សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងងមហាផ្ទៃ និងលោកជំទាវ អញ្ជើញបួងសួង បន់ស្រន់ សុំសេចក្តីសុខ ក្នុងឱកាសពិធិបុណ្យចូលឆ្នាំប្រពៃណីខ្មែរ
ខេត្តបាត់ដំបង ៖ នៅរសៀលថ្ងៃចន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ព្រមទាំងមន្ដ្រីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តបាត់ដំបង និងប្រជាពលរដ្ឋជាច្រើននាក់ បានញ្ជើញប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ នៅប្រសាទភ្នំពេបាណន់ នៅក្នុងខេត្តបាត់ដំបង។
ស្ថិតក្នុងបរិយាកាសប្រកបដោយជំនឿ និងសេចក្ដីជ្រះថ្លានេះ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួម បានបូជាទៀនធូប ផ្កាភ្ញី ព្រមទាំងគ្រឿងសក្ការៈបូជាជាច្រើនអនេក ដោយមានលោកអាចារ្យជាអធិបតីធ្វើពិធីសូមព្រះធម៌បួងសួង អមដោយការប្រគុំភ្លេងពិណពាទ្យទៅតាមប្រពៃណី និងទំនៀមទំលាប់ពីបុរាណកាល។
ពិធីបួងសួងតាមបែបសាសនាដ៏មហោឡារិកនេះ បានប្រារព្ធឡើងនៅក្នុងឱកាសនៃការឈានជិតមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ហើយក៏ជាបវេណីដែលសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន តែងតែដឹកនាំប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីបួងសួងវត្ថុសក្ដិសិទ្ធក្នុងលោក និងទេព្តាឆ្នាំថ្មី ជួយអភិបាលរក្សាមហាគ្រួសារខ្មែរឲ្យមានសេចក្ដី សុខចំរើន និងប្រទេសជាតិមានភាពរុងរឿង។
បន្ទាប់ពីបញ្ចប់ពិធីកម្មតាមបែបសាសនានេះ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន បានអញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីដែលបានអញ្ជើញមកចូលរូមពិធីបួងសួងសុំសេចក្ដីសុខហើយឱកាសដ៏ថ្លៃថ្លានេះ ដោយសម្ដេច និងលោកជំទាវ បានឧត្ថម្ភសម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនជូនប្រជាពលរដ្ឋ និងបានជូនពរពួកគាត់សូមមានសិរីសួស្ដី ជ័យមង្គលនាឱកាសឆ្នាំថ្មី៕