ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនឯកឧត្តម Saud F.M Al Suwelim ឯកអគ្គរដ្ឋទូតវិសាមញ្ញ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

នៅរសៀលថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនឯកឧត្តម Saud F.M Al Suwelim ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្ដើមនៃជំនួប សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការស្វាគមន៍ចំពោះវត្តមាននៃការមកបំពេញបេសកកម្មការទូតនៅកម្ពុជារបស់ឯកឧត្តម និងបានបង្ហាញក្ដីជឿជាក់ថាវត្តមានរបស់ឯកឧត្តមនឹងរួមចំណែកដល់ការលើកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចំរើន និងទូលលំទូលាយបន្ថែមទៀត។

សម្ដេចបានមានប្រសាសន៍ថាបើទោះបីរហូតមកដល់ពេលនេះ ប្រទេសទាំងពីរមិនទាន់មានកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនជាមួយគ្នាក៏ពិតមែន ប៉ុន្តែសម្ដេចមានក្ដីសង្ឃឹមថានៅក្នុងពេលវេលាអនាគត ប្រទេសទាំងពីរនឹងអាចរកឃើញវិស័យសម្រាប់បង្កើតកិច្ចសហប្រតិបត្តិការបន្ថែមទៀតដើម្បីបំរើដល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់សង្គមជាតិនៃប្រទេសទាំងពីរ។

សម្ដេចក៏បានថ្លែងអំណរគុណជូនរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ដែលកន្លងមកបានជួយគាំទ្រដល់ការបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា តាមរយៈការផ្ដល់អាហារូបករណ៍ផ្សេងៗ ពោលគឺមិនត្រឹមតែនិស្សិតខ្មែរឥស្លាមប៉ុណ្ណោះទេ និស្សិតផ្សេងទៀតក៏មានឱកាសទទួលបាននូវអាហារូបករណ៍នេះដែរ។

សម្ដេចក៏បានជម្រាបជូនដែរថារាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ខ្ជាប់នូវការខិតខំធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទាំងអស់ បានប្រតិបត្តិតាមជំនឿសាសនារៀងៗខ្លួន និងរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា ហើយរាជរដ្ឋាភិបាលតែងតែជំរុញលើកទឹកចិត្តដល់គ្រប់សាសនាទាំងអស់ចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍សង្គម ទប់ស្កាត់បទល្មើសគ្រឿងញៀន និងបទល្មើសជួញដូរមនុស្សជាដើម។

ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានមានប្រសាសន៍ជម្រាបសម្ដេចក្រឡាហោម ស ខេង ដោយបានសម្ដែងការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់ឱកាសជូនពលរដ្ឋបានប្រតិបត្តិតាមជំនឿសាសនារៀងៗខ្លួន ដែលឯកឧត្តមចាត់ទុកថានេះហើយគឺជាប្រជាធិបតេយ្យពិតប្រាកដ និងសូមកោតសរសើរកម្ពុជាដែលបានការពារយ៉ាងរឹងមាំនូវសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

ឯកឧត្តមក៏បានជម្រាបសម្ដេចដែរថារាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត មានគោលនយោបាយប្រឆាំងដាច់ខាតចំពោះអំពើជ្រុលនិយម ឬភេវរកម្ម និងបានជួយជ្រោមជ្រែងក្នុងកិច្ចការប្រឆាំងអំពើទាំងនេះ រហូតដល់មានការគាំទ្រពីអង្គការសហប្រជាជាតិ។ ឯកឧត្តមបានបន្ថែមថានៅក្នុងអាណត្តិការទូតនៅកម្ពជា ឯកឧត្តមត្រៀមខ្លួនជានិច្ចក្នុងការពិភាក្សាធ្វើការជាមួយភាគីកម្ពុជា ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ក្នុងនោះក៏មានវិស័យសន្តិសុខដែលស្ថិតក្រោមក្រសួងមហាផ្ទៃដែរ។

ឯកឧត្តមក៏បានបង្ហាញបំណង និងស្នើសម្ដេច ឱ្យមានការបង្កើតឡើងនូវអនុស្សារណៈនៃការយោគយល់គ្នាសម្រាប់កិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃនៃប្រទេសទាំងពីរ និងបានសម្ដែងការស្វាគមន៍ក្នុងការបង្កើតឱ្យមានការផ្លាស់ប្ដូរគណៈប្រតិភូកម្រិតមន្ត្រីជំនាញ និងជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា ជាមួយសមភាគីអារ៉ាប៊ីសាអូឌីត ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ។

ជាការឆ្លើយតបសម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះបំណងដ៏ល្អរបស់ឯកឧត្តមឯកអគ្គរាជទូតដែលចង់បង្កើតឱ្យមានកិច្ចសហប្រតិបត្តិការឱ្យកាន់តែច្រើនបន្ថែមទៀតរវាងប្រទេសទាំងពីរ ពិសេសជាមួយក្រសួងមហាផ្ទៃផ្ទាល់តែម្ដង ដើម្បីបំរើផលប្រយោជន៍ជាតិ និងប្រជាជនប្រទេសទាំងពីរ។

សម្ដេចក្រឡាហោមក៏បានបង្ហាញការឯកភាពដែរថាប្រទេសទាំងពីរ ពិតមានឱកាសបង្កើតកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយជាងនេះបន្ថែមទៀត ពិសេសក្នុងវិស័យសន្តិសុខដែលស្ថិតក្រោមក្រសួងមហាផ្ទៃនៃប្រទេសទាំងពីរផ្ទាល់។ សម្ដេចក៏បានបញ្ជាក់ពីការត្រៀមខ្លួនផ្ដល់ការគាំទ្រ និងសម្របសម្រួលតាមសំណូមពរផ្សេងៗរបស់ស្ថានទូតអារ៉ាប៊ីសាអូឌីតទៅតាមសមត្ថកិច្ចរបស់ក្រសួង និងបានជូនពរឯកឧត្តមទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង