ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យលោកជំទាវឯកអគ្គរាជទូតស៊ុយអ៊ែតចូលជួបពិភាក្សាការងារ និងជំរាបលា

នៅរសៀលថ្ងៃពុធ ៨រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោកជំទាវ Maria Sargren ឯកអគ្គរាជទូតស៊ុយអ៊ែតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ និងជម្រាបលា នៅទីស្ដីការក្រសួងមហាផ្ទៃ ក្នុងឱកាសលោកជំទាវនឹងត្រូវបញ្ចប់អាណត្តិការទូត។

មានប្រសាសន៍ក្នុងជំនួបនោះ សម្ដេក្រឡាហោម ស ខេង បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះលោកជំទាវ ជាពិសេសចំពោះកិច្ចខិតខំប្រឹងប្រែងដែលក្នុងអាណត្តិការទូតកន្លងមកនេះ លោកជំទាវបានរួមចំណែកលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ស៊ុយអ៊ែត កាន់តែខ្លាំងក្លាមួយកម្រិតទៀត ហើយសម្ដេចក៏សង្ឃឹមជឿជាក់ថាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះនឹងបន្តពង្រឹងបន្ថែមទៀតតាមរយៈឯកអគ្គរាជទូតថ្មី។

លោកជំទាវឯកអគ្គរាជទូតស៊ុយអ៊ែត បានថ្លែងអំណរគុណសម្ដេចក្រឡាហោម និងបានជម្រាបជូនសម្ដេចថាក្នុងរយៈពេល៣ឆ្នាំ នៃអាណត្តិការទូតនៅកម្ពុជា លោកជំទាវបានមើលឃើញនូវទំនាក់ទំនងប្រកបដោយលទ្ធផលជាផ្លែផ្ការវាងស៊ុយអ៊ែត និងកម្ពុជា ហើយលោកជំទាវក៏បានមើលឃើញដោយផ្ទាល់នូវវឌ្ឍនភាពផ្នែកសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងការអនុវត្តតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដែលសម្រេចបានគួរឲ្យកោតសរសើរ។

លោកជំទាវក៏បានជម្រាបជូនសម្ដេចដែរថាកម្ពុជា និងស៊ុយអ៊ែត មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាចាប់តាំងពីឆ្នាំ១៩៧៩មក ដោយស៊ុយអ៊ែតបានផ្ដល់ជំនួយគាំទ្រ និងសង្គ្រោះកម្ពុជា ក្រោយការដួលរលំរបបប្រល័យពូជសាសន៍ ហើយថាមកដល់ពេលនេះ ស៊ុយអ៊ែនៅតែបន្តជួយលើវិស័យមួយចំនួននៅតាមស្ថាប័នពាក់ព័ន្ធ ក្នុងនោះក៏មានការការងារកំណែទម្រង់វិស័យហិរញ្ញវត្ថុសាធារណៈដែរ។

លោកជំទាវបានបង្ហាញការកត់សំគាល់ទៅលើចំណុចសំខាន់ៗចំនួនពីរ ទី១-គឺពាក់ព័ន្ធនឹងសង្គមស៊ីវិល ដោយលោកជំទាវបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ ដែលបង្កើតឲ្យមានវេទិការភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងសង្គមស៊ីវិល ពិសេសទាំងនៅថ្នាក់ក្រោមជាតិ ហើយលោកជំទាវបានសម្ដែងភាពរីករាយចំពោះការមើលឃើញនូវវឌ្ឍនភាពនៃការងារនេះ និងបានបន្ថែមថាអង្គការសង្គមស៊ីវិលមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍន៍សង្គម ដែលនៅប្រទេសស៊ុយអ៊ែតក៏ដូចគ្នាដែរ។

ចំណុចទី២-ដែលលោកជំទាវកត់សម្គាល់នោះ គឺការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដែលលោកជំទាវសូមសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចក្រឡាហោម ស ខេង ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិប្រឆាំងអំពើជួញដូរមនុស្ស ដែលសម្ដេចបានដឹកនាំអនុវត្តការងារនេះបានយ៉ាងល្អប្រសើរ។

លោកជំទាវឯកអគ្គរាជទូតស៊ុយអ៊ែត ក៏បានជម្រាបជូនសម្ដេចដែរថារដ្ឋាភិបាលស៊ុយអ៊ែត កំពុងរៀបចំផែនការយុទ្ធសាស្រ្តសហប្រតិបត្តិការឆ្នាំ២០២០ដល់២០២៤ជាមួយកម្ពុជា ដោយបានសម្ដែងក្ដីសង្ឃឹមថាផែនការយុទ្ធសាស្រ្តនេះនឹងបន្តរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា។ លោកជំទាវក៏បានមើលឃើញថាចាប់តាំងពីឆ្នាំ២០១៦មក ទំនាក់ទំនងប្រទេសទាំងពីរផ្នែកពាណិជ្ជកម្ម ប្រជាជន វប្បធម៌ មានការកើនឡើងគួរឲ្យតក់សម្គាល់។

ឆ្លើយតបនឹងការលើកឡើងរបស់លោកជំទាវឯកអគ្គរាជទូតស៊ុយអ៊ែត សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ តែងតែចាត់ទុកសង្គមស៊ីវិលជាដៃគូចូលរួមអភិវឌ្ឍសង្គមជាតិ។ ក្នុងន័យនេះហើយដែលរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃបានរៀបចំជាទៀងទាត់នូវវេទិការភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងសង្គមស៊ីវិល ដើម្បីបង្ខិតភាគីទាំងពីរឲ្យជិតគ្នា និងរួមគ្នាដោះស្រាយបញ្ហាផ្សេងៗ និងធ្វើឲ្យដំណើរការការងារប្រកបដោយប្រសិទ្ធភាព។

សម្ដេចក្រឡាហោម ក៏បានជម្រាបជូនដែរថានៅខែសីហាខាងមុខនេះ ក្រសួងមហាផ្ទៃ គ្រោងបង្កើតវេទិការភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងសង្គមស៊ីវិល ជាលើកទី៣ ដែលវេទិការនេះនឹងបន្តទទួលយកនូវសំណូមពរ និងការពិភាក្សាដោះស្រាយនូវបញ្ហាផ្សេងៗដល់អង្គការសង្គមស៊ីវិល ធ្វើយ៉ាងណាឲ្យភាគីទាំងពីរសហការ ជាមួយគ្នាបម្រើ និងអភិវឌ្ឍន៍សង្គមបានកាន់តែល្អ។

ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សម្ដេចឧបនាយករដ្ឋមន្រ្តីក៏បានបញ្ជាក់ថាកម្ពុជាបានខិតខំធ្វើការងារនេះ ហើយសម្ដេចក៏បានណែនាំ និងដាក់ចេញនូវគោលការមួយចំនួនទៀតដើម្បីធ្វើយ៉ាងណាស្វែងរកចាប់ខ្លួនអ្នកប្រព្រឹត្តអំពើទាំងនេះមកទទួលទោសតាមច្បាប់ ហើយបានគូសបញ្ជាក់ថាកម្ពុជានឹងបន្តធ្វើកិច្ចការនេះបន្ថែមទៀត មុននឹងសម្ដេចមានប្រសាសន៍ជូនពរលោកជំទាវឯកអគ្គរាជទូតឲ្យទទួលបានជោគជ័យក្នុងភារកិច្ចថ្មីៗបន្ថែមទៀតក្រោយបញ្ចប់អាណត្តិពីប្រទេសកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង