សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយនិវត្តន៍ជនជាមន្ត្រីរាជការស៊ីវិល សមាជិកសមាគមអតីតយុទ្ធជនជាជនពិការ
ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃចន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញជាអធិបតី ពិធីសំណេះសំណាលជាមួយនិវត្តជន ជាមន្ដ្រីរាជការស៊ីវិល សមាជិកសមាជគមអតីតយុទ្ធជនមានពិការភាពក្នុងក្រុងបាត់ដំបង និងមន្ដ្រីនគរបាលចូលនិវត្តន៍ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
យោងតាមរបាយការណ៍ប្រធានក្រុមចលនានិវត្តជន និងអតីតយុទ្ធជនខេត្តបាត់ដំបង គិតត្រឹមបច្ចុប្បន្ននេះ ខេត្តបាត់ដំបង មាននិវត្តជន៣៣២០នាក់ ជនបាត់បងសម្បទាវិជ្ជាជីវៈ១០៥នាក់ អតីតយុទ្ធជន១១៧៦០នាក់។ តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាល មន្ទីរសង្គមកិច្ចខេត្តបាត់ដំបង បានបើកប្រាក់ជូនពួកគាត់តាមប្រព័ន្ធធនាគារ១ខែ២លើក ហើយក្រុមចលនាក៏បានចុះសួរសុខទុក្ខពួកគាត់ជាបន្តបន្ទាប់ដែរ។
បន្ទាប់មក ក្នុងឱកាសប្រកបដោយភាពស្និតស្នាលនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញមានមតិសំណេះសំណាល ដោយសម្ដេចបានចាត់ទុកកម្មវិធីនាថ្ងៃនេះថា ជាការបង្កើនភាពជិតស្និត និងបញ្ជាក់កាន់តែច្បាស់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ចំពោះនិវត្តជន និងអតីតយុទ្ធជនទាំងអស់ដូចដែលបានធ្វើជារៀងរាល់ឆ្នាំ។
សម្ដេចឧបនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍ថាសមិទ្ធផលកំពុងមានសព្វថ្ងៃនេះ គឺជាផលកើតចេញពីការធ្វើពលីកម្មគ្រប់បែបយ៉ាងរបស់និវត្តជន និងអតីតយុទ្ធជនទូទាំងប្រទេសនិយាយជារួម និងក្នុងខេត្តបាត់ដំបងនិយាយដោយឡែក ដែលបានរួមគ្នាកសាងជាតិ តាំងពីប្រទេសស្ថិតក្នុងស្ថានភាពលំបាកក្រីក្រ រហូតមានសន្តិភាព និងការអភិវឌ្ឍសម្រាប់អ្នកជំនាន់ក្រោយដូចដែលគ្រប់គ្នាបានឃើញនាពេលនេះ។
សម្ដេចបានជំរាបជូននិវត្តជន និងអតីតយុទ្ធជន ថាតាមរយៈគោលនយោបាយកំណែទម្រង់ជាបន្តបន្ទាប់ និវត្តជន និងអតីតយុទ្ធជន ក៏បានទទួលអត្ថប្រយោជន៍ដោយផ្ទាល់ជាបន្តបន្ទាប់ដែរ ដូចជាការតម្លើងប្រាក់សោធននិវត្តន៍ ការផ្ដល់បេឡាជាតិរបបសន្តិសុខសង្គម ដែលនេះជាការបញ្ជាក់ថាទោះក្នុងស្ថានភាពយ៉ាងណាក៏ដោយ យើងទាំងអស់គ្នាទាំងកំពុងធ្វើការ និងចូលនិវត្តន៍ គឺមិនបានបោះបង់គ្នាចោលឡើយ។
ឆ្លៀតក្នុងឱកាសសំណេះសំណាលជាមួយនិវត្តជន និងអតីតយុទ្ធជនដែលភាគមានវ័យចំណាស់នោះ សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវពួកគាត់ សូមយកចិត្តទុកដាក់ថែរក្សាសុខភាពនារដូវក្ដៅនេះ ពិសេសពាក់ព័ន្ធនឹងសុវត្ថិភាពចំណីអាហារ ដោយត្រូវប្រកាន់គោលការណ៍អនាម័យ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីរក្សាសុខភាពឲ្យបានល្អ ក្នុងដំណាក់កាលដែលវ័យកាន់តែចាស់ពីមួយឆ្នាំទៅមួយឆ្នាំ។
ជាចុងបញ្ចប់នៃពិធីជួបសំណេះសំណាលនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានឧបត្ថម្ភថវិកជូនានិវត្តជនជាមន្ដ្រីរាជការស៊ីវិល សមាជិកសមាជគមអតីតយុទ្ធជនជាជនមានពិការភាពក្នុងក្រុងបាត់ដំបង និងមន្ដ្រីនគរបាលចូលនិវត្តន៍ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សរុប២៧១៦នាក់ ក្នុងម្នាក់ទទួលបាន៥ម៉ឺនរៀល៕