ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា អនុញ្ញាតឱ្យឯកអគ្គរាជទូត អារ៉ាប៊ីសាអូឌីត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
នារសៀលថ្ងៃពុធ ៣កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យឯកឧត្តម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូត អារ៉ាប៊ីសាអូឌីត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្វាគមន៍ និងចាត់ទុកវត្តមានរបស់ ឯកឧត្តម ឯកអគ្គរាជទូតនាពេលនេះថា ជាការបង្ហាញឱ្យឃើញអំពីការយកចិត្តទុកដាក់របស់ ឯកឧត្តម ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងអារ៉ាប៊ីសាអូឌីត និងព្រះរាជាណាចក្រកម្ពុជា ជាពិសេសជាមួយក្រសួងមហាផ្ទៃផ្ទាល់។
ឯកឧត្ដម អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត ក្នុងរយៈពេលជាង ១០ឆ្នាំ កន្លងមក ហើយមានសេចក្ដីសង្ឃឹមជឿជាក់ថា តាមរយៈបេសកកម្មរបស់ ឯកឧត្តម ឯកអគ្គរាជទូត កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងត្រូវបានបន្តពង្រឹងពង្រីកឥតឈប់ឈរ ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត។
ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានជម្រាបអំពីដំណើរការនៃការធ្វើសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ដែលពេលនេះកំពុងស្ថិតនៅក្នុងដំណើរការ នៃការកែសម្រួល និងរំពឹងថា សម្រេចបាននាពេលឆាប់ៗ។
ជាមួយគ្នានេះ ឯកឧត្តម Mohammed Ismaeil A. Dahlwy ក៏បានជម្រាប ឯកឧត្តម អភិសន្តិបណ្ឌិត អំពីសំណើឱ្យមានមន្រ្តីទំនាក់ទំនង ដើម្បីផ្លាស់ប្តូរព័ត៌មាន និងសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ពាក់ព័ន្ធនឹងពលរដ្ឋកម្ពុជា និងពលរដ្ឋអារ៉ាប៊ីសាអូឌីត៕