សម្ដេចក្រឡាហោម ស ខេង អញ្ជើញគោរពវិញ្ញាណខក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ឃឹម ឆេង ត្រូវជាម្ដាយបង្កើតរបស់ឯកឧត្តម សន្តិបណ្ឌិត សុខ ផល
នាព្រឹកថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញគោរពវិញ្ញាណខក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ឃឹម ឆេង ត្រូវជាម្ដាយបង្កើតរបស់ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ឃឹម ឆេង បានទទួលមរណភាពកាលពី ថ្ងៃអាទិត្យ ៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១០:១៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ ។
នៅក្នុងសាររំលែកមរណទុក្ខ របស់សម្ដេចក្រឡាហោម ជូនឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សម្ដេចក៏បានចាត់ទុកមរណភាពរបស់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ឃឹម ឆេង ជាការបាត់បង់ដ៏ធំធេងនូវអ្នកមានគុណជាម្តាយ និង ជីដូនជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាជាទីបំផុត ដែលកន្លងមក មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ឃឹម ឆេង បានតស៊ូពុះពារចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រធីតា រហូតក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនូបត្ថម្ភក៍ដ៏ សប្បុរសមួយរូបប្រកបដោយសមានចិត្តជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា ។
ជាមួយគ្នានោះ សម្ដេចក្រឡាហោម ក៏បានបញ្ជាក់ពីការចូលរួមរំលែកនូវមរណទុក្ខជាមួយឯកឧត្តម សន្តិបណ្ឌិត សុខ ផល និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ឃឹម ឆេង សូមបានទៅ កាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕