ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុញ្ញាតឲ្យ ឯកឧត្តម Cherdkiat ATTHAKOR ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ
នាព្រឹកថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យ ឯកឧត្តម Cherdkiat ATTHAKOR ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ។
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង ឯកឧត្តមឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថៃ បានសម្ដែងនូវសេចក្ដីសង្ឃឹមដូចគ្នាថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ នឹងបន្តរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។ ជាពិសេសការពង្រឹងការអនុវត្តច្បាប់ ផ្លាស់ប្ដូរការងារពិភាក្សាពិគ្រោះយោបល់ ដើម្បីបុព្វហេតុលើបញ្ហាសន្តិសុខតាមព្រំដែន និងការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ។
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការជាមួយភាគីថៃ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើស ការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មាន កិច្ចសហការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងការជួយគ្នាទៅវិញទៅមកក្នុងការដោះស្រាយបាតុភាពអសកម្មផ្សេងៗ ដែលកើតមានឡើងនៅតាមព្រំដែន។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី កត់សម្គាល់ថា វត្តមានរបស់ ឯកឧត្ដមឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព ជាបេសកកម្មដ៏មានសារសំខាន់រួមចំណែក ដើម្បីពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើវិស័យសំខាន់ៗ ជាអាទិ៍ សេដ្ឋកិច្ច នយោបាយ ពាណិជ្ជកម្ម ទេសចរណ៍ ការពារជាតិ និងសន្តិសុខ។
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្ដមឯកអគ្គរាជទូត ដែលតែងតែយកចិត្ដទុកដាក់ជំរុញកិច្ចសហការដ៏ល្អ និងដើរតួរនាទីយ៉ាងសកម្ម នៅក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្ដម។
ឯកឧត្ដមឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថៃ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ។ ក្នុងឱកាសប្រកបដោយភាតរភាពនេះដែរ ឯកឧត្ដមឯកអគ្គរាជទូត បានថ្លែងអំណរគុណ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតជូនឯកឧត្ដម និងប្រតិភូ បានចូលជួបសម្ដែងការគួរសម ពិភាក្សាការងារ និងអបអរសាទរ ឯកឧត្ដមអភិសន្តិបណ្ឌិត ក្នុងឱកាស ដែលឯកឧត្ដម ត្រូវបានប្រជាពលរដ្ឋគាំទ្រ ថ្នាក់ដឹកនាំ និងរដ្ឋសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តក្លាយជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕
![](/public/ckfinder/userfiles/files/IMG_0997.jpeg)
![](/public/ckfinder/userfiles/files/IMG_0998.jpeg)
![](/public/ckfinder/userfiles/files/IMG_0999.jpeg)
![](/public/ckfinder/userfiles/files/IMG_1005.jpeg)
![](/public/ckfinder/userfiles/files/IMG_1004.jpeg)
![](/public/ckfinder/userfiles/files/IMG_1003.jpeg)
![](/public/ckfinder/userfiles/files/IMG_1002.jpeg)
![](/public/ckfinder/userfiles/files/IMG_1001.jpeg)
![](/public/ckfinder/userfiles/files/IMG_1010.jpeg)
![](/public/ckfinder/userfiles/files/IMG_1009.jpeg)
![](/public/ckfinder/userfiles/files/IMG_1008.jpeg)
![](/public/ckfinder/userfiles/files/IMG_1007.jpeg)
![](/public/ckfinder/userfiles/files/IMG_1006.jpeg)