ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលនៃការចុះធ្វើវេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការចុះធ្វើវេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង ប្រារព្ធនៅខេត្តបាត់ដំបង។

ជាកិច្ចចាប់ផ្ដើមអង្គពិធីបានស្ដាប់របាយការណ៍ឯកឧត្តមអភិបាលខេត្តបាត់ដំបង អំពីលទ្ធផលនៃការចុះធ្វើវេទិកាសាធារណៈ ក្នុងនោះក្រុមការងារបានរៀបចំវេទិកាសាធារណៈបាន១៥៥លើក មានពលរដ្ឋចូលរួមជាង២ម៉ឺននាក់ ដោយបានស្វែងយល់ពីសុខទុក្ខពលរដ្ឋ ទទួលសំណើរ សំណូមពរ និងក្ដីកង្វល់ ហើយបានបំភ្លឺ និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗផង និងរៀបចំបញ្ហាសេសសល់ដើម្បីដោះស្រាយបន្តផង។

ឯកឧត្តមអភិបាលបានបន្តទៀតថា នៅក្នុងវេទិកាសាធារណៈទាំង១៥៥លើកនោះ ពលរដ្ឋបានលើកឡើងនូវបញ្ហា និងសំណូមពរ ចំនួន១០៥៧ករណី ដោយក្រុមការងារបានបែងចែកជាផ្នែកធំៗ៤ រួមមានបញ្ហាសេវា បញ្ហាទំនាស់ បញ្ហាកង្វល់ និងបញ្ហាសំណើរ ឬសំណូមពរ ហើយក្រុមការងារបានរៀបចំចងក្រងជាសៀវភៅ ដើម្បីបែងចែកឲ្យក្រុមការងារក្រុងស្រុកឃុំសង្កាត់ និងក្រុមការងារពាក់ព័ន្ធពិនិត្យលទ្ធភាពបំភ្លឺ និងរកដំណោះស្រាយជូនពលរដ្ឋ។

បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញមានប្រសាសន៍ទៅកាន់អង្គពិធី ដោយជាកិច្ចចាប់ផ្ដើម សម្ដេចបានគូសបញ្ជាក់អំពីមូលហេតុនៃការបង្កើតក្រុមការងារថ្នាក់ជាតិ និងយន្តការនៃការបំពេញភារកិច្ចរបស់ក្រុមការងារថ្នាក់ជាតិ ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋទូទៅនៅតាមមូលដ្ឋាន ពាក់ព័ន្ធនឹងក្ដីកង្វល់ សំណូមពរ តាមរយៈការធ្វើវេទិកាសាធារណៈ។

ពាក់ព័ន្ធនឹងការធ្វើវេទិកាសាធារណៈ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាល បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគ្រប់ជាន់ថ្នាក់ ដែលប្រមូលបានបញ្ហាប្រឈម និងសំណូមពរពលរដ្ឋជាង១ពាន់ករណីពីក្នុងវេទិកាសាធារណៈចំនួន១៥៥លើក និងបានដោះស្រាយនូវបញ្ហាទាំងនោះជាបន្តបន្ទាប់ សំដៅឆ្លើយតបសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ដែលជារបៀបវារៈដ៏សំខាន់នៃកិច្ចប្រជុំនាថ្ងៃនេះ។

ផ្អែកលើរបាយការណ៍បូកសរុប សម្ដេចក្រឡាហោម ស ខេង បានលើកយកនូវបញ្ហាចំនួន៣ ដើម្បីពិគ្រោះ និងផ្ដល់ជូននូវមិតយោបល់មួយចំនួន ក្នុងនោះរួមមាន ការវាយតម្លៃអំពីលទ្ធផលនៃការរៀបចំវេទិកាសាធារណៈ បញ្ហាប្រឈាមដែលប្រមូលបានពីវេទិកាសាធារណៈ និងដំណោះស្រាយ និងចុងក្រោយគឺទិសដៅការងារចាប់ពីពេលនេះដល់ដំណាច់ឆ្នាំ២០១៩។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាការរៀបចំវេទិកាសាធារណៈជាមួយសហគមន៍នានាជាមធ្យោបាយលើកកម្ពស់ទំនាក់ទំនង ផ្សាភ្ជាប់រវាងរាជរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ និងជាឱកាសដែលថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ថ្នាក់បានចុះជួបប្រាស្រ័យដោយផ្ទាល់ជាមួយពលរដ្ឋ ដើម្បីបានឃើញដោយផ្ទាល់នូវជីវភាពរស់នៅ បានស្ដាប់នូវទស្សនៈ យោបល់អំពីការដឹកនាំការគ្រប់គ្រងប្រទេសជាតិ កង្វល់ សំណើរ និងសំណូមពរព្រមទាំងឃើញដោយផ្ទាល់នូវបញ្ហាប្រឈាមដែលកើតឡើងនៅមូលដ្ឋាន។

ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាប្រឈម សម្ដេចឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាដំណោះស្រាយ តិចឬច្រើន ត្រូវមានការដោះស្រាយជូនពលរដ្ឋភ្លាមៗនៅក្នុងវេទិកាសាធារណនោះ ហើយបញ្ហាដែលនៅសេសសល់ ត្រូវធ្វើបញ្ជីបច្ចុប្បន្នភាពនៃការដោះស្រាយបញ្ហា ដោយត្រូវជម្រុះចេញនូវបញ្ហាដែលបានដោះស្រាយរួច ហើយប្រមូលបញ្ហាថ្មីៗបន្ថែមទៀតមកដោះស្រាយជាមួយបញ្ហាដែលនៅសេសសល់។

ជាមួយគ្នានេះ សម្ដេចក៏បានមានប្រសាសន៍អំពីតួនាទី និងភារកិច្ចរបស់ក្រុមការងារថ្នាក់ជាតិ ដោយសម្ដេចបានគូសបញ្ជាក់ថាថ្វីដ្បិតែក្រុមការងារជាអ្នកចុះប្រមូលបញ្ហា ប៉ុន្តែបើបញ្ហានោះជាប់ពាក់ព័ន្ធនឹងសមត្ថកិច្ចក្រសួងស្ថាប័នណា គឺក្រសួងស្ថាប័ននោះជាអ្នកដោះស្រាយ តាមរយៈក្រុមការងារផង និងតាមរយៈរដ្ឋបាលខេត្តដែលជាលេខាធិការដ្ឋានរបស់ក្រុមការងារថ្នាក់ជាតិប្រចាំរាជធានីខេត្តនីមួយៗផង។

បន្ទាប់មកសម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍អំពីបញ្ហាប្រឈមនីមួយៗ ដែលក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តបាត់ដំបងបានដាក់ក្នុងបញ្ជីនៃបញ្ហា និងសំណូមពរ ដែលមិនទាន់បានដោះស្រាយ ដោយសម្ដេចបានសម្រេចទៅលើបញ្ហាមួយចំនួន ហើយបញ្ហាខ្លះទៀតសម្ដេចបានណែនាំឲ្យអនុវត្តទៅតាមនីតិវិធី និងយន្តនៃការដោះស្រាយ ហើយពិនិត្យឡើងវិញជាថ្មីទៀតក្នុងកិច្ចប្រជុំនៅចុងឆ្នាំនេះ។

សម្រាប់កិច្ចការបន្តរបស់ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបងចាប់ពីពេលនេះ រហូតដល់ដំណាច់ឆ្នាំ២០១៩ សម្ដេចបានណែនាំឲ្យរៀបចំការចុះជួបពលរដ្ឋតាមខ្នងផ្ទះ និងរៀបចំវេទិកាសាធារណៈជាបន្តទៀត ដោយត្រូវរៀបចំជាមួយពលរដ្ឋដែលមិនទាន់បានចូលរួមវេទិកានាពេលកន្លងមក ហើយត្រូវផ្សព្វផ្សាយឲ្យពលរដ្ឋបានដឹងនូវលទ្ធផលនៃការដោះស្រាយបញ្ហា ឬសំណូមពរ ដែលពលរដ្ឋបានលើកឡើងក្នុងវេទិកាកន្លងមក៕

អត្ថបទដែលជាប់ទាក់ទង