ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំត្រីមាសទី១ ឆ្នាំ២០១៩

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ រៀបចំនៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាការចាប់ផ្ដើម អង្គប្រជុំបានស្ដាប់របាយការណ៍ និងបទអន្តរាគមន៍ពាក់ព័ន្ធនឹងបញ្ហាចរាចរណ៍របស់អគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខេត្តកណ្ដាល និងរដ្ឋបាលខេត្តកំពង់ស្ពឺ អំពីស្ថានភាពចរាចរណ៍នៅក្នុងតំបន់រដ្ឋបាលនីមួយ ដោយមានទាំងវឌ្ឍនភាព បញ្ហាប្រឈម និងបានលើកសំណូមពរមួយចំនួនជូនកិច្ចប្រជុំពិភាក្សា និងសម្រេច។


បន្ទាប់មកសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញមានប្រសាសន៍ផ្ដល់ទស្សនៈ និងមតិណែនាំមួយចំនួនជូនអង្គប្រជុំ ដោយជាកិច្ចចាប់ផ្ដើមសម្ដេចបានបង្ហាញការកត់សំគាល់ចំពោះកំណើនគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល៣ខែដើមឆ្នាំ២០១៩ បើធៀបនឹងឆ្នាំ២០១៨កន្លងទៅ។

សម្ដេចក្រឡាហោមបានសម្ដែងការសោកស្ដាយដោយសារតែគ្រប់ភាគី បានបង្កើនការខិតខំប្រឹងប្រែងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែរ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែបំពានច្បាប់ និងបើកបរដោយការធ្វេសប្រហេស គួបផ្សុំនឹងភាពធូរលុងរបស់មន្ត្រីអនុវត្តមួយចំនួន ដែលជាហេតុនាំឲ្យគ្រោះថ្នាក់ចរាចរណ៍មានកំណើន ធ្វើឲ្យបង់បាង់ជីវិត រងរបួស និងខាត់បង់ទ្រព្យសម្បត្តិជាច្រើន។

សម្ដេចបានរំលឹកអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍រាជធានីខេត្ត យកចិត្តទុកដាក់ការងារអាទិភាព៤បន្តទៀត ទី១ ត្រូវកសាងផែនការការកម្មភាលម្អិត ដើម្បីអនុវត្តទិសដៅក្នុងត្រីមាសទី២ និងត្រីមាសបន្តឆ្នាំ២០១៩ ដោយកំណត់អំពីពេលវេលា ទីតាំង និងមន្ដ្រីទទួលខុសត្រូវ ហើយ រាយការណ៍មកអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកទៅតាមកាលកំណត់។

ទី២សម្ដេចបានណែនាំជំរុញការផ្សព្វផ្សាយអប់រំច្បាប់ និងបទដ្ឋានសុវត្ថិភាពចរាចណ៍ផ្លូវគោក ក្នុងមួយខែពីរលើក នៅតាមឃុំសង្កាត់ ដោយកំណត់យកមុខសញ្ញាអ្នកជិះម៉ូតូ អ្នកដឹកកម្មករ ដឹកអ្នកដំណើរ ដឹកទំនិញ និងអ្នកបើកគ្រឿងយន្តកសិកម្ម ហើយសម្ដេចក៏បានលើកទឹកចិត្តឲ្យក្រុមហ៊ុនដឹកជញ្ជូនចូលរួមអប់រំ និងណែនាំបុគ្គលិកបើករថយន្តរបស់ខ្លួនអំពីច្បាប់ និងសីលធម៌នៃការបើកបរដែរ។

កិច្ចការទី៣ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍រាជធានីខេត្ត ត្រូវជំរុញការរឹតបន្តឹងការអនុវត្តច្បាប់នៅតាមឃុំសង្កាត់១សប្ដាហ៍មួយលើក ដោយផ្ដោតលើមូលហេតុចំបងនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍នៅតាមមូលដ្ឋាននីមួយៗនោះ ហើយត្រូវត្រួតពិនិត្យមិនឲ្យមានអំពើអសកម្មរបស់មន្ត្រីអនុវត្តច្បាប់ និងត្រូវអនុត្តទោស ទៅតាមច្បាប់ឲ្យបានត្រឹមត្រូវ និងប្រកបដោយតម្លាភាព។

ចំណុចទី៤ សម្ដេចបានណែនាំឲ្យខិតខំបន្ថែមទៀតក្នុងការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ ពិសេសចំណតរថយន្ត និងដោះស្រាយការកកស្ទះចរាចរណ៍ ដោយក្នុងនោះ សម្ដេចបានសង្កត់ធ្ងន់ដល់អាជ្ញាធរត្រូវតម្រូវឲ្យម្ចាស់ភោជនីដ្ឋាន ឬកន្លែងផ្ដល់សេវាកម្មផ្សេងៗ ត្រូវរៀបចំចំណតសម្រាប់ភ្ញៀវរបស់ខ្លួនឲ្យបានត្រឹមត្រូវ ចៀសវៀងចតលើថ្នល់ និងចិញ្ចើមថ្នល់ដែលកំពុងកកស្ទះស្រាប់។

សម្ដេចក៏បានមានប្រសាសន៍គាំទ្រយន្តការបង្កើតកិច្ចសហការជាមួយម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ និងអ្នកដំណើរ ដើម្បីឈានទៅពិនិត្យរកសាធាតុញៀនចំពោះអ្នកបើកបររថយន្តទាំងនោះ ហើយ សម្ដេចក៏បានក្រៀនរំលឹកមន្ដ្រីអនុវត្តច្បាប់ទាំងអស់ ដាច់មិនត្រូវលើកលែងឬយោគយល់ចំពោះអ្នកបើកបរក្នុងស្ថានភាពស្រវឹងនោះឡើយ។

សម្ដេចក្រឡាហោម ស ខេង បានទាញអារម្មណ៍អង្គប្រជុំឲ្យផ្ដោតការយកចិត្តទុកដាក់ចំពោះការធ្វើចរាចរណ៍នៅរៀងរាល់ថ្ងៃបុណ្យឈប់សំរាកធំៗ ដែលតែងតែមានកំណើនការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ហើយសម្រាប់ឱកាសចូលឆ្នាំថ្មីនេះ សម្ដេចបានណែនាំឲ្យគណៈបញ្ជាការរាជធានី និងខេត្តត្រូវចាត់ចែងកម្លាំងចម្រុះចុះរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ និងផ្ដល់ការលឹកចិត្តជូនមន្ដ្រីដែលបំពេញការងារ៕

អត្ថបទដែលជាប់ទាក់ទង