ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញ​ជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិ(២០១៩-២០២៣) ស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិ ២០១៩-២០២៣ ស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រារព្ធនៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្ដើម អង្គពិធីបានស្ដាប់របាយការណ៍សង្ខេបស្ដីពីដំណើរការនៃការរៀបចំផែនការយុទ្ធសាស្ត្រជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរយៈពេល៥ឆ្នាំ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ និងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ថ្លែងដោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ។

បន្ទាប់មកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញថ្លែងសុន្ទរកថាទៅកាន់អង្គពិធី ដោយជាកិច្ចចាប់ផ្ដើម សម្ដេចបានសម្ដែងសេចក្ដីរីករាយដែលបានអញ្ជើញមកប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវឯកសារស្ដីពីផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ ស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងសម្ដែងការកោតសរសើរប្រកបដោយមោទកភាព ចំពោះលទ្ធផលនៃការងារទប់ស្កាត់ និងបង្រាបអំពើជួញដួរនុស្ស។

សម្ដេចបានថ្លែងទទួលស្គាល់ថាគ្រប់ភាគី ពិតជាមានការរួមសាមគ្គីគ្នាក្នុងការបង្កា និងបង្ក្រាបបទល្មើសជួញដូរមនុស្ស បើទោះបីជាពីមួយថ្ងៃទៅមួយថ្ងៃ ជនល្មើសបានបង្កើតរូបភាពប្លែកៗនៅក្នុងសកម្មភាពជួញដូរមនុស្ស ក៏ប៉ុន្តែយ៉ាងណាក៏ដោយ អាជ្ញាធរ និងភាគីពាក់ព័ន្ធ បានបង្កើនការស្រាវជ្រាវ និងឈានទៅបង្ក្រាបបានជនល្មើសយកទៅផ្ដន្ទាទោស និងរំដោះបានជនរងគ្រោះជាបន្តបន្ទាប់។

សម្ដេចបានមានប្រសាសន៍ថាបើទោះបីជាការងារនេះទទួលបានលទ្ធផលជាបន្តបន្ទាប់ក្ដី លទ្ធផលនេះមិនមានន័យថាលែងមានបទល្មើសជួញដូរមនុស្សនោះឡើយ ពោលគឺជនល្មើសនៅតែបន្តធ្វើសកម្មភាព ហើយប្រសិនបើសមត្ថកិច្ចចាប់បាន ពួកគេនៅតែប្រើគ្រប់វិធីសាស្ត្រដើម្បីដោះបន្ទុកឲ្យរួចពីការចោទប្រកាន់ ដែលទាមទារឲ្យសមត្ថកិច្ចបង្កើនសមត្ថភាពសើបអង្កេតឲ្យបានច្បាស់លាស់។

សម្ដេចបានបន្តថាការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ត្រូវបានក្រសួងការបរទេសអាមេរិកដែលតាំងខ្លួនជាអ្នកផ្ដល់ចំណាត់ថ្នាក់វាយតម្លៃការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលើបណ្ដាប្រទេសជាច្រើនទៀត ដាក់ចំណាថ្នាក់ឲ្យស្ថិតក្នុងលំដាប់ទី២ ស្ថិតក្រោមការឃ្លាំមើលដែលជាចំណាត់ថ្នាក់មួយផ្ទុយពីស្ថានភាពពិតដែលយើងបានអនុវត្តក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ 

ត្រង់ចំណុចនេះសម្ដេចបានរំលឹកថាសម្ដេចបានសួរដេញដោលទៅកាន់មន្ត្រីកម្ពុជា ដែលទទួលបន្ទុកការងារនេះ ថាតើហេតុអ្វីបានជាកម្ពុជានៅស្ថិតក្នុងចំណាត់ថ្នាក់នេះ ក្នុងពេលដែលយើងបានបង្ក្រាប និងបើកសវនាការផ្ដន្ទាទោសករណីនេះជាបន្ទាប់? ទីបំផុតសម្ដេចបានឲ្យដឹងថាបញ្ហានេះគឺដោយសារតែការបញ្ជូនរបាយការណ៍មានភាពយឺតយ៉ាវ ធ្វើឲ្យអ្នកវាយតម្លៃខ្វះមូលដ្ឋាន ក៏សម្រេចដាក់ចំណាត់ថ្នាក់លេខ២នោះតែម្ដង មិនមែនមានន័យថាការងារនេះបានធ្លាក់ចុះ ឬរាជរដ្ឋាភិបាលគ្មានឆន្ទៈអនុវត្តនោះឡើយ។

ត្រងចំណុចនេះ ពីវេទិការអធិបតី សម្ដេចក្រឡាហោម ស ខេង បានក្រើនរំលឹកឲ្យមន្ត្រីទទួលបន្ទុកការងារសរុប និងបញ្ជូនរបាយការណ៍ស្ដីពីលទ្ធផលនៃការងារប្រយុទ្ធប្រឆាំងការជូញដូរមនុស្ស ត្រូវសហការគ្នាធ្វើកិច្ចការងារនេះឲ្យបានរលូន ដើម្បីចៀសវាងការភាន់ច្រឡំថាកម្ពុជាអនុវត្តមិនបានល្អ ធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ដោយមិនត្រូវឲ្យបញ្ហានេះកើតមានជាថ្មិទៀតឡើយ។

ពាក់ព័ន្ធនឹងផែនការជាតិ២០១៩ ២០២៣ ស្ដីពីការប្រយុទ្ធប្រឆាំងអពើជូញដូរមនុស្ស សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា ឯកសារនេះមានគោលបំណងលើកកម្ពស់សាមគ្គីភាព ឯកភាព និងកិច្ចសហការ ក្នុងភាពជាដៃគូ រវាងសហគមន៍ជាតិ និងអន្តរជាតិ ដើម្បីធានាឲ្យមានប្រព័ន្ធគាំពារសង្គម និងការបង្កាទប់ស្កាត់ឲ្យមានប្រសិទ្ធិភាព ការអនុវត្តច្បាប់ឲ្យមានឥទ្ធិពល និងការផ្ដន្ទាទោសយ៉ាងសុក្រឹតចំពោះបទឧក្រឹដ្ឋ និងការពារសិទ្ធិ ព្រមទាំងផលប្រយោជន៍ស្របច្បាប់របស់ជនរងគ្រោះ។

ក្រៅពីប្រធានបទនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍អំពីការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដែរ ដោយសម្ដេចបានគូសបញ្ជាក់ថាចាប់តាំងពីការដាក់ចេញយុទ្ធនាការបង្ក្រាបគ្រឿងញៀនមក សមត្ថកិចកចបានអនុវត្តទទួលបានលទ្ធផលគួរឲ្យកត់សំគាល់ បើទោះបីជាបញ្ហានេះមិនទាន់បញ្ចប់ទាំងស្រុងក្ដី ប៉ុន្តែប្រសិនបើគ្មានការបង្ក្រាបយ៉ាងសស្រាក់សស្រាំបេបនេះទេនោះ បញ្ហានេះនឹងកាន់តែរីកធំ ហើយសាយភាពពីទីប្រជុំជនទៅជនបទកាន់តែច្រើន។

សម្ដេចបានគូសបញ្ជាក់ថាការបង្ក្រាបបទល្មើសគ្រឿងញៀនតាមក្លឹបកំសាន្តពេលរាត្រីចាប់តាំងពីដើមឆ្នាំ២០១៩មក ក៏បានទទួលលទ្ធផលគួរជាទីកត់សំគាល់ដែរ ពោលគឺក្លឹបធំៗដែលប្រជាជនជាទូទៅបានដឹងថាមានលួចលាក់ប្រើប្រាស់គ្រឿងញៀននោះ ត្រូវបានអាជ្ញាធរចុះបង្ក្រាបជាបន្តបន្ទាប់ ហើយការងារនេះនឹងត្រូវអនុវត្តទាំងទីតាំងតូច និងទីតាំងធំជាបន្តបន្ទាប់ទៀត ដើម្បីសម្រេចផែនការបោសសំអាតគ្រឿងញៀននៅតាមទីតាំងកំសាន្តពេលរាត្រីឲ្យអស់ត្រឹមឆ្នាំ២០១៩។

សម្ដេចបានមានប្រសាសន៍ទៀតថាជោគជ័យនៃផែនការបោសសំអាតគ្រឿងញៀនតាមក្លឹបកំសាន្ត ក្នុងយុទ្ធនាការនៃការបង្ក្រាបគ្រឿងញៀននេះ មានឥទ្ធិផលជាវិជ្ជមានក្នុងការទប់ស្កាត់បទល្មើសគ្រឿងញៀនមិនឲ្យរីករាលដាល ឬក៏ឲ្យស្ថិតក្នុងកម្រិតទាបបំំផុត ព្រមទាំងការពារដល់ស្រទាប់យុវជនដែលអាចនឹងភ័នច្រឡំទៅតាមការអូសទាញដើម្បីប្រើប្រាស់ និងចែកចាយគ្រឿងញៀន ដែលនឹងធ្វើឲ្យខូចអនាគតពួកគេ និងប៉ះពាល់ដល់គ្រួសារ និងសង្គមជាតិ។

នៅក្នុងឱកាសនេះដែរ សម្ដេចក៏បានមានប្រសាសន៍អំពីការបង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំមួយនៅខេត្តកំពង់ធំ ដែលនាំចូលថ្នាំញៀនប្រភេទមេតាំហ្វេតាមីនអាយស៍ ពីប្រទេសថៃចូលមកកម្ពុជាតាមច្រកជាំអូស្មាច់ ខេត្តឧត្តមមានជ័យ ដោយសម្ដេចបានបង្ហាញការកត់សំគាល់ថាជាច្រើនឆ្នាំមកហើយមិនដែលមានគ្រឿងញៀនទ្រង់ទ្រាយធំបែបនេះនាំចូលពីប្រទេសថៃនោះទេ ធ្លាប់មានតែនាំពីប្រទេសផ្សេងចូលកម្ពុជាហើយបន្តទៅថៃ។

ម្ដេចបានណែនាំឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ បន្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយសមត្ថកិច្ចថៃ និងសមត្ថកិច្ចខេត្តជាប់ព្រំដែនកម្ពុជាទាំងអស់ ក្នុងការងារសហការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែន ស្វែងរកប្រភពនៃការផលិត និងចរាចរណ៍គ្រឿងញៀន ពិសេសការសហការគ្នាស្វែងរកមេក្លោង ពីព្រោះបញ្ហានេះទាមទារឲ្យមានកិច្ចសហប្រតិបត្តិការដោះស្រាយក្នុងកម្រិតតំបន់ និងអន្តរជាតិ។

មុននឹងបញ្ចប់សម្ដេចក្រឡាហោមបានមានប្រសាសន៍ថា មិនថាតែការទប់ស្កាត់បទល្មើសជួញដូរមនុស្ស ឬបទល្មើសគ្រឿងញៀននោះទេ ការដោះស្រាយបញ្ហាអស់ទាំងនេះ គឺផ្ដើមចេញពីការការតាំងចិត្ត និងឆន្ទៈដឹកនាំចាត់ចែងអនុវត្តច្បាប់ដោយគ្មានការលើកលែង និងប្រកបដោយុត្តិធម៌ និងទាមទារឲ្យថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ក្រសួងស្ថាប័នទាំងអស់មានស្មារតីរួមសាមគ្គី និងសហការគ្នាអនុវត្តភារកិច្ចឲ្យទទួលបានជោគជ័យទៅតាមផែនការដែលបានដាក់ចេញ៕

អត្ថបទដែលជាប់ទាក់ទង