សម្ដេចក្រឡាហោម ស ខេង អញ្ជើញទទួលព្រះរាជដំណើរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី សម្ដេចព្រះរាជមាតុភូមិនិវត្តន៍ ពីទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន
នារៀលថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញទទួលព្រះរាជដំណើរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចព្រះរាជមាតុភូមិនិវត្តន៍ ពីទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
យាង និងអញ្ជើញទទួលព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាឱកាសនោះ រួមមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងសម្ដេច ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាតិ ព្រះញាតិវង្ស និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចយាងទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព តាមកាលបរិច្ឆេទទូលថ្វាយដោយក្រុមវេជ្ជបណ្ឌិតនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣៕