ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គ និងពិធីចុះហត្ថលេខាលើកំណត់ហេតុឆ្នាំ២០២៤ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីស្តីការក្រសួងមហាផ្ទៃ

ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ និងចុះហត្ថលេខាលើកំណត់ហេតុ ស្ដីពីកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៤!

កិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ និងចុះហត្ថលេខាលើកំណត់ហេតុ ស្ដីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ត្រូវបានរៀបចំឡើងនៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។

ដំណើរអញ្ជើញមកដល់ទីស្ដីការក្រសួងមហាផ្ទៃ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ត្រូវបានទទួលស្វាគមន៍ដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អមដោយកងកិត្តិយសនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

កិច្ចប្រជុំបានចាប់ផ្ដើមពីជំនួបចង្អៀត ដោយភាគីកម្ពុជា មានការអញ្ជើញចូលរួមពីឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តមរដ្ឋលេខាធិការ, ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ,  ឯកឧត្តមនាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន, ឯកឧត្តមអគ្គលេខាធិការ, ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង រតនគិរី និងខេត្តព្រះវិហារ។ ចំណែកភាគីឡាវ មានការអញ្ជើញចូលរួមពី ឯកឧត្តមឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា, ឯកឧត្តមអភិបាលខេត្តអត្តពឺ, ឯកឧត្តមអភិបាលរងខេត្តចំប៉ាសាក់, ឯកឧត្តមអនុរដ្ឋមន្រ្តី, ឯកឧត្តមអគ្គនាយកភស្តុភារ, ឯកឧត្តមនាយកខុទ្ទកាល័យក្រសួង, ឯកឧត្តមអគ្គនាយកនយោបាយ, ឯកឧត្តមអគ្គនាយកសន្តិសុខ និងឯកឧត្តមអគ្គស្នងការនគរបាល នៃក្រសួងសន្តិសុខសាធារណៈឡាវ។

ក្រោយពីបញ្ចប់កិច្ចជំនួបចង្អៀត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី បានបន្តអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំមួយចំនួនទៀត នៃក្រសួងទាំងពីរ។

នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ទៅកាន់សមភាគីឡាវ អំពីសភាពការណ៍សាកលលោក និងសភាពការណ៍ទូទៅនៅកម្ពុជា ដែលរួមមានស្ថានភាពសេដ្ឋកិច្ច សភាពការណ៍នយោបាយ សភាពការណ៍សន្តិសុខ ការប្រយុទ្ធប្រឆាំងគ្រឿងញឿនខុសច្បាប់ ព្រមទាំងបានរំលេចបញ្ជាក់អំពីលទ្ធផល នៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ រវាងក្រសួងទាំងពីរ និងសំណូមពរមួយចំនួនសម្រាប់ឆ្នាំ២០២៤។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈឡាវ ក៏បានគូសបញ្ជាក់អំពីសភាពការណ៍ទូទៅនៅក្នុងប្រទេសឡាវ ក្នុងនោះរួមទាំងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសបទល្មើសគ្រឿងញៀន។ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧនាយករដ្ឋមន្រ្តី ក៏បង្ហាញការកត់សម្គាល់អំពីកិច្ចសហប្រតិបត្តិការដ៏ល្អគ្រប់ថ្នាក់ រវាងអង្គភាពចំណុះក្រសួងទាំងពីរ រួមទាំងខេត្តជាប់ព្រំដែនផងដែរ។
 

គួរកត់សម្គាល់ថា ក្នុងជំនួប និងកិច្ចប្រជុំនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ក៏បានបង្ហាញក្ដីនឹករលឹកខ្ពស់ចំពោះសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងបានថ្លែងអបអរសាទរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ភាគីទាំងពីរ ក៏បង្ហាញការគាំទ្រចំពោះជំនួបរវាងនាយករដ្ឋមន្រ្តី និងប្រធានរដ្ឋសភា នៃប្រទេសទាំងពីរ កាលពីពេលថ្មីនេះផងដែរ។

កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងស្មារតីមិត្តភាព សាមគ្គីភាព និងយោគយល់ខ្ពស់។ នៅចុងបញ្ចប់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានចុះហត្ថលេខាលើកំណត់ហេតុ ស្តីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង