ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា អនុញ្ញាតឱ្យលោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូតទួកគី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ

នារសៀលថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូតទួកគី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ។

នៅក្នុងជនួបនោះឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគី ទើបតែងតាំងថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានបង្ហាញសុទិដ្ឋិនិយម និងការប្ដេជ្ញាចិត្តខ្ពស់ដូចគ្នាក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការក្របខណ្ឌក្រសួងមហាផ្ទៃ នៃប្រទេសទាំងពីរ កាន់តែទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត។

​​ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានបង្ហាញការកត់សម្គាល់ថា ទំនាក់ទំនងរវាងក្រសួងមហាផ្ទៃនៃប្រទេសទាំងពីរកាន់តែទទួលបានសមិទ្ធផលប្រកបដោយផ្លែផ្កា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទៅកាន់ប្រទេសតួកគី កាលពីឆ្នាំ២០១៩។

ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានជម្រាបលោកជំទាវ Ülkü Kocaefe នូវសេចក្ដីផ្ដាំផ្ញើការសាកសួរសុខទុក្ខ និងថ្លែងអំណរគុណដល់ឯកឧត្តម Ali YERLİKAYA រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី ដែលបានផ្ញើលិខិតអបអរសាទរក្នុងឱកាស​ចូលកាន់មុខតំណែងថ្មីរបស់ឯកឧត្ដម។​​ ជាមួយគ្នានេះ ឯកឧត្តម ក៏ថ្លែងអំណរគុណរដ្ឋាភិបាលតួកគី ចំពោះការប្ដេជ្ញាចិត្ត និងកិច្ចសហការ​យ៉ាងជិតស្និទជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យជាច្រើន។

លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគី បានថ្លែងអំណរគុណ ឯកឧត្ដមអភិសន្តិបណ្ឌិត ដែលអនុញ្ញាតជូនលោកជំទាវចូលជួបសម្ដែងការគួរសម។ លោកជំទាវក៏បានសម្ដែងការអបអរសាទរ ឯកឧត្ដមអភិសន្តិបណ្ឌិត ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ រួមទាំងទំនាក់ទំនងជិតស្និទ្ធរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃតួកគី៕

លោកជំទាវ Ülkü Kocaefe ក៏បានជម្រាបនូវការកត់សម្គាល់ជូន ឯកឧត្ដមអភិសន្តិបណ្ឌិត ដែរថា ប្រទេសកម្ពុជា និង​សាធារណរដ្ឋតួកគី មានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលមួយទស្សវត្សចុងក្រោយនេះ ហើយក្នុងនោះដែរ សាធារណរដ្ឋតួកគីក៏បានបង្កើតឱ្យមានការិយាល័យទីប្រឹក្សាទទួលបន្ទុកកិច្ចការពាណិជកម្មនៅកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនទៅមុខ​ផងដែរ។

ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះការខិតខំជំរុញកិច្ចសហប្រតិបត្តិក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ ឯកឧត្តម ក៏បានបង្ហាញការជឿជាក់យ៉ាងមុតមាំ និងការប្ដេជ្ញាចិត្ត​ថានឹងបន្តខិតខំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន និងប្រកបដោយផ្លែផ្កា ជាពិសេសកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃនៃប្រទេសទាំងពីរ។

សូមរម្លឹកថាក្នុងឱកាសសម្ដេចក្រឡាហោម បំពេញទស្សនកិច្ចប្រទេសតួគី កាលពីខែសីហា ឆ្នាំ២០១៩នោះ ក្រសួងមហាផ្ទៃប្រទេសទាំងពីរ បានឯកភាពគ្នាកំណត់យកកិច្ចសហប្រតិបត្តិការចំនួន៤ ដូចជា ការផ្លាស់ប្តូរបទពិសោធន៍លើការងារគ្រសុវត្ថិភាពចរាចរណ៍នៅ ការពង្រឹងនិងពង្រីកភាពជាដៃគូរវាងរដ្ឋាភិបាល និងសង្គមស៊ីវិល ការបណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពកងកម្លាំងនគរបាល និងការចែករំលែកបទពិសោធន៍លើការងារដឹកនាំ និងគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ៕

អត្ថបទដែលជាប់ទាក់ទង