ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការបង្កើតក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការបង្កើតក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។ សេចក្ដីព្រាងអនុក្រឹត្យនេះ មាន៨ជំពូក និង១៩មាត្រា។
ថ្លែងបើកកិច្ចប្រជុំ ឯកឧត្តមអភិសន្តិបណ្ដិត បានកោតសរសើរក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលយកចិត្តទុកដាក់បំពេញកិច្ចការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសម្រេចបានលទ្ធផលគួរជាទីមោទនៈជាបន្តបន្ទាប់ ទាំងក្នុងក្របខ័ណ្ឌនៃការប្រកួតកីឡាជាតិ ក៏ដូចជាការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិនានា។
ប្រមុខក្រសួងមហាផ្ទៃ ក៏បង្ហាញក្ដីសង្ឃឹមថា ក្រោមការប្តេជ្ញាចិត្តដ៏មោះមុតក្នុងស្មារតីតែមួយ ថ្នាក់ដឹកនាំ មន្ត្រី កីឡាករ កីឡាការិនី នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នឹងកាន់តែមានវឌ្ឍនភាព ទាំងផ្នែកធនធានកីឡាករកីឡាការិនី និងហេដ្ឋរចនាសម្ព័ន្ធបម្រើឱ្យវិស័យកីឡា ការហ្វឹកហាត់ និងការប្រកួតក្នុងកម្រិតជាតិនិងអន្តរជាតិ។
យោងតាមសេចក្ដីរាយការណ៍ និងសេចក្ដីថ្លែងហេតុ សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការបង្កើតក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ត្រូវបានរៀបចំឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក៏ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលវិស័យកីឡា ស្ថិតនៅក្នុងជ្រុងទី១ ការអភិវឌ្ឍមូលធនមនុស្ស។
ការកែសម្រួលរចនាសម្ព័ន្ធក្នុងអនុក្រឹត្យនេះ ពុំមានការប៉ះពាល់ដល់ទំហំរចនាសម្ព័ន្ធ ឬបង្កើនថវិកាចំណាយក្រសួងនោះឡើយ និងក៏ពុំជាន់ភារកិច្ចនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃដែរ ផ្ទុយទៅវិញធ្វើឱ្យកាន់តែប្រសើរឡើងនូវរចនាសម្ព័ន្ធដឹកនាំ ស្របតាមគោលនយោបាយក្រសួងអប់រំ និងគោលការណ៍គណៈកម្មាធិការជាតិអូឡាំពិក។
បន្ទាប់បានស្ដាប់ និងពិនិត្យខ្លឹមសារ នៃសេចក្ដីព្រាងអនុក្រឹត្យនេះរួចមក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ព្រមទាំងអង្គប្រជុំ បានផ្ដល់អនុសាសន៍ និងលើកយោបល់ កែសម្រួល និងបំពេញបន្ថែម លើចំណុចមួយចំនួន។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានយកឱកាសនោះ ផ្ដល់មតិដឹកនាំលើកិច្ចការពាក់ព័ន្ធបន្ថែមទៀតផងដែរ៕