សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដឹកនាំមន្ត្រីនៃក្រសួងមហាផ្ទៃ ធ្វើពិធីសូត្រមន្ត បង្សុកូល និងរាប់បាត្រព្រះសង្ឃ ១០១អង្គ អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងនគរបាល បានប្រារព្ធពិធីសូត្រមន្ត បង្សុកូល និងរាប់បាត្រព្រះសង្ឃ១០១អង្គ ក្នុងឱកាសនៃការឈានជិតចូលមកដល់នៃឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ គ.ស២០១៩ នៅទីស្ដីការក្រសួងមហាផ្ទៃ។
ជាការចាប់ផ្ដើមក្នុងកិច្ចប្រកបដោយមង្គលនាឱកាសនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញធ្វើពិធីបូជាទាន ធូប ផ្កាផ្ញី និងគ្រឿងសក្ការៈជាច្រើនទៀត ថ្វាយព្រះសម្មាសម្ពុធ ទេព្តា និងវត្ថុសក្ដិសិទ្ធក្នុងលោក ហើយបន្ទាប់មក លោកអាចារ្យអធិបតី បានធ្វើពិធីបួងសួង និងនិមន្តព្រះសង្ឃប្រទាននិច្ចសីល សូត្រមន្តប្រោសព្រំបុទមពរជ័យសិរីសង្គលជូនសម្ដេច ថ្នាក់ដឹកនាំ មន្ត្រី និង មន្ត្រីនគរបាលក្រសួងមហាផ្ទៃ។
បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ បានធ្វើពិធីសូត្រព្រះធម៌ឧទ្ទិសកុសលថ្វាយ និងជូន ព្រះវិញាណក្ខន្ធអតីតព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិ ថ្នាក់ដឹកនាំក្រសួងមហផ្ទៃ មន្ត្រី និងនគរបាលជាតិ គ្រប់ជំនាន់ និងបានបន្តនិមន្តសម្ដេចព្រះសង្ឃរាជ និងព្រះសង្ឃ ធ្វើពិធីរាប់បាត្រព្រះសង្ឃចំនួន១០១អង្គ ក្នុងបរិយាកាសប្រកបដោយសេចក្ដីជ្រះថ្លាយ៉ាងក្រៃលែងបំផុត។
ក្នុងទិវាប្រកបដោយសិរីសួស្ដីនេះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងនគរបាលក៏បានអញ្ជើញទស្សនា ការសម្ដែងរបាំត្រុដិ និងរបាំងជូនពរ សម្ដែងដោយក្រុមសីល្បករ សីល្បការី ដើម្បីកំចាត់ឧបទ្រុបចង្រៃ ចំរើនជោគជ័យ សិរីមង្គល ទៅតាមប្រពៃណី និងទំនៀមពីបូរាណ ក្នុងឱកាសមុនឆ្លងឆ្នាំចាស់ ដើម្បីចូលឆ្នាំថ្មី៕