ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

កម្ពុជា-កូរ៉េ បន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យរដ្ឋបាលសាធារណៈ និង វិស័យសន្តិសុខ

ក្រុងសេអ៊ូល៖ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ នៅរសៀល ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណប្រតិភូជាន់ខ្ពស់អញ្ជើញធ្វើទស្សនកិច្ច និងពិភាក្សាការងារ ជាមួយទីភ្នាក់ងារនគរបាលជាតិកូរ៉េ ដែលដឹកនាំដោយឯកឧត្តមអគ្គស្នងការ។ 


ក្នុងជំនួបពិភាក្សានោះ ទីភ្នាក់ងារនគរបាលជាតិកូរ៉េបានយល់ព្រមតាមសំណើររបស់សម្តេចក្រឡាហោម ស ខេង ដែលសម្ដេចបានស្នើឲ្យភាគីកូរ៉េ ជួយផ្តល់ការបណ្តុះបណ្តាលនគរបាលជាតិកម្ពុជា លើជំនាញប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ពិសេសឧក្រិដ្ឋកម្មពត៌មានវិទ្យា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការគ្រប់គ្រងបាតុកម្ម និងជំនួយឧបករណ៍សម្ភារៈបច្ចេកទេសមួយចំនួនសម្រាប់មណ្ឌលគ្រប់គ្រងចរាចរណ៍ទីក្រុង។ 
នាឱកាសនៃជំនួបពិភាក្សាគ្នាក្នុងបរិយាកាសប្រកបដោយមិត្តភាព និងកិច្ចសហប្រតិបត្តិការនោះដែរ ឯកឧត្តមអគ្គស្នងការ នៃទីភ្នាក់ងារនគរបាលជាតិកូរ៉េក៏បានជំរាបជូនសម្ដេចក្រឡាហោម ស ខេង អំពីការត្រៀមអញ្ជើញឯកឧត្តមអគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំនគរបាលកូរ៉េ-អាស៊ាន ដែលនឹងប្រារព្ធឡើងនៅថ្ងៃ២៣ ខែតុលា ខាងមុខនេះ។

បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានបន្តដឹកនាំគណប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញធ្វើទស្សនកិច្ចទីចាត់ការនគរបាលក្រុងសេអ៊ូល ដោយសម្ដេច និងប្រតិភូបានពិនិត្យមើលមជ្ឍមណ្ឌលគ្រប់គ្រងចរាចរណ៍ និងមជ្ឍមណ្ឌលទទួល និងឆ្លើយតបសំណើរសុំកិច្ចអន្តរាគមន៍បន្ទាន់ពាក់ព័ន្ធនឹងការធ្វើចរាចរណ៍តាមរយះខ្សែទូរស័ព្ទពិសេសលេខ១១២ របស់រដ្ឋបាលក្រុងសេអ៊ូល។

នៅព្រឹកថ្ងៃទី២ ខែឧសភា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានបន្តដឹកនាំគណប្រតិភូ ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងសុវត្ថិភាព ដែលដឹកនាំដោយឯកឧត្តម ជីន យុង រដ្ឋមន្ត្រីមហាផ្ទៃ និងសុវត្ថិភាពនៃសាធារណរដ្ឋកូរ៉េ។ ក្នុងជំនួបជាផ្លូវការ និងដែលមានការពិសារបាយការងារផងនោះ ឯកឧត្តម ជីន យុង បានសម្ដែងការឯកភាព និងប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជាលើការងារសំខាន់ដូចខាងក្រោម៖
១ ការបន្តកិច្ចសហប្រតិបត្តិការទាំងក្នុងវិស័យរដ្ឋបាលសាធារណៈ និងវិស័យសន្តិសុខដូចបានកំណត់ក្នុងអនុស្សារណៈស្ដីពីការយោគយល់គ្នាហៅកាត់ថាMOU។

២ ការគាំទ្រការបណ្តុះបណ្តាលនគរបាលកម្ពុជាលើជំនាញប្រឆាំងបទល្មើសព៌តមានវិទ្យា ការគ្រប់គ្រងបាតុកម្ម គ្រឿងញៀន...

៣ ការផ្តល់ឧបករណ៍សម្ភារៈគ្រប់គ្រងចរាចរណ៍

៤ ការគាំទ្រដល់សាលាជាតិរដ្ឋបាលមូលដ្ឋាន

៥ និងការគាំទ្រដល់ការរៀបចំមជ្ឍមណ្ឌលជាតិគ្រប់គ្រងទិន្នន័យប្រជាជន។

បន្ទាប់ពីបានបញ្ចប់ជំនួបទ្វេភាគីប្រកបដោយលទ្ធផលដ៏គួរឲ្យកត់សំគាល់ខាងលើនេះរួចមក នៅរសៀលថ្ងៃទី២ ឧសភាដដែល សម្ដេចឧបនាយករដ្ឋមន្ត្រី បានបន្តដឹកនាំគណប្រតិភូធ្វើដំណើរពីទីក្រុងសេអ៊ូល ទៅកាន់ទីក្រុងវ៉ាន់ជូ ដើម្បីធ្វើទស្សនកិច្ចវិទ្យាស្ថានអភិវឌ្ឍសមត្ថភាពមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ហៅកាត់ថាLOGODIនៃសាធារណរដ្ឋកូរ៉េ។

រហូតមកដល់ព្រឹកថ្ងៃទី៣ ខែសភា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តដឹកនាំគណប្រតិភូធ្វើទស្សនកិច្ចនៅមជ្ឍមណ្ឌលជាតិគ្រប់គ្រងទិន្នន័យ និងបន្តអញ្ជើញចុះជួបថ្នាក់ដឹកនាំរដ្ឋបាលក្រុងជេជុង ដើម្បីស្វែងយល់លម្អិត អំពីប្រព័ន្ធគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន មុននឹងអញ្ជើញមាតុភូមិនិវត្តន៍មកព្រះរាជាណាចក្រកម្ពុជាវិញ៕

 

អត្ថបទដែលជាប់ទាក់ទង