ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុង ពិធីកាត់ខ្សែបូ និងសម្ពោធសមិទ្ធផលនានាក្នុងវត្តហ្លួងផែង ស្ថិតនៅភូមិកណ្តាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង

នៅព្រឹកថ្ងៃអាទិត្យ ១៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីកាត់ខ្សែបូ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តហ្លួងផែង ស្ថិតនៅភូមិកណ្ដាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

អញ្ជើញមានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធីនាឱកាសដ៏វិសេសវិសាលនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្ដែងការកោតសរសើរ និងក្ដីមោទនៈ ចំពោះព្រះសង្ឃ ពុទ្ធបរិស័ទ សប្បុរសជនទាំងក្នុង និងក្រៅប្រទេស អាជ្ញាធរដែនដី ដែលបានខិតខំប្រឹងប្រែងរួមគ្នាកសាងបានសមិទ្ធផលជាច្រើនក្នុងវត្តហ្លួងផែង  ។

ឆ្លើយតបនឹងរបាយការណ៍សាងសង់ ដែលបង្ហាញថានៅមានការខ្វះខាតថវិកាបង្គ្រប់ការចំណាយជាង៥ពាន់ដុល្លារទៀតនោះ សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនអង្គពិធីថាប្រធានក្រុមការងារចុះជួយស្រុកថ្មគោល និងចុះជួយឃុំគោកឃ្មុំ នឹងផ្ដល់ថវិកាជួយបង្គ្រប់ការចំណាយនោះ ហើយជាមួយគ្នានេះ សម្ដេចបានអំពាវនាវឲ្យព្រះគ្រូចៅអធិការ និងគណៈកម្មការវត្តហ្លួងផែង សហការគ្នាដាំដើមឈើឲ្យបានច្រើន ដើម្បីផ្ដល់ជាម្លប់ និងបង្កើតបរិយាកាសទាក់ទាញនៅក្នុងវត្ត។

ពាក់ព័ន្ធនឹងការបដិបត្តិជំនឿសាសនានៅកម្ពុជា សម្ដេចក្រឡាហោម បានទាញចំណាប់អារម្មណ៍អង្គពិធីអំពីភាពសុខដុមរមនាខាងសាសនា ដោយសម្ដេចបានគូសបញ្ជាក់ថាប្រទេសយើងមិនមានការរើសអើងខាងសាសនានោះទេ បើទោះបីជារដ្ឋធម្មនុញ្ញបានចែងកំណត់យកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋក៏ដោយ ដ្បិតច្បាប់កំពូលមួយនេះក៏បានចែងពីការគោរពគ្រប់ជំនឿសាសនារបស់ពលរដ្ឋដែរ ខណៈប្រទេសខ្លះកំពុងរងគ្រោះដោយសារការរើសអើងខាងសាសនា។

ដោយឡែក សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ជូនអង្គពិធីថារាល់សំណង់សាលារៀន ពិសេសសំណង់ដែលសម្ដេចបានឧបត្ថម្ភជូនប្រជាពលរដ្ឋខេត្តបាត់ដំបងកាលពីច្រើនឆ្នាំកន្លងទៅ ឥលូវនេះសម្ដេចបានរៀបចំគម្រោងត្រៀមជួយជួសជុលឡើងវិញ ដោយមិនទុកឲ្យមានការខូចខាតធ្ងន់ធ្ងរនោះទេ ហើយសម្ដេចបានប្រកាសផ្ដល់ការគាំទ្រជាបន្តទៀត ទាំងការកសាងសំណង់សាធារណៈទូទៅ និងសំណង់ក្នុងទីអារាម ទៅតាមលទ្ធភាពដែលសម្ដេច និងក្រុមការងារអាចជួយបាន។

ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចបានអំពាវនាវប្រជាពលរដ្ឋបន្តចូលរួមថែរក្សាសេចក្ដីសុខ និងសន្តិភាព ដើម្បីមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិបន្តទៀត ហើយសម្ដេចបានគូសបញ្ជាក់ថាអ្នកនយោបាយដែលចង់ឡើងមកដឹកនាំប្រទេសដោយមិនឆ្លងកាត់ការបោះឆ្នោត គឺជាអ្នកដែលមិនឈរលើផលប្រយោជន៍ជាតិនោះទេ ពីព្រោះការធ្វើនយោបាយរបៀបនេះនឹងនាំប្រទេសធ្លាក់ចូលក្នុងភ្លើងសង្គ្រាមដែលពលរដ្ឋបានស្គាល់ការរងទុក្ខវេទនារួចមកហើយទម្រាំបានសុខ និងសន្តិភាពដូចសព្វថ្ងៃនេះ។

ដោយឡែកសម្ដេចបានសម្ដែងសេចក្ដីសប្បាយរីករាយ និងកោតសរសើរក្រុមការងារ ព្រមទាំងអាជ្ញាធរ ដែលបានរួមសហការគ្នាចុះជួយពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់បានទាន់ពេលវេលា ពិសេសការជួយជួសជុល និងសាងសង់ផ្ទះជូនប្រជាពលរដ្ឋឡើងវិញ ហើយសម្ដេចបានបន្តអំពាវនាវឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀតក្នុងការការពារខ្លួនពីបាតុភូរន្ទះ និងខ្យល់កន្ត្រាក់។ សម្ដេចក៏រីករាយដែរនៅពេលមេឃបានធ្លាក់ភ្លៀងច្រើនជាបន្តបន្ទាប់។

ពីវេទិការអធិបតីនេះដែរ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍អំពីការសិក្សាគម្រោងបញ្ជៀសមិនឲ្យមានការសង់រោងបុណ្យ រោងការ និងរោងពិធីផ្សេងៗនៅលើដងផ្លូវ ដោយនឹងមានការកំណត់ឲ្យមូលដ្ឋានឃុំសង្កាត់ រៀបចំទីតាំងសម្រាប់ការប្រារព្ធពិធីអស់ទាំងនោះ ហើយថ្មីៗនេះសម្ដេចក៏ទើបតែបានណែនាំឲ្យបញ្ឈប់ការធ្វើពិធីបូជាសពនៅក្បែរសាលារៀន ដែលវាបានធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់សិស្សដែរ។

ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុងស្រុកខណ្ឌកាលពីពេលថ្មីៗនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្ដែងការកោតសរសើរចំពោះបរិយាកាសយ៉ាងល្អនៃដំណើរការបោះឆ្នោតនេះ ហើយសម្ដេចគូសបញ្ជាក់អំពីតួនាទីក្រុមប្រឹក្សាក្នុងការធ្វើសេចក្ដីសម្រេចនានាដែលច្បាប់បានកំណត់ និងបញ្ហាខ្លះទៀតដែលច្បាប់មិនបានចែងសំដៅរួមគ្នាបំរើផលប្រយោជន៍ប្រជាជនជាមួយគណៈអភិបាល។

ជាចុងបញ្ចប់នៃពិធីកាត់ខ្សែបូ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តហ្លួងផែង ស្ថិតក្នុងឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង សម្ដេចក្រឡាហោម ស ខេង បានប្រកាសប្រគេនបច្ច័យកសាងវត្ត២លានរៀល សាលាស្រុកថ្មគោល១លានរៀល ឧបត្ថម្ភថវិកា និងសម្ភារៈជូនអង្គពិធី និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត មុននឹងអញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានាក្នុងវត្តហ្លួងផែង៕

អត្ថបទដែលជាប់ទាក់ទង