ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីប្រគល់រថយន្តជូនស្នងការដ្ឋាននគរបាលរាជធានីខេត្ត

នៅព្រឹកថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំករ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីប្រគល់រថយន្តជូនស្នងការដ្ឋាននគរបាលរាជធានីខេត្ត ប្រារព្ធនៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្ដើមឯកឧត្តមនាយឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនៃអគ្គស្ននងការដ្ឋាននគរបាលជាតិ បានថ្លែងរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីទាំងមូល អំពីស្នាដៃលេចធ្លោរបស់កងកម្លាំងនគរបាលជាតិទូទាំងប្រទេស ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសង្គម ព្រមទាំងការងារសង្គ្រោះ និងកិច្ចការមនុស្សធម៌ជាច្រើនជូនសង្គមជាតិ។

បន្ទាប់មកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញមានប្រសាសន៍ទៅកាន់អង្គពិធី ដោយជាកិច្ចចាប់ផ្ដើមសម្ដេចបានសម្ដែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរហូតសម្រេចបានសមិទ្ធផលធំៗជាច្រើន ទោះបីជាមិនបានល្អឥតខ្ចោះ ប៉ុន្តែមានបញ្ហាធំៗជាច្រើនដែលយើងបានរួមគ្នាដោះស្រាយដើម្បីសុខសន្តិភាពស្ថេរភាពជាតិ បង្កលក្ខណៈសម្បត្តិជូនពលរដ្ឋរស់នៅប្រកបរបរទទួលទានបានយ៉ាងល្អប្រសើរ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ជាក់ស្ដែងការកំណត់លុបលំបាត់ការចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមទីតាំងកំសាន្តពេលរាត្រី ពិសេសទីតាំងធំៗនៅក្នុងរាជធានីភ្នំពេញ យើងបានធ្វើឲ្យសម្រេចតាមបំណង ថ្វីដ្បិតតែការចែកចាយ និងប្រើប្រាស់ទ្រង់ទ្រាយតូចៗនៅមានទៀតក៏ដោយ។ សម្ដេចបានមានប្រសាសន៍ដាស់តឿនថ្នាក់ដឹកនាំ និងមន្រ្តីមិនត្រូវបណ្ដែតបណ្ដោយឲ្យបញ្ហាគ្រឿងញៀននៅតាមទីតាំងកំសាន្តពេលរាត្រីវិលត្រឡប់មកវិញបានឡើយ។

ពាក់ព័ន្ធនឹងការប៉ុនប៉ងដើម្បីបំផ្លាញសន្តិភាព ការប៉ុនប៉ងដើម្បីបំផ្លាញភាពអនុគ្រោះពន្ធ EBA ជាដើម សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាទាំងនេះគឺជាសកម្មភាពខុសពីគោលបំណង និងផលប្រយោជន៍ប្រជាពលរដ្ឋ ដូច្នេះសកម្មភាពនៃផែនការអាក្រក់នេះមិនអាចធ្វើទៅបានឡើយ ដោយសារមានការទប់ស្កាត់ពីអាជ្ញាធរ និងមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋដែលគាត់បានយល់យ៉ាងច្បាស់ពីផលវិបាកនៃការបំផ្លាញសុខសន្តិភាព និងផលប្រយោជន៍ជាតិ។

សម្ដេចបានសង្កត់ធ្ងន់ថាអ្នកនយោបាយ ដែលមិនយកផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ ហើយប្រឹងប្រែងគៀងគរសំឡេងគាំទ្រពីខាងក្រៅ និងខាងក្នុងដើម្បីបំផ្លាញជាតិ គឺបានទទួលបរាជ័យ ហើយថាសម្រាប់រាជរដ្ឋាភិបាល សម្ដេចបានមានប្រសាសន៍ថារាជរដ្ឋាភិបាល និងយើងទាំងអស់គ្នាត្រូវបន្តខិតខំរួមគ្នាកសាង និងអភិវឌ្ឍន៍ជាតិ ការពារផលប្រយោជន៍ប្រជាពលរដ្ឋជាបន្តទៀត ដើម្បីសេចក្ដីសុខរបស់ពួកគាត់ និងអនាគតដ៏ត្រចាស់ត្រចង់របស់ជាតិ។

ពីវេទិការអធិបតីនេះដែរ សម្ដេចក្រឡាហោម ស ខេង បានបង្ហាញជំនឿជឿជាក់ថាភារកិច្ចដ៏ធ្ងន់ធ្ងរ និងសំខាន់ៗរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងកងកម្លាំងនគរបាល គឺបន្តរួមចំណែកជាតួអង្គសំខាន់នៅក្នុងការធ្វើឲ្យសម្រេចបាននូវកិច្ចការធំៗរបស់ជាតិនៅឆ្នាំ២០២០បន្តទៀត ដូចយ៉ាការរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំមេដឹកនាំកំពូលអាស៊ីអឺរ៉ុប ដែលមានវត្តមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលជាច្រើនរូបចូលរួមនៅរាជធានីភ្នំពេញ។

សម្ដេចបានសម្ដែងការគាំទ្រចំពោះទិសដៅ និងការប្ដេជ្ញាចិត្តរបស់ឯកឧត្តមនាយឧត្តមសេនីយអគ្គស្នងការនគរបាលជាតិ ដោយសម្ដេចបានប្រកាសផ្ដល់គាំទ្រ និងជួយជ្រោមជ្រែងគ្រប់លទ្ធភាពតាមតែអាចធ្វើទៅបាន ដើម្បីឱ្យអគ្គស្នងការដ្ឋាននគរបាល ស្នងការដ្ឋាននគរបាល គណៈបញ្ជាការឯកភាពរាជធានីខេត្ត ក្រុងស្រុកខណ្ឌ នៅទូទាំងប្រទេស អាចរួមគ្នាធ្វើសកម្មភាពបានល្អប្រសើរទៅតាមគោលដៅរបស់រាជរដ្ឋាភិបាល និងតម្រូវការរបស់ប្រជាពលរដ្ឋ។

សម្ដេចបានមានប្រសាសន៍ថា ការផ្ដល់រថយន្តជូននៅថ្ងៃនេះ គឺជាផ្នែកមួយនៃការផ្ដល់ការគាំទ្រ ហើយសម្ដេចសូមប្ដេជ្ញាថានឹងបង្កើនការផ្ដល់ជូនរថយន្តនេះឲ្យបានគ្រប់ក្រុងស្រុកខណ្ឌទូទាំងប្រទេស ដោយលើកក្រោយនេះ គឺអាច៣ទៅ៤ខែខាងមុខ នឹងមានការប្រគល់ជូន៥០គ្រឿងទៀត ហើយនៅឆ្នាំ២០២០នេះយ៉ាងហោចណាស់ឱ្យបាន១០០គ្រឿង ឆ្នាំ២០២១បំពាក់បន្ថែម១០០គ្រឿងទៀត ដើម្បីឲ្យបានដល់គ្រប់អធិការដ្ឋានក្រុងស្រុកខណ្ឌតែម្ដង។

នាឱកាសនោះដែរ សម្ដេចបានបង្ហាញទឹកចិត្តកោតសរសើរជាពន់ពេក ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីថ្នាក់ក្រោម ពិសេសនៅតាមបណ្ដាភូមិឃុំនាន ដែលបានតស៊ូប្រឹងប្រែងបំពេញការងារបំរើជាតិ និងប្រជាពលរដ្ឋតាមមូលដ្ឋានក្នុងស្ថានភាព ដែលកន្លងមកយើងមានការខ្វះខាតស្ទើគ្រប់ផ្នែកដែលបំរើឲ្យការងារប្រចាំថ្ងៃ ប៉ុន្តែទីបំផុតយើងបានរួមគ្នាបំពេញការរហូតសម្រេចបានសមិទ្ធផលជាបន្តបន្ទាប់មកដល់បច្ចប្បន្ននេះ។

ជាមួយគ្នានេះ សម្ដេចបានគូសបញ្ជាក់អំពីការលើកសរសើរ និងការដាក់ពិន័យកងកម្លាំង ដើម្បីធានាថានគរបាល បានបំពេញតួនាទីតាមវិជ្ជាជីវៈជានគរបាល និងទទួលបានការលើកទឹកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ពួកគាត់។ សម្ដេចបញ្ជាក់ថានគរបាលបំពេញតាមវិជ្ជាជីវៈជានគរបាល គឺត្រូវស្មោះត្រង់នឹងវិជ្ជាជីវៈដើម្បីបំរើជាតិ បំរើប្រជាពលរដ្ឋ មិនមែនដើម្បីបំរើខ្លួនឯងបក្សពួក និងគ្រួសារនោះទេ មានន័យថាយើងមិនលើកលែងគ្រប់បុគ្គលណាក៏ដោយឱ្យតែធ្វើខុសខ្បាប់។

ជុំវិញប្រធានបទនេះ សម្ដេចបានសង្កត់ធ្ងន់ថា «យើងជានគរបាលជាតិ ពាក្យថានគរបាលជាតិ គឺមិនមែនជានគរបាលក្រុមណាមួយឡើយ ព្រោះនេះគឺជាការចូលរួមចំណែក ដើម្បីកសាងបរិយាកាសយុត្តិធម៌សង្គម»។ ព្រោះតែហេតុដូច្នេះហើយសម្ដេចបានណែនាំថ្នាក់ដឹកនាំនគរបាលត្រូវបែងចែកឲ្យបានច្បាស់លាស់ ចំពោះការលើកសរសើរមន្ត្រីដែលបានបំពេញភារកិច្ចល្អតាមរយៈការតម្លើងសក្ដិ មិនមែនផ្ដល់ត្រឹមលិខិតសរសើរនោះទេ និងត្រូវដាក់ទោស ដាក់ពិន័យចំពោះអ្នកដែលបានប្រព្រឹត្តអំពើខុសឆ្គង។

មុននឹងបញ្ចប់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំអាជ្ញាធររាជធានីខេត្ត និងថ្នាក់ដឹកនាំកងកងកម្លាំងទាំងអស់ ត្រៀមកម្លាំងសរុប ដើម្បីចុះជួយប្រជាពលរដ្ឋនៅក្នុងស្ថានភាពដែលមានការព្យាករណ៍អំពីគ្រោះរាំងស្ងួតនារដូវប្រាំងដែលអាចប្រឈមនឹងការខ្វះខាតទឹក និងបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាសុខភាព និងចៀសវាងការចូលរួមផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ជុំវិញការរាលដាលនៃជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី៕

អត្ថបទដែលជាប់ទាក់ទង