ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញទទួលបដិសណ្ឋារកិច្ចសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីបិទសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០របស់ក្រសួងមហាផ្ទៃ

នៅរសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញទទួលបដិសណ្ឋារកិច្ចសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ដែលអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីបិទសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០របស់ក្រសួងមហាផ្ទៃ ប្រារព្ធនៅទីស្ដីការក្រសួង។

ជាកិច្ចចាប់ផ្ដើមនៃពិធីបទសន្និបាត សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញថ្លែងរបាយការណ៍ស្វាគមន៍ជូនសម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល និងសមាជិកសមាជិការនៃអង្គពិធីទាំងមូល ដោយជាបឋម សម្ដេចបានសម្ដែងសេចក្ដីគាវរកិច្ចអរគុណសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានឆ្លៀតឱកាសអញ្ជើញជាអធិបតីនៃពិធីបិទសន្និបាតក្រសួងមហាផ្ទៃនាឱកាសនេះ។

សម្ដេចក្រឡាហោមបានមានប្រសាសន៍ថាសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០នៃក្រសួងមហាផ្ទៃ បានប្រព្រឹត្តទៅរយៈពេល២ថ្ងៃដោយមានការអញ្ចើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ តំណាងក្រសួងស្ថាប័ននានានៃរាជរដ្ឋាភិបាលកម្ពុជា ប្រធានក្រុមប្រឹក្សា អភិបាលរជធានីខេត្ត នាយនគរបាលជាតិជាន់ខ្ពស់ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និងអង្គភាពប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃ សរុបប្រមាណ៧០០នាក់។

សម្ដេចក្រឡាហោមបានគូសបញ្ជាក់ ថាអង្គសន្និបាតបានពិភាក្សា ដោយបានបែងចែកក្រុមពិភាក្សាចំនួន៩ លើប្រធានបទសំខាន់ៗចំនួន៩ពាក់ព័ន្ធការងារធានារក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការកែសម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនខុសច្បាប់ អំពើជួញដូរមនុស្ស និងផលិតផលក្លែងក្លាយ ការគ្រប់គ្រងជនអន្តោប្រវេសន្ត និងការងារពន្ធនាគារ។

ផ្អែកលើលទ្ធផលនៃការពិភាក្សានោះ សម្ដេចក្រឡហោបានមានប្រសាសន៍ថាអង្គសន្និបាតបានវាយតម្លៃខ្ពស់លើលទ្ធផលការងារដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងឆ្នាំ២០១៩កន្លងទៅដែលពិភពលោក មានស្ថានការណ៍ប្រែប្រួលស្មុគស្មាញប្រកបដោយការផ្លាស់ប្ដូរយ៉ាងជ្រាលជ្រៅពិបាកប៉ានស្មាន ហើយក្រុមប្រឆាំងជ្រុលនិយមបានព្យាយាមធ្វើសកម្មភាពប៉ុនប៉ងបង្កឱ្យមានចលាចលក្នុងសង្គម ប៉ុនប៉ងធ្វើរដ្ឋប្រហារ និងផ្លាស់ប្ដូររបបនយោបាយនៅកម្ពុជា។

អាស្រ័យដោយឆន្ទះ និងការតាំងចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ និងមានការគាំទ្រការចូលរួមពីក្រសួងស្ថានប័ន កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់មូលដ្ឋាននោះ សម្ដេចបានមានប្រសាសន៍ថាឧបាយកល និងផែនការអាក្រក់របស់ក្រុមប្រឆាំងជ្រុលនិយមត្រូវបរាជ័យ ហើយកម្ពុជាបានបន្តរក្សានូវសុខន្តិភាព ស្ថេរភាពនយោបាយ សេដ្ឋកិច្ច និងបញ្ចៀសបាននូវផលប៉ះពាល់ដែលកំពុងប្រឈមនៅលើពិភពលោក បង្កបរិយាកាសអំណោយផលដល់ការអភវិឌ្ឍជាតិ។

សម្ដេចក៏បានគូសបញ្ជាក់នូវចំណុចសំខាន់នៃលទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០១៩កន្លងទៅ រួមមានការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបង្ក្រាបបទល្មើសក្នុងសង្គមបានដល់ទៅ៨៩ភាគរយនៃបទល្មើសដែលបានកើតឡើង។ ទន្ទឹមនេះការគ្រប់គ្រងជនអន្តោប្រវេសន្ត និងការងារអត្តសញ្ញាណកម្មក៏ត្រូវបានអនុវត្តទទួលបានលទ្ធផលល្អ ធ្វើឱ្យមានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋ ខណការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក៏បានឈានចូលកាន់តែស៊ីជម្រៅ។

សម្ដេចបានគូសបញ្ជាក់ថា ជាក់ស្ដែងការកែសម្រួលរចនាសម្ព័ន្ធ និងការផ្ទេរមុខងារ ធនធានទៅឱ្យរដ្ឋបាលក្រុងស្រុកខណ្ឌ ការបង្កើនថវិការឃុំសង្កាត់ ការផ្ទេរមុខងារសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានីខេត្ត និងការផ្ទេរការអប់រំកម្រិតមត្តេយ្យដល់បឋមក្នុងនិងក្រៅប្រព័ន្ធទៅឲ្យរដ្ឋបាលក្រុងស្រុកនៃខេត្តបាត់ដំបងអនុវត្តសាកល្បង ក៏ត្រូវបានចាប់ផ្ដើមអនុវត្តយ៉ាងសស្រាក់សស្រាំ ដែលការងារអស់ទាំងនេះ គឺមានៅគោលដៅធ្វើយ៉ាងណាឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្ដល់សេវាសាធារណៈ និងអភិវឌ្ឍន៍មូលដ្ឋានជូនប្រជាពលរដ្ឋ។

ទន្ទឹមនឹងសមិទ្ធផលជាច្រើនទៀតនោះ សម្ដេចក៏បានគូសបញ្ជាក់នៅការងារសេសសល់មួយចំនួនទៀតដែលក្រសួងគប្បីត្រូវយកចិត្តទុកដាក់ដោះស្រាយជាបន្តទៀត ដូចជាការទប់ស្កាត់ឧបាយកលទុច្ចរិតរបស់ក្រមប្រឆាំងជ្រុលនិយម ការគ្រប់គ្រងរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ ការរៀបចំគាំទ្រការកែសម្រួលរចនាសម្ព័ន្ធក្រុងស្រុកខណ្ឌ ការពង្រឹងសមត្ថភាពធនធានមនុស្សថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

បន្ទាប់មកសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថា និងមានមតិណែនាំទៅកាន់អង្គពិធី ដោយជាកិច្ចចាប់ផ្ដើមសម្ដេចបានសម្ដែងការកោតសរសើរចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ កងកម្លាំងនគរបាលជាតិ មន្រ្តីរាជការស៊ីវិល និងរដ្ឋបាលគ្រប់លំដាប់ថ្នាក់នៅថ្នាក់ក្រោមជាតិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម រួមគ្នាពុះពារសម្រេចបាននូវសមិទ្ធផលនានាជាច្រើនជូនជាតិមាតុភូមិ និងប្រជាជន ដោយប្រកាន់ខ្ចាប់នូវសាមគ្គីភាព។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការទប់ស្កាត់ការប៉ុនប៉ងបង្កចលាដល់ប្រទេសជាតិរបស់ក្រុមប្រឆាំងជ្រុលនិយម ការទប់ស្កាត់បង្ក្រាបគ្រឿងញៀន ការការពារបូរណភាពទឹកដី សន្តិសុខសណ្ដាប់ធ្នាប់ និងការអភិវឌ្ឍតាមព្រំដែន ការគ្រប់គ្រងជនអន្តោប្រវេសន្តខុសច្បាប់ ការងារអត្តសញ្ញាណកម្ម ការងារគ្រប់គ្រងរដ្ឋបាលដែនដី ការផ្ដល់សេវាសាធារណៈ ការធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋក្នុងសង្គម និងការងារកំណែទម្រង់គ្រប់វិស័យ ពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការផ្ដល់សេវាសាធាណៈជូនប្រជាពលរដ្ឋ និងការបណ្ដះបណ្ដាលធនធានមនុស្ស។

សម្ដេចនាយករដ្ឋមន្ត្រីក៏បានបង្ហាញការកត់សំគាល់ថាសកលោកបច្ចុប្បន្នកំពុងប្រឈមនឹងបញ្ហាស្មុគស្មាញមួយចំនួន ដូចជាការប្រែប្រួលអាកាសធាតុ អំពើភេវរកម្ម ជនភៀសខ្លួន ឧក្រឹដ្ឋកម្មតាមបច្ចេកវិទ្យាព័ត៌មាន និងការផ្ទុះឡើងនូវមេរោគដ៏គ្រោះថ្នាក់ ដូចជាវីរុសកូរូណាជាដើម។ ទន្ទឹមនឹងនេះសម្ដេចក៏បានគូសបញ្ជាក់ជាំថ្មីទៀតនូវការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ការបំផ្លាញសុខសន្តិភាព ហើយក្នុងនាមប្រមុខរាជរដ្ឋាភិបាលសម្ដេចបានដាក់ចេញគោលដៅសំខាន់ៗចំនួន៤ដើម្បីលើកកម្ពស់ប្រសិទ្ឋិភាពការងារប្រកបដោយស្មារតីទទួលខុសត្រូវសម្រាប់ក្រសួងមហាផ្ទៃ ដែលត្រូវខិតខំពុះពាសម្រេចឱ្យបាន។

ទីមួយសម្ដេចបានណែនាំឱ្យបន្តប្តូរផ្តាច់ការពារ និងថែរក្សាឱ្យបាននូវសុខសន្តិភាព, ឯករាជ្យភាព, អធិបតេយ្យជាតិ និងបូរណភាពទឹកដី, សន្តិសុខសណ្តាប់ធ្នាប់សង្គម និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងលើកស្ទួយនូវសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាពលរដ្ឋ ទីពីរបន្តជំរុញលើកកម្ពស់ដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការធានាឱ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព និងការកសាងភាពសុខដុមរមនាជាមួយគ្រប់ជាតិសាសន៍ នៅក្នុងសង្គមជាតិទាំងមូល។

ទីបីសម្ដេចបានណែនាំឱ្យបន្តអប់រំប្រជាពលរដ្ឋឱ្យយល់ដឹងច្បាស់ពីការអនុវត្ត និងការប្រើប្រាស់សិទ្ធិសេរីភាព តាមរយៈការរួមគ្នាការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមឤស្រ័យរដ្ឋធម្មនុញ្ញ និង ប្រព័ន្ធនយោបាយនៅកម្ពុជា។ ត្រូវពង្រឹងនិង ជំរុញការអនុវត្តច្បាប់ឱ្យបានហ្មឺងម៉ាត់ និងស្មើភាពគ្នា និងទី៤ត្រូវលើកកម្ពស់ប្រសិទ្ធភាពនូវការកែទម្រង់លើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ ស្របតាមបាវចនា «កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ» និងអភិក្រម «ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់»។

បន្ទាប់ពីបានដាក់ចេញនូវអនុសាសន៍ណែនាំនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្តមានប្រសាសន៍សំខាន់ៗជាច្រើនទៀតទៅកាន់អង្គពិធី និងប្រជាពលរដ្ឋ  ដោយក្នុងឱកាសនោះសម្ដេចបានគូសបញ្ជាក់ថាពេលនេះពលរដ្ឋត្រូវការការរក្សាសន្តិសុខសុវត្ថិភាពសម្រាប់ពួកគាត់ មិនមែនត្រូវការអំណោយនោះទេ ហើយសម្រាប់បញ្ហាចរាចរណ៍ត្រូវតែបន្តឹងការផាកពិន័យ និងត្រូវសិក្សាវិសោធនកម្មច្បាប់ដើម្បីរឹតបន្តឹងបន្ថែមទៀត ដែលនេះមិនមែនជាការដាក់ទណ្ឌកម្មពលរដ្ឋទេ ប៉ុន្តែគឺជាការការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោ បានបន្តមានប្រសាសន៍ព្រមានជាមុនថា ចាប់ពីពេលនេះតទៅ សម្ដេចនឹងដកតំណែងអភិបាលរាជធានីខេត្តណាដែលមិនចូលប្រជុំថ្នាក់ក្រុមប្រឹក្សាចំនួន៣ដង ហើយអភិបាលរាជធានីខេត្តក្រុងស្រុកខណ្ឌមិនត្រូវមើលស្រាលប្រធានក្រុមប្រឹក្សានោះឡើយ។ សម្ដេចបានសង្ងន់ទៀតថាពេលនេះមិនមែនជាពេលអន្តរាគមន៍ដើម្បីបានតួនាទីនោះទេ គឺជាពេលមើលប្រសិទ្ធភាពការងារ ហើយថាសម្រាប់សម្ដេច ការដកតំណែងអភិបាលរាជធានីខេត្ត ក្រុងស្រុកខណ្ឌមិនត្រូវការពេលវេលាច្រើននោះទេ ប្រសិនបើបានបំពានច្បាប់ ឬបំពេញការងារដោយរំលោភអំណាច៕

អត្ថបទដែលជាប់ទាក់ទង