ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៩ លើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ

នៅព្រឹកថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំករ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៩ លើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ប្រារព្ធនៅទីស្ដីការក្រសួងមហាផ្ទៃ។

ក្រោមអធិបតីភាពសម្ដេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សន្និបាតនាឱកាសនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំមន្រ្តីរាជការស៊ីវិល និងថ្នាក់ដឹកនាំមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ក្រុមប្រឹក្សារាជធានីខេត្ត គណៈអភិបាលរាជធានីខេត្ត ព្រមទាំងតំណាងក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធ។

អង្គសន្និបាតនឹងពិនិត្យ វាយតម្លៃលើលទ្ធផល បទពិសោធន៍ និងបញ្ហាប្រឈមនានា ជុំវិញការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ រួមទាំងអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនាឱកាសបិទសន្និបាតកាលពីឆ្នាំកន្លងទៅ និងកំណត់ទិសដៅការងារឆ្នាំ២០២០ ព្រមទាំងប្រកាសលទ្ធផលចលនាប្រឡងប្រណាំង អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

អញ្ជើញថ្លែងសុន្ទរកថាទៅកាន់អង្គសន្និបាតនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល កងកម្លាំនគរបាល អាជ្ញាធរថ្នាក់ក្រោមជាតិ ក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមយ៉ាងសកម្ម បំពេញតួនាទីភារកិច្ច និងផ្ដល់កិច្ចសហការ ធ្វើឱ្យក្រសួងមហាផ្ទៃសម្រេចបានសមិទ្ធផលជាច្រើនក្នុងរយៈពេលមួយឆ្នាំកន្លងទៅ។

សម្រាប់ឆ្នាំ២០១៩កន្លងទៅ សម្ដេចបានបង្ហាញការកត់សំគាល់ថា នៅពេលភាពការណ៍ពិភពលោកកាន់តែមានភាពស្មគស្មាញ កម្ពុជាក៏ទទួលរងឥទ្ធិពលមួយចំនួនពីការប្រជែងរវាងប្រទេសមហាអំណាច។ នៅក្នុងប្រទេសក៏បន្តកើតមាននូវក្រុមប្រឆាំងជ្រុលនិយមព្យាយាមធ្វើសកម្មភាពប៉ុនប៉ងបង្កចលាចលក្នុងសង្គម និងរៀបចំផែនការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងរបបរាជានិយម។

យ៉ាងណាក៏ដោយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល មានសម្ដេចតេជោជាប្រមុខ និងមានការគាំទ្រចូលរួមយ៉ាងសកម្មពីកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការស៊ីវិល អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រជាជន សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថាយើងបានរួមគ្នាបំផ្លាញឱ្យបរាជ័យទាំងស្រុងនូវឧបាយកល និងផែនការប្រកបដោយគ្រោះថ្នាក់នេះរបស់ក្រុមប្រឆាំងជ្រុលនិយម។

នៅពេលដែលផែនការនេះបានបរាជ័យទាំងស្រុងនោះ សម្ដេចបានមានប្រសាសន៍ថាយើងក៏បានបន្តរួមគ្នាការពារប្រព័ន្ធគ្រប់គ្រងប្រទេសតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងធានារក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ បន្តជំរុញដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឱ្យរីកចំរើនគ្រប់វិស័យ។

នៅឆ្នាំ២០១៩កន្លងទៅ សម្ដេចក៏បានមានប្រសាសន៍ថាកងកម្លាំងនគរបាលបានរួមគ្នាទប់ស្កាត់បញ្ហានានាក្នុងសង្គមកាន់តែមានប្រសិទ្ធភាព ជាក់ស្ដែងថ្វីដ្បិតបទល្មើសព្រហ្មទណ្ឌមានការកើនឡើង៨ភាគរយដោយសារការហូរចូលនៃជនបរទេសនាំមកនូវបទល្មើសមួយចំនួនក្ដី ក៏កងកម្លាំងនគរបាលជាតិបានប្រឹងប្រែងបង្ក្រាបរហូតបាន៨៩ភាគរយនៃបទល្មើស ដែលកើតមានឡើង ដែលជាត្រាខ្ពស់ជាងឆ្នាំ២០១៨។

ជាមួយគ្នានេះសម្ដេចបន្តថាបទល្មើសលួចមានស្ថានទំងន់ទោស រំលោភសម្លាប់ ហិង្សាដោយចេទនា ឆបាក ការប្រើប្រាស់អាវុធខុសច្បាប់ ក៏មានការថយចុះគួរឱ្យកត់សំគាល់ ហើយវិធានការណ៍បង្ក្រាបបទល្មើសគ្រឿងញៀនក៏ត្រូវពង្រឹងការអនុវត្តយ៉ាងផុលផុសតាម ផែនការនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤របស់រាជរដ្ឋាភិបាល។

ដោយឡែកការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ បទល្មើសសេដ្ឋកិច្ចគ្រប់ភេទ ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងវិធានការបង្កាទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ គ្រោះអគ្គីភ័យ និងអាវុធជាតិផ្ទុះ ក៏ត្រូវបានមន្រ្តីខិតខំអនុវត្តយ៉ាងសស្រាក់សស្រាំ ដោយទទួលបានការគាំទ្រ និងការចូលរួមកាន់តែច្រើនពីសាធារណៈជន។

ពាក់ព័ន្ធនឹងស្ថានភាពចរាចរណ៍ សម្ដេចបានទាញចំណាប់អារម្មណ៍អង្គសន្និបាតថានៅឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍បានកើនឡើងយ៉ាងគំហុក និងប្រកបដោយក្ដីព្រួយបារម្ភប្រសិនបើកំណើននេះមិនថមថយ ឬយើងមិនបានចាត់វិធានការ។ យ៉ាងណាចុងក្រោយនេះ សម្ដេចកត់សំគាល់ថានៅក្នុងខែកុម្ភះ គ្រោះថ្នាក់បានថយចុះយ៉ាងគំហុកបើធៀបខែមករាឆ្នាំ២០២០ ដែលទាមទារឱ្យរកមូលហេតុបន្ថែម ក្រៅតែពីការចាប់ផ្ដើមពង្រឹងការអនុវត្តច្បាប់។

ដោយឡែកពាក់ព័ន្ធនឹងការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាការខិតខំបំពេញភារកិច្ចលើការងារនេះនឹងកាន់តែទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ជាពិសេសបន្ទាប់ពីយើងបានបញ្ចប់យុទ្ធនាការដកហូរឯសាររដ្ឋបាលមិនប្រក្រតីដែលកាន់កាប់ និងប្រើប្រាស់ដោយជនបរទេស ហើយទន្ទឹមនឹងនេះការគ្រប់គ្រងការឆ្លងកាត់តាមច្រកទ្វារនានាក៏ត្រូវតែបន្តពង្រឹងឲ្យមានប្រសិទ្ធភាពបន្ថែមទៀតដែរ។

ចំពោះការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅឆ្នាំ២០១៩កន្លងទៅ សម្ដេចបានគូសបញ្ជាក់ពីការកែសម្រួលរចនាសម្ព័ន្ធប្រព័ន្ធគ្រប់គ្រងថ្នាក់ក្រុងស្រុកខណ្ឌ តាមរយៈការដាក់ចេញអនុក្រឹត្យចំនួន៣ ដែលជាការឆ្លុះបញ្ចាំងពីប្រព័ន្ធ និងរចនាសម្ព័ន្ធគ្រប់គ្រងមិនដូចគ្នាទាំងស្រុងរវាងក្រុងស្រកខណ្ឌ ដោយបានភ្ជាប់ជាមួយមុខងារចំនួន៥៥ និងមុខងាររងចំនួន១៦២ ទៅឲ្យរដ្ឋបាលក្រុងស្រុកខណ្ឌ។

ជាមួយគ្នានេះ សម្ដេចបានបន្តថារាជរដ្ឋាភិបាល ក៏បានសម្រេចផ្ទេរមុខងារផ្ដល់សេវាសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានីខេត្ត និងបានផ្ទេរធនធានហិរញ្ញវត្ថុផ្នែកអភិវឌ្ឍន៍ដល់រដ្ឋបាលឃុំសង្កាត់ចាប់ពីឆ្នាំ២០២០ ឱ្យមានការកើនឡើទ្វេដង ប្រៀបធៀបនឹងឆ្នាំ២០១៩ ហើយធនធានហិរញ្ញវត្ថុផ្នែកអភិវឌ្ឍន៍នេះ នឹងត្រូវបង្កើនជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ២០២៣។

ដោយឡែកក្រសួងមហាផ្ទៃក៏បានខិតខំពង្រឹងការងារពន្ធនាគារស្របពេលដែលមានការកើនឡើងនូវចំនួនអ្នកជាប់ឃុំក្រោមយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ និងបានខិតខំពង្រឹងការអនុវត្តកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ការបណ្ដុះបណ្ដាល កសាងសមត្ថភាពធនធានមនុស្សទាំងផ្នែករដ្ឋបាលស៊ីវិល និងនគរបាលជាតិ លើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិ និងប្រទេសនានា។

ពាក់ព័ន្ធនឹងបញ្ហាពន្ធនាគារ សម្ដេចបានមានប្រសាសន៍ថាយើងមានកិច្ចការច្រើនត្រូវធ្វើ ដែលការងារនេះមានការពាក់ព័ន្ធនឹងស្ថាប័នផ្សេងទៀត ដូចជាក្រសួងយត្តិធម៌ ស្ថាប័នតុលាការ ដូចយ៉ាងបញ្ហាអ្នកទោសជាស្រ្តី អ្នកទោសគ្រឿងញៀន។ ចំពោះបញ្ហាគ្រឿងញៀន សម្ដេចក៏បានណែនាំឲ្យទប់ស្កាត់ឱ្យបានការវិលត្រឡប់មកមានគ្រឿងញៀននៅតាមទីតាំងកំសាន្តធំៗដែលយើងបានបង្ក្រាប ហើយត្រូវបន្តតាមដានបង្ក្រាបករណីតូចតាចរាយប៉ាយបន្តទៀត។

ចំពោះកិច្ចសហការជាមួយសង្គមស៊ីវិល សម្ដេចបានមានប្រសាសន៍អំពីច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដោយបានរំលឹកថាសម្ដេចបានដឹកនាំការផ្ដួចផ្ដើមបង្កើតច្បាប់នេះតាំងពីឆ្នាំ១៩៩៥មកម្លេះ ទម្រាំកើតចេញនៅឆ្នាំ២០១៥ ដូច្នេះតំណាងសង្គមស៊ីវិលគួរតែយល់ ហើយរាល់សំណើរផ្សេងៗសូមពិភាក្សាដោយមានហេតុផលជាក់លាក់ ដោយរាជរដ្ឋាភិបាលនៅតែចាត់ទុកសង្គមស៊ីវិលជាដៃគូជានិច្ច។

មុននឹងបញ្ចប់ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃបានឯកភាពកំណត់យកទិសដៅការងារ និងបញ្ហាប្រឈមចំបងៗរៀបចំជាប្រធានបទសម្រាប់កិច្ចពិភាក្សានាឱកាសសន្និបាតនេះ ហើយក្នុងនាមរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងក្នុងនាមសម្ដេចផ្ទាល់ សម្ដេចសង្ឃឹមជឿជាក់ថាអង្គសន្និបាតនឹងផ្ដល់ការគាំទ្រ ចូលរួមខិតខំអស់កម្លាំងប្រាជ្ញាស្មារតី ដើម្បីជាមូលដ្ឋានក្នុងការកំណត់ទិសដៅការងារឆ្នាំ២០២០ឱ្យកាន់តែមានប្រសិទ្ធភាព។

សូមបញ្ជាក់ថាបន្ទាប់ពីសម្ដេចក្រឡាហោម ស ខេង ប្រកាសបើកនាថ្ងៃនេះ សន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៩ លើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ នឹងបន្តធ្វើដល់ថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២០ស្អែក ដោយពិធីបិទសន្និបាទ នឹងត្រូវប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង