ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីប្រកាសផ្សព្វផ្សាយ ការអនុវត្តអនុក្រឹត្យស្ដីពីមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្

នៅព្រឹកថ្ងៃអង្គារ ៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីប្រកាសផ្សព្វផ្សាយ ការអនុវត្តអនុក្រឹត្យស្ដីពីមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យស្ដីពីការប្រគល់មុខងារគ្រប់គ្រង និងផ្ដល់សេវាសុខាភិបាលទៅឲ្យរដ្ឋបាលរាជធានីខេត្ត ប្រារព្ធនៅទីស្ដីការក្រសួងមហាផ្ទៃ។

អញ្ជើញមានប្រសាសន៍ទៅកាន់អង្គពិធី សម្ដេចក្រឡាហោម ស ខេង បានចាត់ទុកពិធីផ្សព្វផ្សាយអនុក្រឹត្យនាថ្ងៃនេះ ថាជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សំដៅធានាដល់ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធានឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋក្នុងការទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធិ អំណាច និងធនធានទាំងនោះសម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។

សម្ដេចបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានតម្កល់នូវឆន្ទៈនយោបាយដ៏មោះមុតលើការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈ ការ ឬហៅថា កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ សម្រាប់រយៈពេលវែង ដោយក្នុងក្របខ័ណ្ឌនៃការលើកកម្ពស់អភិបាលកិច្ច រាជរដ្ឋាភិបាលបានចាត់ទុកកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ គឺជាកំណែទម្រង់ស្នូលមួយក្នុងចំណោមកំណែទម្រង់ស្នូល៣ផ្សេងទៀត រួមមាន កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលជាកំណែទម្រង់ស្នូលនៃយុទ្ធសាស្ត្រចតុកោណតាមដំណាក់កាលនីមួយៗរបស់រាជរដ្ឋាភិបាល។

សម្ដេចបានបន្តថា កម្ពុជាបានរៀបចំ និងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីធានាដល់ការសម្រេចបាននូវគោលបំណងសំខាន់ៗចំនួន៣ រួមមានទី១ ដើម្បីពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា, ទី២ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន និងទី៣ ដើម្បីបង្កើនធនធាន និងការចូលរួមរបស់សហគមន៍ និងប្រជាពលរដ្ឋសម្រាប់ការអភិវឌ្ឍមូលដ្ឋាន។

ដើម្បីសម្រេចបានគោលបំណងនេះ សម្ដេចបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានកំណត់កម្មវិធី ជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ រយៈពេល១០ឆ្នាំ ពីឆ្នាំ២០១០ដល់២០២០ ដោយផ្តោតទៅលើសមាសធាតុសំខាន់ៗ៥ រួមមានការរៀបចំស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ការរៀបចំប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ការផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ការធ្វើវិមជ្ឈការហិរញ្ញវត្ថុ និងការរៀបចំស្ថាប័នគាំទ្រកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

តាមរយៈការអនុវត្តកម្មវិធីជាតិរយៈពេល៩ឆ្នាំមកនេះ សម្ដេចបានឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍អំពីការរកឃើញបញ្ហាប្រឈម និងការសម្រេចបានសមិទ្ធផលធំៗគួរឱ្យកត់សម្គាល់ ពាក់ព័ន្ធនឹងការរៀបចំស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ការធ្វើវិមជ្ឈការហិរញ្ញវត្ថុ  ពាក់ព័ន្ធនឹងស្ថាប័នគាំទ្រកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងកិច្ចការអាទិភាពមួយចំនួនដែលត្រូវពិចារណាសម្រាប់ការរៀបចំកម្មវិធីជាតិជំហានបន្ទាប់ រួមមានការបន្តរៀបចំស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងការធ្វើវិមជ្ឈការហិរញ្ញវត្ថុ។

មុននឹងតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. និងតំណាងក្រសួងសុខាភិបាលធ្វើបទបង្ហាញអំពីខ្លឹមសារលម្អិត ព្រមទាំងផែនការសកម្មភាព និងក្របខ័ណ្ឌពេលវេលាសម្រាប់ការអនុវត្តអនុក្រឹត្យទាំង៤ សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ផ្តល់គោលការណ៍ណែនាំមួយចំនួនពាក់ព័ន្ធនឹង រៀបចំធ្វើសមាហរណកម្មការិយាល័យ អង្គភាពនានា និងការផ្ទេរបុគ្គលិកទៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ការផ្ទេរធនធានហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និងសិទ្ធិ កាតព្វកិច្ច និងការទទួលខុសត្រូវ អំពីការរៀបចំលិខិតបទដ្ឋាន និងឯកសារណែនាំបច្ចេកទេសនានា ការបណ្ដុះបណ្ដាល ភាពម្ចាស់ការក្នុងការអនុវត្តអនុក្រឹត្យ។

មុននឹងបញ្ចប់ សុន្ទរកថាដ៏មានសារៈសំខាន់នេះ សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវឱ្យមានការចូលរួមគាំទ្រឱ្យកាន់តែសកម្មបន្ថែមទៀតពីថ្នាក់ដឹកនាំ និងជាមន្ត្រីនៃក្រសួង ស្ថាប័ននានាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ផ្នែកឯកជន និងអ្នកពាក់ព័ន្ធនានាដើម្បីឲ្យកិច្ចដំណើរការកំណែទម្រង់ដ៏មានសារៈសំខាន់នេះសម្រេចបានជោគជ័យ  និងបានសង្កត់ធ្ងន់ជាថ្មីអំពីការតាំងចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាលក្នុងការបន្តអនុវត្តឱ្យកាន់តែស៊ីជម្រៅនូវកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងកំណែទម្រង់សំខាន់ៗដទៃទៀតដើម្បីរួមចំណែកជំរុញល្បឿននៃការអភិវឌ្ឍប្រទេសជាតិ និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពចម្រើនរុងរឿង៕

អត្ថបទដែលជាប់ទាក់ទង