ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យឯកឧត្តម Takahashi Fumiaki ប្រធានសមាគម ជប៉ុន កម្ពុជា ដឹកនាំគណៈប្រតិភូក្រុមហ៊ុនជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

នៅព្រឹកថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យឯកឧត្តម Takahashi Fumiaki ប្រធានសមាគម ជប៉ុន កម្ពុជា ដឹកនាំគណៈប្រតិភូក្រុមហ៊ុនជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្ដើម សម្ដេចបានសម្ដែងការស្វាគមន៍ឯកឧត្តម Takahashi Fumiaki ព្រមទាំងគណៈប្រតិភូជប៉ុន ដោយសម្ដេចមានសេចក្ដីសង្ឃឹមជឿជាក់ថាតាមរយៈដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ ប្រតិភូសមាគម ជប៉ុន កម្ពុជា នាពេលនេះ នឹងរួមចំណែកមួយផ្នែកទៀតដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។

សម្ដេចក្រឡាហោម ស ខេង ក៏ឆ្លៀតយកឱកាសនៃជំនួបនេះថ្លែងអំណរគុនចំពោះរដ្ឋាភិបាលជប៉ុនដែលតែងតែជួយគាំទ្រដល់ដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជានាពេលកន្លងមក ហើយសម្ដេចបានបន្តទៀតថារាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តប្ដេជ្ញាចិត្តក្នុងការពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចំរើនឡើងថែមទៀត។

ឯកឧត្តម Takahashi Fumiaki ក្នុងនាមអ្នកដឹកនាំគណៈប្រតិភូជប៉ុនមកកម្ពុជានាពេលនេះ បានជំរាបជូនសម្ដេចក្រឡាហោមថាឯកឧត្តមពិតជារីករាយចំពោះដំណើរទស្សនកិច្ចនាពេលនេះ ដើម្បីស្វែងរកនូវឱកាសវិនិយោគនៅកម្ពុជា និងក៏បង្ហាញជូនគណៈប្រតិភូអំពីតថភាពជាក់ស្ដែងដែលកំពុងកើតមាននៅកម្ពុជា ពិសេសបន្តខិតខំផ្សារភ្ជាប់ជាមួយសហគ្រិន និងវិនិយោគិនវ័យក្មេងកម្ពុជាក្នុងការធ្វើយ៉ាងណាស្វែងរកឱកាសវិនិយោគរវាងក្រុមហ៊ុនឯកជនជប៉ុន ជាមួយក្រុមហ៊ុនកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការគាំទ្រយ៉ាងក្រៃលែងចំពោះការប្ដេជ្ញាចិត្ត និងចំណាប់អារម្មណ៍របស់ក្រុមហ៊ុនដែលមានបំណងមកសិក្សាស្វែងយល់អំពីស្ថានភាព និងចាប់អារម្មណ៍លើវិស័យមួយចំនួនរបស់កម្ពុជានាពេលនេះ ហើយសម្ដេចបានជំរាបជូនថាសម្ដេចពិតជាចង់ឃើញការរីកដុះដាលនៃក្រុមហ៊ុនខ្នាតតូច និងមធ្យមកាន់តែច្រើនឡើងថែមទៀត ដើម្បីពង្រីកវិសាលភាពឲ្យបានគ្រប់ទីកន្លែងតាបណ្ដាខេត្តក្នុងប្រទេសកម្ពុជា ដោយមិនផ្ដោតតែក្រុមហ៊ុនខ្នាតធំនោះទេ។

សម្ដេចបានគូសបញ្ជាក់ថាប្រការនេះ នឹងធ្វើឲ្យប្រជាជននៅតាមតំបន់ជនបទ និងតំបន់ផ្សេងៗនៅក្នុងប្រទេសកម្ពុជាមានឱកាសក្នុងការស្វែងរកការងារ និងបង្កអាជីវកម្ម ឬអាជីពផ្សេងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិនមានការចាកចេញពីភូមិ ឬស្រុកកំណើរបស់ខ្លួន។

បន្ទាប់មក ឯកឧត្តម Takahashi Fumiaki បានសំណូមពរសម្ដេចជួយពង្រឹងស្ថេរភាព និងលំនឹងនៃការវិនិយោគរបស់ជប៉ុន ដោយស្នើសម្ដេចក្នុងនាមថ្នាក់ដឹកនាំនៃស្ថាប័នសន្តិសុខ បន្តជួយជ្រោមជ្រែងបន្ថែទៀតលើការពង្រឹងវិស័យសន្តិសុខ និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងវិនិយោគិនជប៉ុន ព្រមទាំងមកពីប្រទេសផ្សេងទៀត ដើម្បីទាក់ទាញពួកគេចូលមកវិនិយោគក្នុងប្រទេសកម្ពុជាបានកាន់តែច្រើន។

ចំពោះសំណូមពរនេះ សម្ដេចក្រឡាហោម បានសម្ដែងការស្វាគមន៍ និងរីករាយទទួលយក ព្រមទាំងបន្តខិតខំថែរក្សា សន្តិសុខ សុត្ថិភាព និងជួយសម្របសម្រួលដល់ដំណើរការវិនិយោគរបស់អ្នកវិនិយោគជប៉ុនឲ្យសម្រេបានជោគជ័យ។

សម្ដេចបានស្នើតំណាងក្រុមហ៊ុនជប៉ុនទាំងអស់បន្តធ្វើការជាមួយផ្នែកពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលធ្វើយ៉ាងណារកឱកាសដាក់ទុនវិនិយោគវិស័យជំនាញនីមួយៗរបស់ក្រុមហ៊ុនខ្លួនឲ្យបាន ហើយថាក្នងនាមសម្ដេចផ្ទាល់ នឹងត្រៀមខ្លួនជានិច្ចក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមផ្សេងៗដែលក្រុមហ៊ុនជប៉ុនជួបប្រទះនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង