ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្តេចក្រឡាហោម ស ខេង ញ្ជើញចូលរួមទទួលព្រះរាជដំណើរព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងមាតុភូមិនិវត្តន៍

នារសៀលថ្ងៃអាទិត្យ ៧កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញចូលរួមទទួលព្រះរាជដំណើរព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងមាតុភូមិនិវត្តន៍ បន្ទាប់ពីបំពេញព្រះរាជទស្សនកិច្ចផ្លូវការ និងយាងចូលរួមក្នុងសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អភិរក្សអង្គរ នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង។

យាង និងអញ្ជើញទទួលព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាឱកាសនោះ រួមមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងសម្ដេច ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាតិ ព្រះញាតិវង្ស និងអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអោយដឹងថា តបតាមការសូមយាងរបស់លោកជំទាវ អូដ្រេ អាហ្ស៊ីឡាយ (Audrey Azoulay) អគ្គនាយិកាអង្គការ យូណេស្កូ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចូលរួមសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្ដីពីអង្គរ នៅទីស្នាក់ការកណ្តាលអង្គការ យូណេស្កូ ទីក្រុងប៉ារីស នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

នៅក្នុងជំនួបសវនាការមុនពិធីបើកសន្និសីទនេះ ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ យូណេស្កូ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ នាពេលកន្លងមក។ ព្រះករុណា ព្រះមហាក្សត្រ បានគូសបញ្ជាក់នូវតួនាទីយ៉ាងសំខាន់របស់អង្គការ យូណេស្កូ នៅកម្ពុជា និងជោគជ័យនៃយន្តការអន្តររដ្ឋាភិបាល ស្ដីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ (ICC Angkor) ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ ក្រោមព្រះរាជតម្រិះផ្តួចផ្តើម និងព្រះរាជអំពាវនាវ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»។

ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលលើកឡើងពីចំណុចសំខាន់ៗដែលជាគោល នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតទៅលើការអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេស លើជំនាញដូនតាខ្មែរ ការប្រយុទ្ធប្រឆាំងនឹងការជួញដូរវត្ថុបុរាណ ការត្រៀមរៀបចំចុះបញ្ជីបេតិកភណ្ឌនូវមរតករូបី និងអរូបីរបស់កម្ពុជានាពេលអនាគត ការបង្កើតក្របខ័ណ្ឌច្បាប់ ដើម្បីរក្សាការពារនូវតម្លៃអង្គរ ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងបានស្នើសុំអង្គការ យូណេស្កូ បញ្ជូនអ្នកជំនាញ បច្ចេកទេសមកកម្ពុជា ដើម្បីផ្ដល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការលើការងារទាំងនេះ។

ជាកិច្ចឆ្លើយតប លោកជំទាវ អូ អាហ្ស៊ីឡាយ បានគាំទ្រព្រះរាជសំណើទាំងឡាយរបស់ព្រះករុណា ព្រះមហាក្សត្រ ព្រមទាំងប្ដេជ្ញាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យនានា ដែលជាសមត្ថភាព និងជាកាតព្វកិច្ចរបស់អង្គការ យូណេស្កូ ដើម្បីលើកកម្ពស់គុណតម្លៃនៃបេតិកភណ្ឌមនុស្សជាតិ ថែរក្សាការពារ សហគមន៍មូលដ្ឋាន រក្សាលំនឹងរំហូរទេសចរតាមរយៈការគ្រប់គ្រងឆ្លាតវៃ ក៏ដូចជាថែរក្សានូវ តម្លៃសក្ការៈនៃរមណីយដ្ឋានប្រាសាទអង្គរ និងតំបន់បេតិកភណ្ឌផ្សេងៗទៀត។

បន្ទាប់មក នាពិធីបើកសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្ដីពីអង្គរ នៅក្នុងព្រះរាជសុន្ទរកថាគន្លឹះ ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលរំលឹកពីកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបំពេញការងារអស់រយៈពេលជាង៣០ឆ្នាំ ដើម្បីការពារ ជួសជុល និងគ្រប់គ្រងរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រទាំងអស់ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និង បានលើកឡើងពីការធានាបន្តនិរន្តរភាពការងារទាំងនេះ របស់រាជរដ្ឋាភិបាលថ្មីក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ព្រះករុណា ព្រះមហាក្សត្រ បានសព្វព្រះរាជហឫទ័យថ្លែងអំណរគុណចំពោះសហប្រធានបារាំង និងជប៉ុន ព្រមទាំងប្រទេសសមាជិកទាំងអស់ (ICC Angkor) ជាពិសេសសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋកូរ៉េ សាធារណរដ្ឋឥណ្ឌា សាធារណរដ្ឋម៉ីតាលី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស និងអង្គការ យូណេស្កូ ដែលបានផ្តល់នូវគំរូនៃការអនុវត្តកិច្ចសហប្រតិបត្តិការពហុភាគីដ៏ អស្ចារ្យប្រកបដោយប្រសិទ្ធភាព និងសាទរការបន្តអាណត្តិរបស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ក្នុង ទម្រង់បច្ចុប្បន្នសម្រាប់រយៈពេល១០ឆ្នាំបន្តទៀត។

ព្រះករុណា ព្រះមហាក្សត្រក៏បានសព្វព្រះរាជហឫទ័យថ្លែងអំណរគុណចំពោះអគ្គនាយក-អគ្គនាយិកាកន្លងទៅ និងបច្ចុប្បន្នរបស់អង្គការ យូណេស្កូ សម្រាប់ការ ដឹកនាំពោរពេញដោយក្តីស្រឡាញ់ពិតប្រាកដចំពោះកម្ពុជា។ ព្រះករុណា ព្រះមហាក្សត្រ បានសំដែងនូវព្រះទ័យសោមនស្សរីករាយផងដែរ ចំពោះការដាក់បញ្ចូលរមណីយដ្ឋានកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីពេលថ្មីៗនេះ។

ព្រះករុណា ព្រះមហាក្សត្រ ក៏បានសព្វព្រះរាជហឫទ័យថ្លែងព្រះរាជបន្ទូលស្វាគមន៍ចំពោះសេចក្ដី សម្រេចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានបង្ហាញពីឆន្ទៈយ៉ាងមោះមុតក្នុងការផ្តល់អាទិភាពលើវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងផែនការសកម្មភាពរបស់រាជរដ្ឋាភិបាល និងបានអំពាវនាវដល់អង្គការ យូណេស្កូ ឱ្យចូលរួមចំណែកក្នុងការបង្កើតកម្មវិធីបណ្តុះបណ្តាលថ្មីៗ ៕

អត្ថបទដែលជាប់ទាក់ទង