ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទីបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩

នៅរសៀលថ្ងៃពុធ ២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទីបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ និងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩ ប្រារព្ធនៅខេត្តបាត់ដំបង។

អញ្ជើញមានប្រសាសន៍ទៅកាន់អង្គពិធីក្នុងឱកាសដ៏មហោឡារិកនេះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រី គ.ជ.ប ភាគីពាក់ព័ន្ធ ពិសេសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលចូលរួមធ្វើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ ប្រព្រឹត្តទៅដោយរលូន ស្របតាមបទបញ្ជា និងច្បាប់បោះឆ្នោត។

សម្ដេចក្រឡាហោ បានបង្ហាញការគាំទ្ររបាយការណ៍ស្ដីពីការគ្រប់គ្រង និងការប្រព្រឹត្តទៅនៃការបោះឆ្នោតនេះ ដែលអង្គសន្និបាតទាំងមូលបានបូកសរុប វាយតម្លៃ ដកបទពិសោធន៍អំពីចំណុចខ្លាំង ចំណុចខ្សោយ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការរៀបចំចាត់ចែងការបោះឆ្នោតសកល និងអសកលនាពេលខាងមុខជាបន្តបន្ទាប់ទៀតឲ្យកាន់តែមានភាពល្អប្រសើរ។

ទន្ទឹមនឹងនេះ សម្ដេចក៏បានគូសបញ្ជាក់ថា សម្រាប់ការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩នេះ គ.ជ.ប និងភាគីពាក់ព័ន្ធក៏ត្រូវចាត់ចែង និងចូលរួមគាំទ្រប្រកបដោយតម្លាភាព និងស្របទៅតាមច្បាប់ដែរ ពីព្រោះបញ្ជីឈ្មោះអ្នកបោះឆ្នោតមានសារៈសំខាន់ណាស់ សម្រាប់ពលរដ្ឋអាចប្រើសិទ្ធិបោះឆ្នោតជ្រើសរើសមេដឹកនាំដែលពេញចិត្ត។

សម្ដេចនាយករដ្ឋមន្ត្រីស្ដីទីបានរំលឹកទៅកាន់អង្គពិធីថាចាប់តាំងពីឆ្នាំ១៩៩៣មក កម្ពុជាបានឆ្លងកាត់ការបោះឆ្នោតសកល និងអសកលចំនួន១៦លើករួចមកហើយ ដែលនេះជាការបង្ហាញយ៉ាងច្បាស់ថាកម្ពុជាប្រកាន់យកការដឹកនាំ និងគ្រប់គ្រងប្រទេសតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ស្របតាមរដ្ឋធម្មនុញ្ញ និងមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងច្រើន។

សម្ដេចបានមានប្រសាសន៍ថាការបោះឆ្នោតក្រុមប្រឹក្សា មានឥទ្ធិពលលើប្រព័ន្ធនយោបាយ និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបានចូលរួមពង្រឹង និងពង្រីកមូលដ្ឋានគ្រឹះប្រជាធិបតេយ្យសេរីពហុបក្ស ការរៀបចំរចនាសម្ព័ន្ធគាំទ្រកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការលើកកម្ពស់ភាពជាម្ចាស់របស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន។

សម្ដេចក៏បានបញ្ជាក់ដែរថា ក្រសួងមហាផ្ទៃកំពុងត្រៀមរៀបចំវគ្គវណ្ដុះបណ្ដាល តម្រង់ទិសដៅដល់សមាជិកក្រុមប្រឹក្សា ដែលទើបជាប់ឆ្នោតថ្មី ដើម្បីឲ្យសមាជិកក្រុមប្រឹក្សាដែលមកពីគណបក្សនយោបាយផ្សេងៗគ្នា សហការរួមគ្នា នៅក្នុងក្រុមប្រឹក្សារបស់ខ្លួន បន្ដជំរុញកំណែទម្រង់អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងវិមជ្ឈការនៅមូលដ្ឋាន សម្ដៅលើកកម្ពស់ការផ្ដល់សេវា និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាពខ្ពស់។

នៅក្នុងឱកាសនេះដែរ សម្ដេចក្រឡាហោម មានប្រសាសន៍ថាមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានធានារ៉ាប់រងទាំងស្រុងនូវថវិកា មធ្យោបាយ ឧបករណ៍ សម្ភារនានាដល់ គ.ជ.ប ក្នុងការចាត់ចែងការបោះឆ្នោតជាប្រចាំ ព្រមទាំងការចំណាយលើប្រាក់បៀរវត្ស ប្រាក់ឧបត្ថម្ភមន្ត្រី បុគ្គលិក គ.ជ.ប គ្រប់លំដាប់ថ្នាក់ ទៅតាមការកំណត់របស់ច្បាប់។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា ផ្អែកតាមមេរៀន បទពិសោធន៍កម្ពុជាឆ្លងកាត់ចាប់តាំងពីការបោះឆ្នោតលើកទី១ ឆ្នាំ១៩៩៣ដល់បច្ចុប្បន្ន សន្តិភាព លទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោត និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម មានទំនាក់ទំនងគ្នាទៅវិញទៅមកមិនអាចកាត់ផ្ដាច់បាន សម្រាប់ភាពលូតលាស់ ភាពរុងរឿង ភាពថ្លៃថ្នូរ និងផលប្រយោជន៍ដ៏ឧត្តុងឧត្តមនៃជាតិ និងប្រជាជន។

មុននឹងបញ្ចប់សុន្ទរកថានេះ សម្ដេចក្រឡាហោម ស ខេង បានបន្ថែមថារាជរដ្ឋាភិបាល ប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធានាកិច្ចការស្នូលទាំងនេះឲ្យបន្តបោះជំហានទៅមុខកាន់តែរឹងមាំ និងសូមអំពាវនាវជនរួមជាតិ អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមដោយស្មោះសរដើម្បីថែរក្សា និងការពារសុខសន្តិភាព លទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោត និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម សម្រាប់អនាគតដ៏បវររុងរឿង នៃប្រជាជាតិ និងប្រជាជនយើង៕

អត្ថបទដែលជាប់ទាក់ទង