ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការងាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នៅទីស្តីការក្រសួងមហាផ្ទៃ

នារសៀលថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការងាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នៅទីស្តីការក្រសួងមហាផ្ទៃ ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ណែនាំ និងលើកទឹកចិត្តខ្ពស់ឱ្យថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិ គ្រប់កម្រិត ចាប់ពីថ្នាក់អគ្គស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងកម្លាំងនគរបាលដែលបំពេញបេសកកម្មតាមតំបន់ព្រំដែននិងបណ្ដាច្រកទ្វារ បន្តបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់បន្ថែមទៀត ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅក្នុងមូលដ្ឋាន និងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ឯកឧត្តមអភិសន្តិបណ្ឌិត មានប្រសាសន៍បន្តថា សភាពការណ៍សន្តិសុខនៅកម្ពុជា ថ្វីដ្បិតមានភាពល្អប្រសើរ ប៉ុន្តែសភាពការណ៍សន្តិសុខពិភពលោក នៅតែបន្តស្ថិតក្នុងស្ថានភាពប្រឈមដ៏ស្មុគស្មាញ និងពិបាកប៉ាន់ស្មាន។ ក្នុងន័យនេះ ឯកឧត្តម បានផ្ដល់អនុសាសន៍ឱ្យយកចិត្តទុកដាក់ទប់ស្កាត់រាល់បាតុភាពផ្សេងៗដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងនោះត្រូវបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងច្រកព្រំដែន ជាពិសេសការចេញចូលរបស់ជនបរទេស គ្រឿងញៀន និងអាវុធខុសច្បាប់។

ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យបន្តយកចិត្តទុកដាក់ចំពោះសុវត្ថិភាពជនបរទេសនៅកម្ពុជា ជាពិសេសភ្ញៀវទេសចរណ៍ បន្តប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ឧក្រិដ្ឋកម្មតាមប្រព័ន្ធអុីនធឺណិត បង្កើនប្រសិទ្ធភាពលើការងារពន្លត់អគ្គិភ័យ យកចិត្តទុកដាក់ពង្រឹងកម្លាំងប្រជាការពារ ធានាប្រសិទ្ធភាពនៃការគ្រប់គ្រងអាវុធជាតិផ្ទុះ ការគ្រប់គ្រងជនអន្តោប្រវេសន៍ និងត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការគ្រប់គ្រងមន្រ្តី និងកងកម្លាំងតាមអង្គភាព។

ជាការកត់សម្គាល់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថ្លែងអំណរគុណ និងលើកទឹកចិត្តខ្ពស់ដល់កម្លាំងចម្រុះ រួមទាំងកម្លាំងនគរបាលចរាចរណ៍ ជាពិសេសនៅរាជធានីភ្នំពេញ ដែលបានអនុវត្តប្រតិបត្តិការត្រួតពិនិត្យអ្នកបើកបរមានជាតិស្រវឹងយ៉ាងសកម្ម និងប្រកបដោយវិជ្ជាជីវៈ ធ្វើឱ្យប្រជាពលរដ្ឋមានការយល់ដឹងច្រើន ជាពិសេសធ្វើឱ្យអត្រាគ្រោះថ្នាក់ ស្លាប់ និងរបួស ថយចុះច្រើនជាងពាក់កណ្ដា ធៀបនឹងមុនពេលមានការអនុវត្ត៕

អត្ថបទដែលជាប់ទាក់ទង