ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តព្រៃវែង និងខេត្តបាត់ដំបង អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅសម្រាប់អនុវត្តឆ្នាំ២០១៩

បាត់ដំបង៖  នៅព្រឹកថ្ងៃអាទិត្យ ៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង។

យោងតាមរបាយការណ៍របស់ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង សន្និបាតនេះ បានបន្តផ្ដោតលើការកសាងរចនាសម្ព័ន្ធអង្គការចាត់តាំងយុវជន ការកសាងសមាជិកគណបក្សក្នុងជួរយុវជន ការពង្រឹងជំហរនយោបាយ សតិអារម្មណ៍ និងការចាត់តាំង ការផ្ដល់អាហារូបរកណ៍អប់រំបណ្ដុះបណ្ដាល និងវគ្គអប់រំនយោបាយ ការងារហិរញ្ញវត្ថុ សកម្មភាពឃោសនាបោះឆ្នោត និងសកម្មភាពតាមបណ្ដាញសង្គម។

មានប្រសាសន៍ក្នុងពិធីបិទសន្និបាត សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍សម្ដែងមនោសញ្ចេទនាសប្បាយរីករាយចំពោះយុវជនគណបក្សខេត្តបាត់ដំបង ដែលបានចំណាយពេលវេលាមានតម្លៃមកជួបជុំគ្នាធ្វើសន្នបាតនាថ្ងៃនេះ ហើយសម្ដេចក្នុងនាមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាពិតជាអរគុណ និងសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារយុវជនបក្សខេត្ត។

សម្ដេចបានមានប្រសាសាន៍ថា តាមរយៈការងារបក្ស យុវជនគណបក្សប្រជាជនកម្ពុជា បានជួយដល់ការងារជាច្រើនទៀត ដែលបំរើផលប្រយោជន៍សាធារណៈ ពិសេសប្រយោជន៍ប្រជាពលរដ្ឋ ហើយឆ្លងតាមរយៈសកម្មភាពអស់ទាំងនោះ សម្ដេចបានគូសបញ្ជាក់ថាយុវជនក៏កំពុងកសាងអនាគតខ្លួន៣ងដែរ តាមរយៈការទទួលបានចំណេះដឹង និងបទពិសោធន៍បន្ថែមពីលើចំណេះដឹងពីសាលារៀន ពិសេសគឺការរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា។

សម្ដេចបានមានប្រសាស៍ថាបទពិសោធន៍រយៈពេល៦០ឆ្នាំចុងក្រោយនេះ បានបញ្ជាក់យ៉ាងច្បាស់ថាកម្ពុជា មិនអាចដើរប្រាស់ចាកពីគន្លងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សបានឡើយ ហើយបច្ចុប្បន្ន បើទោះជាក្រុមប្រឆាំង និងមិត្តបរទេសខ្លះវាយតម្លៃខុសពីការពិតយ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជានៅតែបន្តការពារឯករាជ្យជាតិ បូរណភាពទឹកដី និងបន្តពង្រឹងមូលដ្ឋានគ្រឹះនៃដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាដោយសារតែកត្តាសុខសន្តិភាព កម្ពុជានៅតែបន្តរក្សាកំណើនសេដ្ឋកិច្ចល្អ៧ភាគរយ ហើយនេះជាមោទនភាពមួយដែលបញ្ជាក់ថាប្រសិនប្រទេយើងគ្រប់គ្រងមិនបានល្អ គ្មានសន្តិភាព ស្ថេរភាពនយោបាយ និងសន្តិសុខ អ្នកវិនិយោគ អ្នកទេសចរណ៍គ្មានភាពកក់ក្ដៅ ហើយគ្មានការចូលរួមពីប្រជាពលរដ្ឋទេនោះ ម្លេះកម្ពុជាមិនអាចមានកំណើនសេដ្ឋកិច្ចល្អដូចដែលគ្រប់គ្នាបានឃើញដូចបច្ចុប្បន្ននេះឡើយ។

ពាក់ព័ន្ធនឹងការប្រជែងការបោះឆ្នោត សម្ដេចក្រឡាហោម ស ខេង បានក្រើនរំលឹកថ្នាក់ដឹកនាំ និងយុវជនបក្សខេត្ត ថា ត្រូវយកចិត្តទុកដាក់បម្រេីរាស្ត្រ  ពីព្រោះនៅក្នុងសង្គមប្រជាធិបតេយ្យ ពលរដ្ឋគឺជាម្ចាស់អំណាចតាមរយៈការបោះឆ្នោត ពោលគឺបើយើងធ្វើអ្វីនាំឲ្យគាត់មិនពេញចិត្ត គាត់មានសិទ្ធិមិនបោះឆ្នោតឲ្យដើម្បីបញ្ជាក់ពីការមិនពេញចិត្តនោះ។

ដោយសារតែអង្គសន្និបាទភាគច្រើនជាយុវជន សម្ដេចក្រឡាហោម ស ខេង ក៏បានបន្តដាស់តឿនយុវជនខិតខំរៀនសូត និងធ្វើការងារយកបទពិសោធន៍ថ្មីៗឲ្យបានច្រើន ពីព្រោះដើម្បីក្លាយជាអ្នកបន្តវេនដ៏រឹងមាំរបស់បក្ស និងប្រទេសជាតិបាន តោងឲ្យយុវជនត្រូវមានទាំងចំណេះដឹង មានសមត្ថភាព និងបទពិសោធន៍ល្អ ដើម្បីបន្តដោះស្រាយបញ្ហាប្រឈមនានា សំដៅធានាបន្តរក្សាបាននូវភាពរីកចំរើនសម្រាប់ប្រទេសជាតិ។

ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចក្រឡាហោម ស ខេង បានបន្តមានប្រសាសន៍អំពីការរៀបចំបន្ទប់អប់រំពិសេសយ៉ាងហោចណាស់ឲ្យបានមួយនៅតាមអនុវិទ្យាល័យ និងវិទ្យាល័យ ដើម្បីឲ្យសាលារៀបចំកម្មវិធីចាក់បញ្ចាំងវីដេអូសអប់រំស្ដីអំពី ផលប៉ះពាល់នៃគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងវីដេអូអប់រំផ្សេងៗទៀត ដើម្បីឲ្យសិស្សានុសិស្សកាន់តែយល់ច្បាស់ និងចូលរូមជាវិជ្ជមានកាន់តែសកម្ម ដើម្បីដោះស្រាយបញ្ហាអស់ទាំងនេះ។

បន្ទាប់ពីបញ្ចប់សន្ទរកថា និងការមានមតិសំណេះសំណាលទៅកាន់អង្គសន្និបាត សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង បានឧបត្ថម្ភថវិកាជូនគ្រូឧទ្ទេសគណបក្សក្រុង ស្រុក អនុប្រធានក្រុមការងារយុវជនគណបក្សក្រុង ស្រុក ប្រធានគណៈកម្មាធិការ គ.២៧៨នៃក្រុង ស្រុក ប្រធានគណៈកម្មាធិការគណបក្សឃុំ សង្កាត់ និងប្រធានសកម្មជនយុជនគណបក្សឃុំសង្កាត់ ក្នុងម្នាក់ទទួលបានថវិកា៥ម៉ឺនរៀល៕

 

អត្ថបទដែលជាប់ទាក់ទង