ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សារផ្ញើជូនបងប្អូនជនរួមជាតិ ជាទីគោរព និងជាមេត្រី!

នៅក្នុងរយៈពេលចុងក្រោយនេះ ជាពិសេសក្រោយពេលដែលរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភាត្រូវបានបង្កើតឡើង មជ្ឈដ្ឋានដែលមាននិន្នាការប្រឆាំងនៅតែបន្តលើកឡើងដដែលៗតាមរយៈបណ្តាញសង្គម សារព័ត៌មាននានា និងជាពិសេសតាមការឃោសនាអកុសល ប្រតិដ្ឋនូវព័ត៌មាននានាក្នុងបំណងដ៏កខ្វក់ដើម្បីបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ហើយបានយកឈ្មោះខ្ញុំជាប្រធានបទមួយសម្រាប់បម្រើមហិច្ឆតាទុច្ចរិត និងស្មោកគ្រោករបស់ពួកគេ ។

ក្នុងនាមខ្ញុំជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមជម្រាបជូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសបងប្អូនជនរួមជាតិដ៏ច្រើនលើសលប់ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា មេត្តាជ្រាបថា៖ ការលើកឡើងរបស់មជ្ឈដ្ឋានដែលមាននិន្នាការប្រឆាំងនេះ ជាការប៉ុនប៉ងទាំងល្ងិតល្ងង់ក្នុងគ្រាអស់សង្ឃឹម និងជាការបំផុសបំផុលដ៏គ្រោះថ្នាក់ដល់ប្រទេសជាតិ។ ខ្ញុំសូមអំពាវនាវឲ្យក្រុមជនអគតិ និងទុច្ចរិតទាំងនោះ បញ្ឈប់ជាបន្ទាន់រាល់ទង្វើទាំងឡាយណាដែលប៉ះពាល់ដល់សន្តិភាព ស្ថិរភាពនយោបាយ និងរាំងស្ទះដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា និងធ្វើឲ្យសាធារណជនមានការភ័ន្តច្រឡំលើគោលការណ៍ដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។

ជាថ្មីម្តងទៀត ខ្ញុំសូមអះអាងឡើងវិញនូវគោលជំហរដ៏ពេញទំហឹងឥតងាករេរបស់ខ្ញុំថា ខ្ញុំនៅតែបន្តគាំទ្រ និងលើកទឹកចិត្តតាមការដែលអាចធ្វើបាន រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានបំពេញភារកិច្ចរបស់ខ្លួនឲ្យបានសម្រេច និងទទួលបានជោគជ័យយ៉ាងល្អប្រសើរ តាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលបានប្រកាសកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។

សូមជូនពរបងប្អូនជនរួមជាតិ ជួបប្រទះតែសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ប្រការ។

សូមអរគុណ សន្តិភាព។

ថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣

សម្តេចក្រឡាហោម ស ខេង

អនុប្រធានគណបក្សប្រជាជនកម្ពុជា

ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

អត្ថបទដែលជាប់ទាក់ទង