ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយតួលេខបណ្ណោះអាសន្ន ជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតី ពិធីប្រកាសតួលេខបណ្ដោះអាសន្ននៃជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រឆ្នាំ២០១៩។

យោងតាមរបាយការណ៍ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ ប្រជាជនកម្ពុជានាម៉ោងសូន្យ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ មាន១៥.២៨៨.៤៨៩នាក់ ក្នុងនោះប្រុស៧.៤១៨.៥៧៧នាក់ និងស្រី ៧.៨៦៩.៩១២នាក់។ ចំនួននេះបើគិតជាដង់ស៊ីតេប្រជាជន គឺ ៨៦នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ច្រើនជាងឆ្នាំ២០០៨ ដែលមានតែ៧៥នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។

បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ បានអញ្ជើញថ្លែងសុន្ទរកថាទៅកាន់អង្គពិធី ដោយជាកិច្ចចាប់ផ្ដើមសម្ដេចបានសម្ដែងក្ដីរីករាយយ៉ាងក្រៃលែងដែលបានចូលរួមពិធីប្រកាសតួលេខជំរឿននៅថ្ងៃនេះ បន្ទាប់ពីការងារនេះបានទទួលជោគជ័យយ៉ាងក្រៃលែង។

ក្នុងនាមប្រធានគណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ សម្ដេចក្រឡាហោម បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងបំពេញការងារក្នុងស្មារតីសហការ និងទទួលខុសត្រូវរបស់មន្រ្តីជំរឿនគ្រប់ថ្នាក់ អាជ្ញាធរស្រុកភូមិឃុំ មន្រ្តីនគរបាល ក្រសួង ស្ថានប័ន និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមសហការធ្វើឲ្យការងារជំរឿនប្រព្រឹត្តទៅដោយរលូន។

សម្ដេចឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឲ្យប្រើប្រាស់ថវិកាជាតិសម្រាប់អនុវត្តការងារជំរឿន និងថ្លែងអំណរគុណមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជនUNFPA សហគមន៍អឺរ៉ុប អង្គការSIDA និងទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង់GIZ ដែលបានផ្ដល់ជំនួយគាំទ្រផ្នែកបច្ចេកទេស សម្ភារៈ និងមធ្យោបាយក្នុងការងារជំរឿននេះ។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថាជំរឿនប្រជាជនឆ្នាំ២០១៩នេះ គឺជាលើកទី៤ ចាប់តាំងពីឆ្នាំ១៩៦២ ឆ្នាំ១៩៩៨ និងចុងក្រោយកាលពីឆ្នាំ២០០៨។ សម្ដេចបន្តថាទិន្នន័យជំរឿន មានសារៈសំខាន់ណាស់សម្រាប់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ទាំងឡាយ ធ្វើសេចក្ដីសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព ក្នុងការកសាងផែនការឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

សម្ដេចក្រឡាហោម បានបន្តសង្កត់ធ្ងន់ថា តាមរយៈការងារជំរឿនប្រជាជនដែលជាការងារជាតិដ៏ធំធេង មានសារៈសំខាន់បំផុត និងមានចរិតប្រវត្តិសាស្ត្រនេះ នៅឆ្នាំ២០២០ ការងារនេះនឹងនាំមកនូវព័ត៌មានអំពីចំនួនប្រជាជន និងចិរតលល្ខណៈប្រជាជនសំខាន់ៗជាលម្អិត តាំងពីថ្នាក់ជាតិដល់ថ្នាក់ភូមិ និងកាន់តែក្លាយជាបង្អែកនៃអ្នករៀបចំគោលនយោបាយ កម្មវិធី សកម្មភាព ការគ្រប់គ្រងរដ្ឋបាល និងការសម្រេចចិត្តនានា។

ផ្អែលើកតួលេខនៃជំរឿនប្រជាជនឆ្នាំ២០១៩ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាចំនួនប្រជាជនកម្រិតថ្នាក់ជាតិមាននិន្នាការកើនឡើងយឺត ដោយសារអត្រាផ្ដល់កំណើត និងអត្រាកំណើនប្រជាជនបានថយចុះស្របតាមការព្យាករណ៍ដែលបានរំពឹងទុក ប៉ុន្តែយ៉ាងណាក៏ដោយក៏អត្រានេះនៅខ្ពស់ បើប្រៀបធៀបជាមួយអត្រាកំណើនមធ្យមនៅអាស៊ីអាគ្នេយ៍ដែរ។

សម្ដេចបានបន្តទៀតថា លទ្ធផលជំរឿនក៏បានបង្ហាញឲ្យដឹងដែរថារាជធានីភ្នំពេញមានប្រជាជនច្រើនជាងគេ គឺរហូតដល់២១២៩៣៧១នាក់ ខណៈខេត្តកែបមានប្រជាជនតិចជាងគេបំផុត គឺត្រឹមតែ៤១៧៩៨នាក់ប៉ុណ្ណោះ ស្របពេលដែលដង់ស៊ីតេប្រជាជានមានការកើនឡើងពី៧៥នាក់នៅឆ្នាំ២០០៨ មក៨៦នាក់នៅឆ្នាំ២០១៩ ក្នុងមួយគីឡូម៉េត្រការ៉េ។

សម្ដេចក្រឡាហោម ស ខេង បានបន្ថែមទៀតថា តួលេខបណ្ដោះអាសន្ននៃជំរឿនក៏បានបង្ហាញថា មានប្រជាជនជិត៥០ភាគរយរស់នៅតំបន់ទំនាបកណ្ដាល ដោយសារតែតំបន់នេះប្រមូលផ្ដុំដោយខេត្តធំៗ និងមានសក្ដានុពលខ្ពសល ៣១,៤ភាគរយរស់នៅតំបន់ទន្លេសាប ១២,៧ភាគរយរស់នៅតំបន់ភ្នំ និងខ្ពង់រាប និង៦,៩ភាគរយរស់នៅតំបន់សមុទ្រ។

មុននឹងបញ្ចប់ការថ្លែងសុន្ទរកថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ បានអំពាវនាវដល់មន្ត្រីទាំងអស់ ដែលពាក់ព័ន្ធក្នុងការអនុវត្តសកម្មភាពទាំងអស់នៃការធ្វើជំរឿន យកចិត្តទុកដាក់អនុវត្តការងារ ដើម្បីទទួលបានជោគជ័យក្នុងការកែច្នៃទិន្នន័យនៃការធ្វើជំរឿន ការវិភាគ និងការផ្សព្វផ្សាយទិន្នន័យជំរឿនបានទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង