សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អញ្ជើញជាអធិបតីក្នុងពិធី ប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០
នៅព្រឹកថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីនៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ ប្រារព្ធនៅក្រសួងមហាផ្ទៃ។
យោងតាមរបាយការណ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ពេញមួយឆ្នាំ២០១៩កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើត៤១២១លើក បណ្ដាលឲ្យជនរងគ្រោះស្លាប់១៩៨១នាក់ និងរងរបួស៦១៤១នាក់ ដោយគិតជាមធ្យមភាគ គឺក្នុងមួយថ្ងៃមានមនុស្សស្លាប់ ៥.៤នាក់ ហើយភាគច្រើនបានកើតឡើងនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តកណ្តាល និងបានកើនឡើង២៦ភាគរយធៀបនឹងឆ្នាំ២០១៨។
របាយការណ៍ក៏បានឲ្យដឹងពីមូលហេតុបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ រួមមានការបើកបរលើសល្បឿនកំណត់មាន៣៨ភាគរយ មិនគោរពសិទ្ធិ២៣ភាគរយ មិនប្រកាន់ស្តាំ ១៣ភាគរយ វ៉ាជែង៩ភាគរយ ស្រវឹង៥ភាគរយ កត្តាយានយន្ត២ភាគរយ និងងងុយដេក ១ភាគរយ។ ក្នុងចំណោមជនរងគ្រោះស្លាប់១៩៨១នាក់ មានអ្នកជិះម៉ូតូ១៥៤២នាក់ ក្នុងនោះមិនពាក់មួកសុវត្ថិភាពមាន១១៨៦នាក់ ខណៈរថយន្តដឹកកម្មករបានជួបគ្រោះថ្នាក់១៤លើក បណ្តាលឱ្យមនុស្សស្លាប់៥នាក់ និងរងរបួស៣៣៤នាក់។
បន្ទាប់មកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពជាតិចរាចរណ៍ផ្លូវគោក បានអញ្ជើញមានប្រសាសន៍ទៅកាន់អង្គពិធី ដោយជាកិច្ចចាប់ផ្ដើមសម្ដេចបានមានប្រសាសន៍ថា កំណើនប្រជាពលរដ្ឋ និងកំណើនសេដ្ឋកិច្ចជាតិ បានជំរុញឲ្យមានកំណើនយានយន្ត និងការធ្វើដំណើរតាមដងផ្លូវ ស្របពេលដែលស្ថានភាពផ្លូវនៅកម្ពុជាមិនទាន់ឆ្លើយតបទាន់កំណើន ការអនុវត្តច្បាប់ពីសំណាក់អ្ននកបើកបរនៅមានកម្រិត បានធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍បន្តមានកំណើន។
យោងតាមតួលេខគ្រោះថ្នាក់ចរាចរណ៍ ចំនួនអ្នកស្លាប់ អ្នករបួសឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ទាញចំណាប់អារម្មណ៍អង្គពិធីថាតួលេខនេះ គឺដល់កម្រិតប្រកាសអាសន្នហើយ ដោយសារវាមានកំណើនខ្ពស់ពេក។ សម្ដេចបានគូសបញ្ជាក់ថាការមិនប្រកាន់ស្មារតីគោរពច្បាប់ គឺជាមូលហេតធំបំផុតនាំឲ្យមានកំណើនគ្រោះថ្នាក់ចរាចរណ៍ ជាក់ស្ដែងអ្នកបើកបរមួយចំនួនខ្លាចប៉ូលីសជាងខ្លាចច្បាប់ ពោលគឺគោរពច្បាប់តែមុខប៉ូលីស ផុតពីនេះគឺបំពានដោយសេរី។
សម្ដេចឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាតាមការសង្កេតរបស់សម្ដេចពេលធ្វើដំណើរតាមដងផ្លូវ សម្ដេចឃើញថាអ្នកដំណើរតាមម៉ូតូភាគច្រើនស្ទើតែ៩៩ភាគរយបានប្រើប្រាស់មួកសុវត្ថិភាព។ សម្ដេចបានគូសបញ្ជាក់ថានៅភ្នំពេញ សូមមន្ត្រីជំនាញពិនិត្យឲ្យបានហ្មត់ចត់អំពីតួលេខអ្នកស្លាប់ដែលជិះម៉ូតូមិនប្រើមួកសវត្ថិភាព ដោយសារនៅរាជនីនៅតែមានចំនួនច្រើនជាងគេស្របពេលដែលយើងសង្កេតឃើញថាមានអ្នកដំណើរស្ទើតែជិត១០០ភាគរយបានប្រើប្រាស់មួកជាប្រចាំ។
សម្ដេចបានមានប្រសាន៍ថាក្រសួងពាក់ព័ន្ធកំពុងសិក្សាឈានទៅធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងការធ្វើចរាចរណ៍ ដើម្បីបង្កើនការរឹតបន្តឹងការអនុវត្តច្បាប់ និងការផាកពិន័យ ដោយការផាកពិន័យត្រូវរកទីបញ្ចប់ឲ្យឃើញ ជាក់ស្ដែងដូចយុទ្ធនាការផាកពិន័យអ្នកមិនពាក់មូកសុវត្ថិភាពដែលតម្រូវឲ្យរកមួកមកពាក់សិនទើបអនុញ្ញាតឲ្យបន្តដំណើរ ចៀសវាងផាកហើយឲ្យបន្តដំណើរដោយគ្មានមូកសុវត្ថិភាព ឬអាចប្រើវិធានចោះបណ្ណបើកបរដើម្បីសំគាល់កំហុសលើកទី១ លើកទី២ ហើយបើមានលើកទី៣ គឺត្រូវដកយកបណ្ណបើកបរមកទុកតែម្ដង ដើម្បីដកសិទ្ធិបើកបរក្នុងពេលកំណត់តែម្ដង។
សម្ដេចបានសង្កត់ធ្ងន់ទៅកាន់អង្គពិធីថាឆ្នាំ២០២០នេះ សម្ដេចបានកំណត់ជាឆ្នាំរឹតបន្តឹងការអនុវត្តច្បាប់ជាងឆ្នាំណាៗទាំងអស់ ដោយសម្ដេចនឹងស្នើឲ្យចេញលិខិតអំពាវ និងមានការបន្ថែមថាសមត្ថកិច្ចត្រូវតែអនុវត្តច្បាប់ដោយគ្មានការលើកលែង ពីព្រោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដល់កម្រិតប្រកាសអាសន្ន និងមិនអាចយកការយល់យោគធ្វើឲ្យជីវិតមនុស្សស្លាប់កើនឡើងនោះ ហើយប្រសិនបើយើងនៅតែបណ្ដែតបណ្ដោយឲ្យតួលេខអ្នកស្លាប់កើនឡើងដល់៣ខ្ទង់ក្នុងមួយឆ្នាំនោះ គឺមានន័យថាវិធានការរបស់យើងអន់ និងមិនអាចធ្វើបានតាមការប្ដេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិ។
ពាក់ព័ន្ធនឹងយានដ្ឋានគ្មានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ និងគ្មានច្បាប់អនុញ្ញាត សម្ដេចបានមានប្រសាសន៍ណែនាំឲ្យក្រសួងសាធារណៈការ និងដឹកញ្ជូនរៀបចំបញ្ជីឈ្មោះយានដ្ឋានទាំងអស់នោះ មកស្នងការនគរបាលរាជធានីខេត្ត ដោយមិនត្រូវអនុញ្ញាតឲ្យបន្តអាជីវកម្មទាំងខុសច្បាប់នោះទេ ពីព្រោះកំហុសនេះជាហេតុផលមួយនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សស្លាប់ និងរបួស។ សម្ដេចក៏បានចោទសួរមន្ត្រីពាក់ព័ន្ធថាតើហេតុអ្វីយានយន្តមិនគ្រប់លក្ខណៈបច្ចេកទេសប៉ុន្តែបែរជាមានលិខិតស្នាមអនុញ្ញាត ដោយសម្ដេចបានណែនាំឲ្យពិនិត្យឈានទៅបញ្ចប់បញ្ហានេះជាបន្ទាន់។
សម្ដេចបានណែនាំឲ្យរដ្ឋបាលរាជធានីខេត្ត ពិសេសខេត្តមានគ្រោះថ្នាក់ចរាចរណ៍ច្រើន ត្រូវចាត់តាំងអភិបាលរងម្នាក់ និងស្នងការរងម្នាក់ នៅប្រចាំការបញ្ជារ និងដោះស្រាយបញ្ហាចរាចរណ៍ជាអចិន្ត្រៃយ៍។ ជាមួយគ្នានេះដើម្បីមានមធ្យោបាយគ្រប់គ្រាន់ក្នុងការអនុវត្ត នៅឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃនឹងផ្ដល់ជូនរថយន្តពីគអាប់មួយគ្រឿងដល់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើសកម្មភាពត្រួតពិនិត្យមូលដ្ឋាន ក្នុងនោះក៏មានការដោះស្រាយបញ្ហាចរាចរណ៍ ខណៈនៅតាមប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ ក្រសួងក៏បានផ្ដល់ជូនមធ្យោបាយម៉ូតូជាបន្តបន្ទាប់ ហើយសម្ដេចបានណែនាំឲ្យមន្ត្រីនគរបាលបង្កើនការរឹតបន្តការផាកពិន័យ ពីព្រោះថវិកាបានមកពីការផាកនោះរដ្ឋបានផ្ដល់ជូនអង្គភាពនគរបាលមួយផ្នែក និងមួយផ្នែកទៀតជូននគរបាលដែលបានផាកពិន័យ។
ពីវេទិកាអធិបតីនេះដែរ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ក្រើនរំលឹកមន្ត្រីរាជការ កងកម្លាំងនគរបាល និងមន្ត្រីពាក់ព័ន្ធទាំងអស់ សូមមានស្មារតីដឹកនាំ និងអនុវត្តច្បាប់ដោយគ្មានការលើកលែង ដោយប្រកាន់យកគោលការអ្នកណាក៏ដោយក៏ត្រូវតែគោរពច្បាប់ ហើយម្នាក់ៗត្រូវដឹងថាការណ៍ដែលខ្លួនបានមកធ្វើជាថ្នាក់ដឹកនាំ មានតួនាទី មានងារជាមន្ត្រីនេះ គឺដើម្បីបំរើ និងការពារផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ មិនមែនមកស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ឬការពារផលប្រយោជន៍ខ្លួនឯងនោះទេ។
បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង បានដាក់ចេញអនុសាសន៍សំខាន់ៗ៨ចំណុចឲ្យស្ថាប័នពាក់ព័ន្ធ ចំណុះគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អនុគណៈកម្មការពាក់ព័ន្ធ ជាពិសេសប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី-ខេត្ត យកចិត្តទុកដាក់អនុវត្ត សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០២០ រួមមានការពង្រឹងយន្តការថ្នាក់រាជធានី-ខេត្ត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពដឹកនាំការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយត្រូវកែលម្អផែនការសកម្មភាព របៀបរបបការងារ និងការបែងចែកភារកិច្ចស្របតាម ដែនសមត្ថកិច្ចឲ្យបានច្បាស់លាស់។
ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអប់រំឲ្យបានទូលំទូលាយ ស៊ីជម្រៅដល់គ្រប់គោលដៅ ទាំងក្នុងអង្គភាពកងកម្លាំងស្ថាប័នរដ្ឋ ឯកជន និងសហគមន៍ ឲ្យបានជ្រួតជ្រាបយល់ដឹងអំពី ច្បាប់ចរាចរណ៍ផ្លូវគោក ចូលរួមគោរព និងអនុវត្តច្បាប់ បង្កើតជាចលនាគោរពច្បាប់ចរាចរណ៍ នៅទូទាំងប្រទេស។ ជាមួយគ្នានេះ នៅតាមគ្រប់អង្គភាពកងកម្លាំង ស្ថាប័នរដ្ឋ និងឯកជន ត្រូវបង្កើតឲ្យមានបទបញ្ជាផ្ទៃក្នុង ដើម្បីលើកកម្ពស់ស្មារតីអនុវត្តច្បាប់ចរាចរណ៍ និងធ្វើជាគំរូដល់ប្រជាពលរដ្ឋ។
ត្រូវពង្រឹងវិធានការរឹតបន្ដឹងច្បាប់ ចំពោះអ្នកជិះទោចក្រយានយន្ត អ្នកបើកបររថយន្តដឹកជញ្ជូនកម្មករ ដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ជាពិសេសតម្រូវឲ្យពាក់មួកសុវត្ថិភាព តម្រូវឲ្យមានបណ្ណបើកបររថយន្ត ការដឹកជញ្ជូនមិនលើសកម្រិតកំណត់ និងលក្ខខណ្ឌសុវត្ថិភាពផ្សេងៗទៀត ពង្រឹងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដោយផ្តោតលើការបន្តកសាង និងជួសជុលផ្លូវស្ពាន ការត្រួតពិនិត្យកែសម្រួលប្រព័ន្ធផ្លូវ និងទិសចរាចរណ៍ ការគ្រប់គ្រងទ្រូងផ្លូវ ចិញ្ចើមផ្លូវ ការបង្កើតចំណតសាធារណៈ និងឯកជន ការបំពាក់កាមេរ៉ា សុវត្ថិភាពចរាចរណ៍តាមគោលដៅអាទិភាព ការបំពាក់ភ្លើង សញ្ញា គំនូសសញ្ញា និងបរិក្ខាសុវត្ថិភាពចរាចរណ៍ឲ្យបានគ្រប់គ្រាន់។
ថ្នាក់រាជធានី-ខេត្ត ត្រូវបង្កើតបណ្តាញស្ម័គ្រចិត្តជំនួយដល់សមត្ថកិច្ច ក្នុងការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ នៅតាមតំបន់ទីប្រជុំជន សាលារៀន ចំណត។ល។ ចាប់ពីឆ្នាំនេះតទៅ យើងនឹងទទួលរៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិជាច្រើន ដែលទាមទារឲ្យមានការរៀបរយសណ្តាប់ធ្នាប់ចរាចរណ៍ និងមានការចូលរួមគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប សំដៅបង្ហាញនូវវប្បធម៌ប្រពៃណីថ្លៃថ្នូរ សាងកិត្យានុភាពខ្ពង់ខ្ពស់ ដល់ជាតិ ត្រូវជំរុញការងារប្រឡងប្រណាំង «តំបន់ពិសេស នៃសុវត្ថិភាពចរាចរណ៍ផ្លូវគោក» ដោយយកក្រុង ស្រុក ខណ្ឌ មួយធ្វើជាគោលដៅប្រឡងប្រណាំងគំរូ ក្នុងការដកស្រង់បទពិសោធន៍ ដើម្បីឈានទៅអនុវត្តបន្តនៅក្រុង ស្រុក ខណ្ឌ ផ្សេងទៀតនាឆ្នាំខាងមុខ។
បន្តលើកកម្ពស់សមត្ថភាព និងគុណភាពរបស់កងកម្លាំងអនុវត្តច្បាប់ តាមរយៈការបណ្តុះបណ្តាល បំប៉នច្បាប់ ជំនាញឯកទេស ព្រមទាំងធ្វើការសិក្សា ផ្លាស់ប្តូរបទពិសោធន៍ ជាមួយបណ្តាប្រទេសនានា និងបំពាក់បន្ថែមនូវមធ្យោបាយ ឧបករណ៍ សម្ភារបម្រើឲ្យប្រតិបត្តិការ។ ជាមួយគ្នានេះ ត្រូវអប់រំកែលម្អអំពី អាកប្បកិរិយា សីលធម៌ វិន័យ ឲ្យបានល្អប្រសើរ ដើម្បីក្លាយជាប្រតិបត្តិករប្រកបដោយគុណធម៌ និងមនសិកាវិជ្ជាជីវៈ ជំរុញការសិក្សាស្រាវជ្រាវក្នុងប្រទេស និងពីបរទេសអំពីបទពិសោធន៍ល្អៗ នៃការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីផ្តើមស្នើធ្វើវិសោធនកម្មច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ឲ្យបានសមស្របតាមស្ថានភាពជាក់ស្តែង និងធានាអនុវត្តមានប្រសិទ្ធភាព។
ជាមួយនេះ ត្រូវជំរុញការអនុវត្តច្បាប់ដែលពាក់ព័ន្ធ ឲ្យបានម៉ឺងម៉ាត់ ដើម្បីគាំទ្រដល់ប្រសិទ្ធភាពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ អនុគណៈកម្មការទី១ អនុគណៈកម្មការទី២ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក រាជធានី ខេត្ត អគ្គលេខាធិការដ្ឋាន ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវកសាងផែនការសកម្មភាពលម្អិត ចាត់អនុវត្តផែនការ និងទិសដៅរបស់ គ.ស.ច.គ ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ជាមួយនឹងការអប់រំផ្សព្វផ្សាយរំលឹកជាប្រចាំដល់មន្ត្រី បុគ្គលិកនិយោជិតឲ្យគោរពចរាចរណ៍ឲ្យបានម៉ឺងម៉ាត់៕