ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តបុញ្ញខេត្តារាម

នៅព្រឹកថ្ងៃសៅរ៍១២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តបុញ្ញខេត្តារាម ហៅវត្តថ្មី ស្ថិតនៅភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ជាកិច្ចចាប់ផ្ដើម អភិបាលនៃគណៈអភិបាលក្រុងព្រៃវែង បានឡើងថ្លែងរបាយការណ៍ជូនសម្ដេច និងអង្គពិធីទាំងមូល ពិសេសអំពីសវតារបស់វត្តបុញ្ញខេត្តារាម ដោយបានបញ្ជាក់ថា ទីអារាមមួយនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦ ក្រោមការផ្ដូចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចព្រះសង្ឃរាជ បួរ គ្រី និងថ្វាយប្រគេនដីដោយឯកឧត្តម យុទ្ធ ភូថង ហើយព្រះវិហារ បានចាប់ផ្ដើមកសាងនៅឆ្នាំ២០០៥ និងនៅខ្វះខាតថវិកាជាង២ម៉ឺនដុល្លារអាមេរិកទៀតមកដល់ពេលនេះ។

បន្ទាប់មក នៅក្នុងបរិយាកាសប្រកបដោយភាពអធិកអធមយ៉ាងក្រៃលែងនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញមានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធី ដោយជាកិច្ចចាប់ផ្ដើម សម្ដេចបានសម្ដែងការកោតសរសើរ និងមានមោទកភាព ចំពោះការរួមសាមគ្គីគ្នាពីសំណាក់ព្រះសង្ឃ ពុទ្ធបរិស័ទ និងសប្បុរសជន កសាងបាននូវព្រះវិហារ និងសមិទ្ធផលជាច្រើនក្នុងវត្តបុញ្ញខេត្តារាមនេះ ដែលជាសមិទ្ធផលថ្មីមួយទៀតក្នុងវិស័យព្រះពុទ្ធសាសនា។

សម្ដេចក៏បានថ្លែងអំណរគុណជាពិសេសចំពោះឯកឧត្តម យុទ្ធ ភូថង ដែលបានប្រគេនដីដ៏ធំក្នុងក្រុងព្រៃវែង ថ្វាយសម្ដេចព្រះសង្ឃរាជ បួរ គ្រី ដើម្បីរៀបចំបង្កើតវត្តបុញ្ញខេត្តារាម ហៅវត្តថ្មីនេះ ដោយសម្ដេចគូសបញ្ជាក់ថា គឺការប្រគេនដីនេះហើយដែលជាទុនក្នុងការឈានទៅបង្កើតបាននូវវត្តធម្មយុត្តិដែលទើបតែមានមួយគត់ក្នុងក្រុងព្រៃវែង ហើយអាចបន្តកសាងបាននូវសមិទ្ធផលជាបន្តបន្ទាប់ ដោយមានការចូលរួមគាំទ្រពីព្រះសង្ឃ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងសប្បុរសជននានា។

សម្រាប់ការសាងសង់ព្រះវិហារ ដែលនៅខ្វះខាតថវិកាជាង២ម៉ឺនដុល្លារអាមេរិកនោះ សម្ដេចក្រឡាហោម ស ខេង បានប្រកាសថ្វាយសម្ដេចព្រះសង្ឃរាជ ព្រះសង្ឃ និងពុទ្ធបរិស័ទ ថាសម្ដេច និងក្រុមការងារ សូមទទួលដោះស្រាយជូនទៅតាមសំណើរ ដោយសម្ដេចបានបន្ថែមថាទោះ បីជាបានទទួលជួយបង្ក្រប់ការចំណាយសាងសង់ព្រះវិហារ និងសមិទ្ធផលនៅតាមទីអារាមជាច្រើនមកហើយក្ដី ក៏ប៉ុន្តែសម្ដេច និងក្រុមការងារ នឹងខិតខំគៀងគរថវិកាជួយឲ្យបាន ដែលធ្វើឲ្យពុទ្ធបរិស័ទ និងអង្គពិធីទាំងមូល សម្ដែងការអបអរសាទរយ៉ាងក្រៃលែងបំផុត។

បន្ទាប់មក សម្ដេចក្រឡាហោម បានមានប្រសាសន៍រំលឹកឡើងវិញនូវសវតា និងគម្រោងទៅថ្ងៃអនាគត សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ពិសេសផ្លូវដែលស្ថិតក្នុងគោលការណ៍ទាំង៤របស់រាជរដ្ឋាភិបាល គឺការអប់រំ ផ្លូវ ទឹក និងភ្លើងអគ្គីសនី ដោយសម្ដេចបានអះអាងថាគោលការណ៍នេះ មានគោលដៅធ្វើឲ្យមូលដ្ឋានមានការអភិវឌ្ឍ ហើយប្រជាពលរដ្ឋមានជីវភាពធូរធា និងថាមកដល់ពេលនេះ មានសមិទ្ធផលជាច្រើនត្រូវបានបង្កើតឡើងដូចពលរដ្ឋបានឃើញជាក់ស្ដែង។

ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍អំពីការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក ដោយសម្ដេចបានណែនាំឲ្យមន្ត្រីជំនាញ និងអាជ្ញាធរ ត្រូវបង្កើនការយកចិត្តទុកដាក់បង្ការ និងដោះស្រាយបញ្ហានេះឲ្យបានជាមួយប្រជាពលរដ្ឋជាកសិករចិញ្ចឹមជ្រូក ដើម្បីធានាថាវានឹងមិនបន្តរីករាលដាលទៅកន្លែងផ្សេង នៅពេលដែលមានការផ្ទុះជំងឺនេះនៅទីណាមួយ ដោយត្រូវទប់ស្កាត់ការលក់ចែកចាយសាច់ជ្រូកដែលដឹងថាមានជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ។

សម្ដេចក៏បានថ្លែងទទួលស្គាល់ដែរថាប្រជាពលរដ្ឋអ្នកចិញ្ចឹមជ្រូកមួយចំនួន អាចចិញ្ចឹមជ្រូកបានដោយសារការខ្ចីលុយធនាគារ ឬពីសាច់ញាតិ ដែលនឹងត្រូវខាតបង់ច្រើន ហើយប្រឈមនឹងការលំបាកប្រសិនបើជ្រូកត្រូវងាប់ដោយសារជំងឺ ឬត្រូវសង្ស័យហើយអាជ្ញាធរស្នើសុំយកទៅសម្លាប់ចោល ប៉ុន្តែសម្ដេចក៏សូមឲ្យមានការយល់យោគទាំងអស់គ្នា ដើម្បីធានាថាជំងឺនេះវាមិនរីករាលដាលបង្កបញ្ហាកាន់តែធំ។

សម្ដេចបានមានប្រសាសន៍អំពីគ្រោះថ្នាក់ចរាចរណ៍ ដោយសម្ដេចបានគូសបញ្ជាក់អំពីកំណើនដ៏គួរឲ្យភ្ញាក់ផ្អើលនៃគ្រោះថ្នាក់ចរាចរណ៍នារយៈ៦ខែដើមឆ្នាំ២០១៩នេះ បើទោះបីជាច្បាប់ចែងរឹតបន្តឹង មន្ត្រីចុះពង្រឹងការអនុវត្តច្បាប់ និងមានការផ្សព្វផ្សាយព្រោងព្រាតអំពីបញ្ហានេះក៏ដោយ។ សម្ដេចបានមានប្រសាសន៍ណែនាំឲ្យនគរបាលឃាត់ម៉ូតូអ្នកមិនពាក់មួកសុវត្ថិភាពរហូតទាល់តែគាត់អាចរកមួកសុវត្ថិភាពមកពាក់បានទើបអនុញ្ញាតឲ្យបន្តដំណើរ។

សម្ដេចបានមានប្រសាសន៍ថានគរបាល ពិសេសនគរបាលចរាចរណ៍ បានប្រឹងប្រែងខិតខំបំពេញការងារណាស់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ពោលគឺពួកគាត់បានលះបង់សេចក្ដីសុខក្នុងគ្រួសារទាំងថ្ងៃទាំងយប់ ដើម្បីបង្ការគ្រោះថ្នាក់លើអ្នកដំណើរ តាមដងផ្លូវ ប៉ុន្តែជារឿយៗ នៅតែមានអ្នករិះគន់នគរបាល ពិសេសនៅតែមានអ្នកបំពានច្បាប់ ដោយមិនខ្លាចបាត់បង់ជីវិតខ្លួន និងបង្ករគ្រោះថ្នាក់ដល់អ្នកដទៃ។

បញ្ហាគ្រឿងញៀនក៏ត្រូវបានសម្ដេចឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ក្នុងឱកាសនេះដែរ។ សម្ដេចបានទាញចំណាប់អារម្មណ៍អង្គពិធីថាអ្នករងគ្រោះដោយសារគ្រឿងញៀនភាគច្រើនជាយុវជនពេញកម្លាំង ហើយបញ្ហានេះត្រូវការគ្រប់សមាសភាពក្នុងសង្គមចូលរួមដោះស្រាយ ដើម្បីកុំឲ្យគ្រឿងញៀនត្រួតត្រាសង្គម ហើយថាសម្រាប់រាជរដ្ឋាភិបាល សម្ដេចក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានដាក់ផែនការបោសសំអាតគ្រឿងញៀនឲ្យអស់ពីទីតាំងកំសាន្តនានានៅឆ្នាំ២០១៩នេះដែរ។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ទៀតថាទ្រព្យសម្បត្តិទាំងអស់របស់អ្នករកស៊ីគ្រឿងញៀន នឹងត្រូវបង្កកទុកទាំងអស់ ដើម្បីបើកការសើបង្កេតថាតើទ្រព្យទាំងនោះ មានជាប់ពាក់ព័ន្ធនឹងបទល្មើសដែរឬទេ ពោលគឺបើពាក់ព័ន្ធ នឹងត្រូវរឹបអូសទាំងអស់ ហើយតំណាលគ្នានេះ សម្ដេចក៏បានគូសបញ្ជាក់អំពីការនាំចូលសាច់ប្រាក់គ្មានប្រភពច្បាស់លាស់ពីជនបរទេសទាំងឡាយ ដោយសម្ដេចបានអះអាងថាបញ្ហានេះក៏ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ដែរ ដោយសារវាអាចពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ឬការលាងលុយកខ្វក់។

ដោយឡែកពីវេទិការអធិបតីនេះដែរ សម្ដេចក្រឡាហោម បានមានប្រសាសាន៍ស្នើសុំឲ្យពលរដ្ឋកុំប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ និងសង្គម ក្នុងនាមយើងជាអ្នកកាន់ព្រះពុទ្ធសាសនា។ សម្ដេចបានលើកឡើងពីករណីប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសាររហូតមានការកាប់សម្លាប់ និងដុតផ្ទះសំបែងជាបន្តបន្ទាប់ និងបានសម្ដែងការហួសចិត្តថាមិនគួរណាមានពលរដ្ឋអាចប្រព្រឹត្តអំពើសាហាវឃោឃៅយ៉ាងដូច្នេះសោះ ហើយសម្ដេចសូមអំពាវនាវឲ្យអាជ្ញាធរមូលដ្ឋានបង្កើនការអប់រំពលរដ្ឋ និបង្ការបញ្ហានេះឲ្យទាន់ពេល។

នៅក្នុងឱកាសនេះដែរ សម្ដេចបានក្រើនរំលឹកថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរទាំងអស់ ត្រូវបង្កើនការទទួលខុសត្រូវក្នុងការផ្ដល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាពជូនប្រជាពលរដ្ឋ ក្នុងនោះក៏ត្រូវរៀបចំវេទិការសាធារណៈដើម្បីទទួលក្ដីកង្វល់ និងសំណូមពររបស់ពលរដ្ឋ ហើយត្រូវឆ្លើយតប និងមានដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ពោលគឺរឿងណាដោះបានត្រូវដោះស្រាយជូនពលរដ្ឋភ្លាម ហើយរឿងណាមិនទាន់អាចដោះស្រាយបានត្រូវរៀបចំបញ្ជូនមកថ្នាក់លើដើម្បីរកវិធានការដោះស្រាយ ចៀសវាងទុកបញ្ហាចោល។

ជាការកត់សំគាល់ សម្ដេចបានអំពាវនាវដល់ប្រជាពលរដ្ឋបន្តរួមគ្នាជាមួយរាជរដ្ឋាភិបាល ដើម្បីថែរក្សាសេចក្ដីសុខ សន្តិភាព ស្ថេរភាពនយោបាយ ដែលជាកត្តាសំខាន់ជាងគេបំផុត សម្រាប់ការរស់នៅប្រកបដោយភាពរីករាយ និងការអភិវឌ្ឍជាតិ ដោយសម្ដេចបានគូសបញ្ជាក់ថា បទពិសោធន៍សង្គ្រាម និងអស្ថេរភាពកន្លងមក ល្មមគ្រប់គ្នាយល់បានហើយអំពីផលវិបាកសម្រាប់ជាតិ និងប្រជាជន ដូច្នេះការគៀងគរពលរដ្ឋឲ្យប្រឆាំងរាជរដ្ឋាភិបាលស្របច្បាបើ ការលាបពណ៌ និងចោទប្រកាន់គ្នា គួរត្រូវតែត្រូវបានបញ្ចប់ និងជំនួសមកវិញនូវការគោរពឲ្យតម្លៃគ្នាទៅវិញទៅមក ទោះមាននិន្នាការនយោបាយផ្ទុយគ្នាក៏ដោយ។

បន្ទាប់មក នៅក្នុងបរិយាកាសប្រកកបដោយភាពអធិកអធមនៃពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានានាឱកាសនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញបំពាក់គ្រឿងឥស្សរយយស និងមេដាយស្ថាបនាជាតិ ប្រគេនព្រះសង្ឃ និងសប្បុរសជន ដែលមានស្នាព្រះហស្ត និងស្នាដៃចូលរួមគាំទ្រដល់ដំណើរការសាងសង់ព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តបុញ្ញខេត្តារាម ហៅវត្តថ្មី មុននឹងសម្ដេចអញ្ជើញជូនបច្ច័យ ថវិកា និងសម្ភារៈជូនអង្គពិធី ដាំកូនឈើ កាត់ខ្សែបូរណ៍ និងកាត់ខណ្ឌសីមាព្រះវិហារ៕

អត្ថបទដែលជាប់ទាក់ទង