ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) និងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធាន គ.ជ.ប.ជ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ២០២៤-២០២៨ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ
នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) និងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធាន គ.ជ.ប.ជ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ២០២៤-២០២៨ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ។
អញ្ជេីញមានប្រសាន៍នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ មន្ត្រីគ្រប់ក្រសួង ស្ថាប័ន អង្គទូត អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ វិស័យឯកជន អង្គភាពសារព័ត៌មាន និងភាគីពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ ចូលរួមផ្តល់របាយការណ៍ និងព័ត៌មានពិតពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សតាមគ្រប់មធ្យោបាយ ដើម្បីឈានទៅបង្ក្រាបបទល្មើសបានទាន់ពេលវេលា។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានចាត់ទុកថា ការផ្តល់របាយការណ៍ និងព័ត៌មានពិត មានសារៈសំខាន់ក្នុងការតាមដាន សម្រេចចិត្ត តម្រង់ទិសការងារ និងបង្ក្រាបប្រភពមេក្លោងជួយដូរមនុស្សឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
នៅចំពោះវត្តមានអញ្ជើញចូលរួមពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធាន គ.ជ.ប.ជ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំ សមាជិក និងសមាជិកាគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ព្រមទាំងតំណាងអង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍បញ្ជាក់ថា ក្រសួង ស្ថាប័ន អង្គទូត អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធទាំងអស់ គឺជាតួអង្គដែលត្រូវទទួលខុសត្រូវការងាររួមគ្នា ដោយពុំអាចខ្វះដៃគូរកិច្ចសហប្រតិបត្តិការណាមួយឡើយ ដោយសារអំពើជួញដូរមនុស្សជាចរន្ត នៃឧក្រិដ្ឋកម្មឆ្លងដែនសកល ដែលជនល្មើសបានបង្កើតជាបណ្តាញប្រទាក់ក្រឡាគ្នាយ៉ាងរឹងមាំ បង្កប់នៅគ្រប់ទិសទី និងមានលទ្ធភាពកាន់តែធំ មធ្យោបាយកាន់តែទំនើប ក្នុងការប្រព្រឹត្តបទល្មើសតាមគ្រប់រូបភាព ជាពិសេសគឺប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើប ដើម្បីអូសទាញទឹកចិត្តជនរងគ្រោះ។ ហើយ ក៏ជាទីកន្លែងដែលជនល្មើសងាយស្រួលបិទបាំងសម្មភាពបំផុតដែរ។
ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំថ្នាក់ដឹកនាំ សមាជិក សមាជិកា និងតួអង្គពាក់ព័ន្ធទាំងអស់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរហូតដល់ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ត្រូវបំពេញតួនាទីភារកិច្ចការងារប្រកបដោយការទទួលខុសត្រូវឱ្យបានច្បាស់លាស់ ដោយត្រូវតាមដាន វាយតម្លៃ អប់រំ និងផ្សព្វផ្សាយព័ត៌មាន តាមរយៈការប្រជុំរាយការណ៍ប្រចាំខែឱ្យបានទូលំទូលាយពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងជួញដូរមនុស្ស។ លទ្ធផលការងារនេះ ត្រូវបញ្ជូនមកអគ្គលេខាធិការដ្ឋាន ត្រឹមថ្ងៃទី២៧ ជារៀងរាល់ខែ ដើម្បីបូកសរុបជូនគណៈកម្មាធិការជាតិបានទាន់ពេលវេលា។
ឯកឧត្តមអភិសន្តិបណ្ឌិត សង្ឃឹមជឿជាក់ថា ផែនការយុទ្ធសាស្រ្តជាតិស្តីពី ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ២០២៤-២០២៨ នឹងក្លាយជាផែនទីបង្ហាញផ្លូវសម្រាប់គ្រប់ក្រសួង ស្ថាប័ន អង្គភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីអនុវត្តការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រកបដោយប្រសិទ្ធភាពខ្ពស់។
ពិធីប្រកាសនេះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានថ្លែងឱ្យដឹងថា ផែនការយុទ្ធសាស្រ្តជាតិនេះ គឺមានទស្សនវិស័យ គោលដៅ គោលបំណងច្បាស់លាស់ បានកំណត់នូវសូចនាករ និងលទ្ធផលរំពឹងទុកជាក់លាក់ងាយស្រួលដល់ការអនុវត្ត។ សកម្មភាពទាំងអស់ នឹងត្រូវបានអនុវត្តដោយក្រសួង ស្ថាប័ន អង្គភាពជំនាញតាមវិស័យនីមួយៗទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបំពេញឱ្យគ្នាទៅវិញទៅមក៕