ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិតី ពិធីបិទមហាសន្នបាតសម្ព័ន្ធជាតិសមាគមក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់

នៅព្រឹកថ្ងៃសុក្រ២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិតី ពិធីបិទមហាសន្នបាតសម្ព័ន្ធជាតិសមាគមក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ប្រារព្ធនៅសណ្ឋាគារភ្នំពេញ។

យោងតាមរបាយការណ៍ប្រធានសម្ព័ន្ធជាតិសមាគមក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មហាសន្និបាតអាណត្តិទី៣នេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែធ្នូនេះ ដោយមានការចូលរួមពីអង្គមហាសន្និបាតសរុបជាង៤៧០រូប ហើយបានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលជោគជ័យដូចការគ្រោងទុក។

បន្ទាប់មកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញមានប្រសាសន៍ទៅកាន់អង្គពិធី ដោយជាកិច្ចាប់ផ្ដើម សម្ដេចបានចាត់ទុកមហាសន្និបាតលើកទី៣ នៃសម្ព័ន្ធជាតិសមាគមក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ថាជាការលើកកម្ពស់ការពង្រឹងឋានៈ តួនាទី និងសិទ្ធិអំណាច របស់ក្រុមប្រឹក្សា ដើម្បីប្រសិទ្ធិភាពនៃការផ្ដល់សេវាជូនពលរដ្ឋ។

សម្ដេចបានបង្ហាញក្ដីសង្ឃឹមថាថ្នាក់ដឹកនាំនៃសម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុងស្រុកខណ្ឌឃុំសង្កាត់ នឹងខិតខំបំពេញតួនាទីរបស់ខ្លួន ពិសេសយកចិត្តទុកដាក់ចែករំលែកចំណេះដឹង ព័ត៌មាន គោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋាននានាដល់សមាជិករបស់ខ្លួន ដើម្បីពង្រឹងសមត្ថភាពបំពេញតួនាទីរបស់សមាជិកសម្ព័ន្ធភាពជាតិសមាគម។

សម្ដេចក្រឡាហោមបានមានប្រសាសន៍ទៀតថាក្រសួងមហាផ្ទៃ បានបង្កើតសមាគមក្រុមប្រឹក្សាថ្នាក់ក្រោមជាតិជាបន្តបន្ទាប់ និងបានចុះបញ្ជី៣ប្រភេទនៅក្រសួងមហាផ្ទៃ គឺសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ និងឃុំសង្កាត់ ឬហៅថាថ្នាក់មូលដ្ឋាន, សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានរាជធានីខេត្ត និងសមាគមជាតិក្រុមប្រឹក្សារាជធានីខេត្ត ឬហៅថាថ្នាក់តំបន់។  

សម្ដេចបានគូសបញ្ជាក់ថាសមាគម និងសម្ព័ន្ធភាពជាតិទាំង៣ សុទ្ធតែមានធនធានថវិកា ដើម្បីប្រើប្រាស់ក្នុងការធ្វើសកម្មភាពរៀងៗខ្លួន ដែលនេះគឺជាចំណុចល្អបំផុត ដើម្បីធានានិរន្តរភាពនៃការការពារផលប្រយោជន៍សមាជិក និងលើកកម្ពស់ការផ្ដល់សេវាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ខណៈក្រសួងមហាផ្ទៃក៏តែងតែផ្ដល់ការគាំទ្រជានិច្ច។

សម្ដេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់ដែរថាការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺអាស្រ័យទៅលើស្ថានភាពរៀងៗខ្លួននៃប្រទេសនីមួយៗ ហើយជាបទពិសោធន៍ ការបង្កើតសម្ព័ន្ធភាពជាតិសមាគមនេះ គឺជាយន្តការមួយដែលរួមចំណែកដល់ការកែលម្អរការបំពេញការងាររបស់ក្រុមប្រឹក្សា និងជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល។

ពីវេទិកាអធិបតីនេះដែរ សម្ដេចបានគូសបញ្ជាក់អំពីកិច្ចការអាទិភាពក្នុងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដែលត្រូវអនុវត្តចាប់ពីដើមឆ្នាំ២០២០តទៅ ដូចជាការបង្កើនមូលនិធិប្រចាំឆ្នាំឲ្យឃុំសង្កាត់ ដោយសម្ដេចបានសង្កត់ធ្ងន់អំពីការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាឃុំសង្កាត់ក្នុងការចាត់ចែងប្រើប្រាស់ថវិកានោះឲ្យមានតម្លាភាព គណនេយ្យភាព និងចំសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ចំពោះការរៀបចំធ្វើសមាហរណកម្មការិយាល័យ និងការផ្ទេរបុគ្គលិកទៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងស្រុកខណ្ឌវិញ សម្ដេចបានសង្កត់ធ្ងន់អំពីការមិនអនុញ្ញាតឲ្យមានការផ្ទេរបុគ្គលិកនៅក្នុងដំណាក់កាលនៃការរៀបចំកែសម្រួលរចនាសម្ព័ន្ធនេះឡើយ ហើយក្រុមប្រឹក្សាត្រូវធានាតម្លាភាព និងគុណភាពនៃការជ្រើសរើសថ្នាក់ដឹនាំការិយាល័យដែលធ្វើសមាហរណកម្ម។

ជាមួយគ្នានេះ ការធានានិរន្តរភាពការងាររដ្ឋបាលក្នុងអំឡុងពេលកែសម្រួលរចនាសម្ព័ន្ធថ្មីនោះ សម្ដេចឧបនាករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ នឹងរៀបចំពិធីផ្សព្វផ្សាយយន្តការនៃការចាត់ចែងការងារនេះដល់ថ្នាក់ដឹកនាំរាជធានីខេត្តក្រុងស្រុកខណ្ឌ ដើម្បីធានាមិនឲ្យប៉ះពាល់ដល់ការងារគ្រប់គ្រងរដ្ឋបាល និងការផ្ដល់សេវាសាធារណៈជូនពលរដ្ឋប្រចាំថ្ងៃ។

ចំពោះការផ្ទេរធានធានហិរញ្ញវត្ថុវិញ សម្ដេចបានមានប្រសាសន៍ថាថ្នាក់ជាតិ កំពុងខិតខំសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការកំណត់ចំនួនថវិកាជាក់លាក់ សម្រាប់បន្ទុកបុគ្គលិក សម្រាប់ប្រតិបត្តិការ និងសម្រាប់អនុវត្តមុខងារដែលផ្ទេរទៅឲ្យថ្នាក់ក្រោមជាតិ ព្រមទាំងរៀបចំលិខិតបទដ្ឋានបច្ចេកទេសធានាការផ្ទេរធនធានទាំងនេះឲ្យទាន់ពេលវេលាទៅរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌ ដើម្បីមានលទ្ធភាពផ្ដើមបំពេញការងារពីឆ្នាំ២០២០។


ដើម្បីធានាឲ្យរដ្ឋបាលក្រុងស្រុកខណ្ឌអាចដំណើរការតាមរចនាសម្ព័ន្ធថ្មី និងអនុវត្តមុខងារដែលបានផ្ទេរឲ្យមានប្រសិទ្ធភាព សម្ដេចបានមានប្រសាសន៍ថាសាលាជាតិរដ្ឋបាល ត្រូវចាប់ផ្ដើមការបើកវគ្គបណ្ដុះបណ្ដាលមន្ត្រីពាក់ព័ន្ធទាំងអស់នៅថ្នាក់ក្រោមជាតិឲ្យបានរួចរាល់យ៉ាងយូរនៅអំឡុងត្រីមាសទី១ឆ្នាំ២០២០ ហើយសមាគមក្រុមប្រឹក្សានាពេលនេះក៏ ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀតដល់ការលើកម្ពស់សមត្ថភាពសមាជិកដែរ។

មុននឹងបញ្ចប់ សម្ដចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមរាជរដ្ឋាភិបាល បានថ្លែងកោតសរសើរ និងអំណរគុណដល់ថ្នាក់ដឹកនាំ និងសមាជិកសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានរាជធានីខេត្ត និងសមាគមជាតិក្រុមប្រឹក្សារាជធានីខេត្ត ដែលកន្លងរយៈពេលកន្លងមកបានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនចូលរួមចំណែកយ៉ាងសកម្មក្នុងកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ៕

អត្ថបទដែលជាប់ទាក់ទង