ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្តេចក្រឡាហោម ស ខេង អញ្ជើញចូលរួមជាអធិបតីក្នុងពិធីគម្រប់ខួបឆ្នាំទី៣២ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តស្វាយពពែ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីគម្រប់ខួបឆ្នាំទី៣២ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តស្វាយពពែ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។

ព្រះរាជពិធីប្រារព្ធក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោកជំទាវ ម៉ែន នារីសុភ័ក្ត្រ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបិណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងមានការនិមន្តចូលរួមពី សម្ដេចព្រះសង្ឃនាយករង ព្រះរាជាគណៈ ព្រះមេគណៈ សហការីគណៈព្រះមន្ត្រីសង្ឃ គ្រប់ឋានានុក្រម ទូទាំងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឯកឧត្ដម លោកជំទាវ ឧត្ដមទីប្រឹក្សា ទីប្រឹក្សាផ្ទាល់ សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី និងញាតិញោមមហាពុទ្ធបរិស័ទគ្រប់ទិសទី យ៉ាងច្រើនកុះករ ឱឡារិកអធិកអធម។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្តេចក្រឡាហោម ស ខេង សូមសម្តែងនូវគារវកិច្ចចំពោះព្រះវត្តមាន របស់សម្តេច ព្រះសង្ឃរាជ សម្តេចព្រះសង្ឃនាយករង ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងស្វាគមន៍ ចំពោះវត្តមានឯកឧត្តម លោកជំទាវ ឧកញ៉ា អស់លោក លោកស្រី ភ្ញៀវកិត្តិយស និងបងប្អូនពុទ្ធបរិស័ទ ដែលអញ្ជើញចូលរួមក្នុងពិធីដ៏អធិកអធមនេះ។

សម្តេច ក៏សូមថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចព្រះសង្ឃរាជ សម្តេចព្រះសង្ឃនាយករង ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមអរគុណចំពោះលោកអាចារ្យ គណៈកម្មការវត្ត និងពុទ្ធបរិស័ទនៅគ្រប់ទិសទី ដែលជានិច្ចកាលបានចូលរួមកសាងសមិទ្ធផលនានា បម្រើដល់បុព្វហេតុនៃព្រះពុទ្ធ សាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យមានការវិឌ្ឍរីកចម្រើនជាលំដាប់ ស្របតាម បរិបទប្រែប្រួលនៃសង្គមជាតិ ។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បន្តថា ព្រះពុទ្ធសាសនា គណៈធម្មយុត្តិកនិកាយ បានមកប្រតិស្ថាននៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៩១ ដែលនាពេលនោះ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ជាប្រធានរដ្ឋសភា បានលើកសំណើថ្វាយ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅពេលព្រះអង្គគង់ប្រថាប់ជាព្រះប្រធាន ឧត្តមក្រុមប្រឹក្សាជាតិជាន់ខ្ពស់។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បន្ថែមថា ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះអង្គបានសព្វព្រះរាជហឫទ័យយល់ព្រមបង្កើត ព្រះពុទ្ធសាសនា គណៈធម្មយុត្តិកនិកាយ នៅកម្ពុជា ហើយព្រះអង្គក៏បានសព្វព្រះ រាជហឫទ័យថ្វាយព្រះឋានៈ សម្តេច បួរ គ្រី ជា សម្តេចព្រះសុគន្ធាធិបតី សម្តេចព្រះសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ ចាប់តាំងពីពេលនោះមក។

សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានប្រសាសន៍គូសបញ្ជាក់ថា ក្នុងន័យនេះ គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួម យ៉ាងសំខាន់ក្នុងដំណើរនៃការកសាងសង្គមជាតិ និងការអប់រំទូន្មានប្រជាពលរដ្ឋឱ្យយល់ដឹងពីតម្លៃសីលធម៌រស់នៅក្នុងសង្គមដោយមិនឱ្យមានការរើសអើងជាតិសាសន៍ ពណ៌សម្បុរ ឬការប្រកាន់ជំនឿសាសនាណាមួយឡើយ ជាពិសេសការអប់រំស្រទាប់ យុវជនឱ្យយល់ដឹង អំពីតម្លៃនៃព្រះពុទ្ធសាសនា វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ ខ្មែរ ដែលជាអត្តសញ្ញាណរបស់ជាតិ រួមចំណែកកសាង និងអភិវឌ្ឍសង្គមជាតិឱ្យ មានការរីកចម្រើនជឿនលឿនជាលំដាប់ និងលើកស្ទួយកិត្យានុភាពឱ្យកាន់តែលេច ធ្លោលើឆាកអន្តរជាតិ ៕

អត្ថបទដែលជាប់ទាក់ទង