ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីកម្មវិធីរាត្រីសមោសរ ដើម្បីការងារសង្គមខេត្តព្រៃវែង នៅសាលបុរីប៉េងហួត បឹងស្នោ ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
នាល្ងាចថ្ងៃថ្ងៃសៅរ៍ ១១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញជាអធិបតីកម្មវិធីរាត្រីសមោសរ ដើម្បីការងារសង្គមខេត្តព្រៃវែង នៅសាលបុរីប៉េងហួត បឹងស្នោ ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញាថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃគណៈកម្មការរៀបចំកម្មវិធីរាត្រីសមោសរ ដើម្បីការងារសង្គមក្នុងខេត្តព្រៃវែង ដែលបានលះបង់កម្លាំងកាយចិត្ត ក៏ដូចជាពេលវេលាបន្ថែមលើភារកិច្ចស្នូលរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ចាត់ចែង រៀបចំធ្វើឱ្យកម្មវិធីនៅរាត្រីនេះប្រព្រឹត្តទៅដោយរលូន និងជោគជ័យដូចការរំពឹងទុក។
ជាមួយគ្នានេះដែរ ក៏សូមថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញាជាសប្បុរជនទាំងអស់ ដែលបានចំណាយនូវធនធានផ្ទាល់ខ្លួន ជាថវិកា ក៏ដូចជាសម្ភារៈ ចូលរួមចំណែកកិច្ចការងារសង្គមក្នុងមូលដ្ឋានខេត្តព្រៃវែង តាមរយៈកម្មវិធីរាត្រីសមោសរនេះ។ កាយវិការដ៏សប្បុរសរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នៅពេលនេះ ពិតជាបានបង្ហាញឱ្យឃើញនូវឆន្ទៈ និងស្មារតី ក្នុងការចែករំលែក ប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះសង្គមជាតិទាំងមូល និយាយជារួម និងដោយឡែកសម្រាប់មូលដ្ឋានខេត្តព្រៃវែង។ សកម្មភាពនៃការចូលរួមនេះ ក៏ជាការឆ្លុះបញ្ចាំងឱ្យឃើញនូវស្មារតីសាមគ្គីភាព និងជាការបន្តនូវវប្បធម៌ចែករំលែកដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការធានាបាននូវសង្គមជាតិមួយដ៏រឹងមាំ ប្រកបដោយភាពសុខដុមរមនា។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ សូមគោរពជូនពរដល់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរសជន និងក្រុមការងារទាំងអស់ ទទួលបានសុខភាពល្អ សម្រេចបានជោគជ័យគ្រប់ភារកិច្ច ប្រកបដោយសុខសុវត្ថិភាពក្នុងការធ្វើត្រឡប់ទៅគេហដ្ឋានវិញ និងសូមបានជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕