ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារអនុវត្តបន្តឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍

នៅរសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារអនុវត្តបន្តឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រារព្ធនៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្ដើម អង្គពិធីបានស្ដាប់របាយការណ៍របស់ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយឯកឧត្តមអគ្គនាយក បានមានប្រសាសន៍ថាក្រោមករដឹកនាំ និងចង្អុលបង្ហាញដោយផ្ទាល់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅឆ្នាំ២០១៩កន្លងទៅនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ជូនជាតិ និងប្រជាជនកម្ពុជា។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា អនុវត្តតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានពិនិត្យកែសម្រួលច្បាប់ និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធការងារអន្តប្រវេសន៍ ការងារគ្រប់គ្រងច្រកចេញចូលប្រទេស គ្រប់គ្រងការស្នាក់នៅក្នុងប្រទេសកម្ពុជារបស់ជនបរទេស ការស្រាវជ្រាវស៊ើបអង្កេត និងអនុវត្តនីតិវិធី ព្រមទាំងលើកកម្ពស់ស្ថាប័ន សំដៅសម្រេចបានទស្សនវិស័យ រួមចំណែកការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ សន្តិសុខ សុវត្ថិភាពសង្គម និងការអភិវឌ្ឍជាតិ។


បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញមានប្រសាសន៍ទៅកាន់អង្គពិធី ដោយសម្ដេចបានបង្ហាញជំនឿថា ឆ្លងតាមរយៈសន្និបាតនេះ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្នងការ ស្នងការរង និងនាយការិយាល័យជំនាញរាជធានីខេត្ត នឹងពិនិត្យឃើញចំណុចខ្លាំង ចំណុចខ្សោយ ព្រមទាំងបទពិសោធន៍នៃការអនុវត្តភារកិច្ចរយៈពេលមួយឆ្នាំកន្លងទៅ ហើយនាំគ្នាខិតខំបន្តទៀតដើម្បីលើកកម្ពស់ការងារអន្តោប្រវេសន៍ឲ្យទទួលបានលទ្ធផលកាន់តែប្រសើរ តាមផែនការយុទ្ធសាស្ត្ររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។

សម្ដេចក្រឡាហោមបានមានប្រសាសន៍ថាការងារអន្តោប្រវេសន៍ ជាការងារមួយស្ថិតក្នុងចំណោមកិច្ចការសំខាន់ៗរបស់ជាតិ ហើយការងារនេះមានការពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការរក្សាការពារសន្តិសុខជាតិ និងសុវត្ថិភាពសង្គម ដែលក្រសួងមហាផ្ទៃមានភារកិច្ចទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល និងប្រទេសជាតិទាំងមូល ខណៈការងារអន្តោប្រវេសន៍នេះ ក៏មានឥទ្ធិលពលដល់ការអនុវត្តគោលនយោបាយសំខាន់ៗរបស់ប្រទេសជាតិដែរ ដូចជាគោលនយោបាយការបរទេស គោលនយោបាយទាក់ទាញទេសចរណ៍ ការវិនិយោគ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាដើម។ ព្រោះតែហេតុដូចបានបញ្ជាក់នេះហើយទើបសម្ដេច បានសង្កត់ធ្ងន់ថាជានិច្ចជាកាល រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ពិសេសសម្ដេចផ្ទាល់ តែងតែតាមដាន និងលើកទឹកចិត្ត ដើម្បីចង្អុលដឹកនាំដល់ការងារនេះ។

សម្ដេចបានបន្ថែមថារហូតដល់បច្ចុប្បន្ន សភាពការណ៍ពិភពលោក គ្មានប្រទេសណាមួយអាចស្ថិតនៅតែឯង ឬគ្មានទំនាក់ទំនងជាមួយប្រទេសដទៃនោះឡើយ ហើយក៏គ្មានប្រទេសណាមួយដែលគ្មានជនបរទេសចេញចូល និងស្នាក់នៅនៅះដែរ ដោយពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនជនបរទេសចេញចូលប្រទេសបានកើនឡើងជាលំដាប់។

សម្ដេចបានមានប្រសាសន៍ថាប្រវត្តិសាស្ត្រកម្ពុជា បានបង្ហាញថាជនបរទេសបានចូលប្រទេសកម្ពុជាកើនឡើងច្រើនកាលពីអំឡុងទស្សវត្សឆ្នាំ៥០ និង៦០ និងថមថយទៅវិញដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍ ហើយបន្ទាប់មក ក៏មានការវិលមកវិញនៅក្រោយថ្ងៃរំដោះ៧មករា។ នៅឆ្នាំ២០១៩កន្លងទៅ សម្ដេចបានមានប្រសាសន៍ថាកម្ពុជា បានទទួលជនបរទេសពិសេសភ្ញៀវទេសចរណ៍ សរុបប្រមាណ៦លាន៣សែននាក់ ក្នុងកំណើនជាង៦ភាគរយ ទោះបីសភាពការណ៍សន្តិសុខពិភពលោកមានភាពស្មុគស្មាញ និងជះឥទ្ធិពលដល់អ្នកដំណើរអន្តរជាតិក៏ដោយ។

សម្ដេចបានបន្ថែមទៀតថាក្នុងចំណោមជនបរទេសជាង៦លាននាក់នោះ ជនបរទេសជាភ្ញៀវទេសចរណ៍មានការធ្លាក់ចុះបន្តិច ប៉ុន្តែចំនួនអ្នកវិនិយោគ និងស្វែងរកការងារធ្វើពីបរទេសមានការកើនឡើង ខណៈពលរដ្ឋខ្មែរធ្វើដំណើរចេញទៅក្រៅប្រទេសនៅតែបន្តកើនឡើង ដែលបង្ហាញថាជីវភាពសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋកម្ពុជា នៅតែមានការកើនឡើងល្អប្រសើរ។ ដោយឡែកពលករខ្មែរខុសច្បាប់ដែលអាជ្ញាធរបរទេសបញ្ជូនមកវិញ ក៏មានការធ្លាក់ចុះបើធៀបនឹងឆ្នាំ២០១៩ ដោយសាររាជរដ្ឋាភិបាលបានជំរុញការផ្សព្វផ្សាយអប់រំអំពីហានីភ័យនៃការចេញទៅធ្វើការខុសច្បាប់ និងជំរុញការចេញទៅក្រៅប្រទេសស្របច្បាប់។

ដោយឡែកជនបរទេស ដែលបានប្រព្រឹត្តបទល្មើសនៅកម្ពុជា ត្រូវបានសម្ដេចក្រឡហោម ស ខេង គូសបញ្ជាក់ថាអាជ្ញាធរពាក់ព័ន្ធ ក្នុងនោះក៏មានកងកម្លាំងនគរបាលអន្តោប្រវេសន៍ បានចូលរួមទប់ស្កាត់ បង្ក្រាប និងដោះស្រាយយ៉ាងមានប្រសិទ្ធភាព។ ជាថ្មីម្ដងទៀតសម្ដេចបានថ្លែងការកោតសរសើរថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការងារអស់ទាំងនេះប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។

ក្នុងឆ្នាំ២០១៩កន្លងទៅ សម្ដេចក៏បានកត់សំគាល់អំពីការបញ្ចប់ជាមូលដ្ឋាន នូវការដោះស្រាយបញ្ហាជនបរទេសបែបអន្តោប្រវេសន្ត ដែលមកតាំងទីលំនៅរយៈពេលយូរនៅកម្ពុជា ដោយបានបូកសរុប និងបិទឱសានវាទកាលពីខែកក្កដា ឆ្នាំ២០១៩ដោយជោគជ័យ ហើយបាននិងកំពុងដោះស្រាយឯកសារផ្សេងៗទៀតសម្រាប់ការរស់នៅស្របច្បាប់នៃជនបរទេសទាំងនោះ និងការធានាបានការគ្រប់គ្រង និងការចេញចូលប្រទេសរបស់អ្នកដំណើរឆ្លងកាត់ច្រកអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ។

ការងារនេះសម្ដេចបានកោតសរសើរថាសមជាកងកម្លាំងជួរមុខរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការប៉ុនប៉ងជ្រៀតចូលរបស់មុខសញ្ញាមិនល្អគ្រប់ប្រភេទមកក្នុងប្រទេសកម្ពុជា ដែលប្រការនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពសង្គម ប្រឆាំងឧក្រឹដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។

សម្រាប់ឆ្នាំ២០២០ សម្ដេចបានមានប្រសាសន៍ថាសភាពការណ៍ពិភពលោកអាចនឹងមានការប្រែប្រួលពិបាកប៉ានស្មាន អាស្រ័យដោយនិន្នាការបច្ចុប្បន្នមានភាពចំរូងចំរាស់ជាច្រើនរវាងប្រទេសមហាអំណាច និងសម្ព័ន្ធមិត្តធំៗ ដែលនឹងធ្វើឱ្យអំពើភេវរកម្មកាន់តែកើតមាន ធ្វើឲ្យមានចលនាជនភៀសខ្លួន។ យ៉ាងណាក៏ដោយរាជរដ្ឋាភិបាលនូវតែប្រកាន់គោលនយោបាយដ៏ត្រឹមត្រូវរបស់ខ្លួន ដូចដែលបានអនុវត្តកន្លងមក និងនៅតែចូលរួមដើរតួនាទីសំខាន់ៗសម្រាប់ព្រឹត្តិការណ៍អន្តរជាតិធំៗជាបន្តបន្ទាប់ទៀត។

សម្ដេចបានមានប្រសាសន៍ថានៅឆ្នាំ២០២០នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ត្រូវតែបន្តផ្ដោតការយកចិត្តទុកដាក់ពង្រឹងការទប់ស្កាត់ការជ្រៀតចូលពីមុខសញ្ញាគ្រប់ប្រភេទ ដើម្បីចូលរួមធានាសន្តិសុខនៃព្រឹត្តិការណ៍អន្តរជាតិធំៗ និងសន្តិសុខជាទូទៅរបស់ជាតិ។ ក្នុងនាមក្រសួងមហាផ្ទៃ សម្ដេចបានផ្ដល់អនុសាសន៍មួយចំនួនទៅកាន់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដូចជាត្រូវបន្តជំរុញដោះស្រាយបញ្ហាអន្តោប្រវេសន្តនៅសេសសល់ឱ្យបានចប់សព្វគ្រប់តាមគោលការណ៍ដែលបានដាក់ចេញ  និងត្រូវចាត់វិធានការច្បាប់បង្ក្រាបឱ្យបានទាន់ពេលនូវការជ្រៀតចូលមកស្នាក់នៅដោយខុសច្បាប់ដើម្បីបង្កកុំការកើតមានបញ្ហាប្រឈាមជាថ្មីទៀត។

សម្ដេចបានគូសបញ្ជាក់ថា«យើងមិនត្រូវធ្វេសប្រហេសហើយទុកឱកាសឱ្យមានជនបរទេសខុសច្បាប់ជ្រៀតចូលមកស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាទៀតទេ បើមិនដូច្នេះទេបញ្ហាគឺដដែលជាដដែល ប្រសិនបើយើងបើកចំហរ ឬធូររលុងឱ្យមានការចូលមកស្នាក់នៅដោយខុសច្បាប់។ ដូច្នេះជាគោលការណ៍ គឺយើងត្រូវទប់ស្កាត់ មិនថាជនបរទេសណា ឬជនជាតិណាទេ មិនមែនជាការរើសអើងទេ ព្រោះប្រទេសគេក៏ដូចគ្នាដែរ ដើម្បីការពារប្រទេសគេ ដែលតាមច្បាប់គឺត្រូវចាប់ ហើយបណ្ដេញចេញ»។

សម្ដេចក៏បានជំរុញការអនុវត្តនីតិវិធីផ្ដល់ឯកសារស្នាក់នៅស្របច្បាប់ដល់ជនអន្តោប្រវេសន្តទៅតាមច្បាប់ និងគោលការណ៍កំណត់ ហើយសម្រាប់អ្នកដែលបានបង្ហាញឯកសារមិនប្រក្រតី មន្ត្រីត្រូវដោះស្រាយឱ្យបានចប់សព្វគ្រប់។ ជាមួយគ្នានេះសម្ដេចបានណែនាំឲ្យស្នងការដ្ឋានរាជធានីខេត្តគ្រប់គ្រងជនបរទេសគ្រប់ប្រភេទឱ្យបានច្បាស់លាស់ ហើយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏ត្រូវពង្រឹងសមត្ថភាព និងតួនាទីរបស់មន្ត្រីត្រួតពិនិត្យនៅតាមច្រកទ្វារ ដើម្បីពង្រឹងការទប់ស្កាត់លំហូរជនបរទេសជាមុខសញ្ញា ឬជនដែលចូលក្នុងបញ្ជីខ្មៅ។

សម្ដេចក៏បានបង្ហាញការលើកទឹកចិត្តមន្ត្រីធ្វើការតាមច្រកទ្វារ បន្តផ្ដល់ស្នាមញញឹមដល់ភ្ញៀវបរទេស និងបំរើសេវាត្រួតពិនិត្យការឆ្លងកាត់ឱ្យបានល្អ និងត្រូវចៀសវាងការប្រើប្រាស់សកម្មភាពអ្វីដែលមិនសមរ្យនៅតាមច្រកទ្វារ ដែលចំណុចនេះ គឺជាកិច្ចការដ៏សំខាន់មួយដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ឱ្យបានកាន់តែច្រើន ហើយតំណាលគ្នានេះ មន្ត្រីនគរបាល និងអាជ្ញាធរទាំងអស់ ត្រូវធានាសុវត្ថិភាពដល់ភ្ញៀវទេសចរណ៍ឱ្យបានល្អប្រសើរ និងក្ដាប់ឱ្យបាននូវវត្តមានជនបរទេសក្នុងប្រទេស ដើម្បីធានាការស្រាវជ្រាវស្វែងរកនៅពេលមានបញ្ហាអ្វីមួយកើតឡើង។

សម្ដេចក៏បានណែនាំអគ្គនាយកដ្ឋានបន្តពង្រឹងការងារអធិការកិច្ចជនបរទេសដែលចូលមកធ្វើការនៅប្រទេសកម្ពុជា ដើម្បីធានាថាពួកគេបានអនុវត្តត្រឹមត្រូវតាមច្បាប់អន្តោប្រវេសន៍ និងច្បាប់ស្ដីពីការងារ ម្យ៉ាងដើម្បីរកចំណូលចូលថវិកាជាតិ និងធានាការផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងប្រទេស។ សម្ដេចបានបន្ថែមថា«យើងខិតខំធ្វើយ៉ាងម៉េច ដើម្បីរៀបចំការិយាល័យច្រកចេញចូលតែមួយសម្រាប់ការផ្ដល់ទិដ្ឋាការស្នាក់នៅ និងបណ្ណការងារសម្រាប់ជនបរទេស ដើម្បីយើងក្ដាប់បាននូវការងារនេះ ពីព្រោះច្បាប់ការងារបានកំណត់ចំនួនជនបរទេសចូលមកធ្វើការនៅក្នុងប្រទេសក្នុងអត្រាមួយ ដើម្បីទុកលទ្ធភាពទទួលបានការងារដល់ពលរដ្ឋយើង»។

សម្ដេចក្រឡាហោម ក៏បានស្នើគ្រប់គ្រងឱ្យបានល្អការងារពាក់ព័ន្ធជនភៀសខ្លួន ការបណ្ដុះបណ្ដាលជំនាញ និងការសិក្សាស្រាវជ្រាវ ពង្រឹងការងារទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បង្កើនសកម្មភាពស្រាវជ្រាវបោសសំអាតដោះស្រាយបាតុភាពអវិជ្ជមាននានាបង្កឡើងជនបរទេស ផ្ដល់ការលើកទឹកចិត្តមន្ត្រីល្អ និងដាក់ពិន័យមមន្ត្រីខិលខូច និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងផ្សេងៗ ជាក់ស្ដែងដូចករណីវ៉ីរុសកូរូណានាពេលថ្មីៗនេះ៕

អត្ថបទដែលជាប់ទាក់ទង