ្ឋាន។ 

មុននឹងបញ្ចប់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្ដែងសេចក្ដីសង្ឃឹមជឿជាក់ថាឯកឧត្តមលោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់នៃរាជធានីភ្នំពេញ និងពង្រឹងការប្ដេជ្ញាចិត្តរួមគ្នាអនុវត្តឱ្យបានសម្រេចនូវទិសដៅការងារឆ្នាំ២០២០ ដើម្បីបំរើផលប្រយោជន៍ជាតិ និងប្រជាជននៃរាជធានីភ្នំពេញទាំងមូល៕

 

អត្ថបទដែលជាប់ទាក់ទង