សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ក្នុងពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ
ព្រៃវែង៖ នៅព្រឹកថ្ងៃសៅរ៍ ២កើត ខែចេត្រ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធី នៃពិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនពលរដ្ឋនៅស្រុកមេសាង ខេត្តព្រៃវែង។ ការអញ្ជើញមកដល់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី នាឱកាសនេះ បានទទួលការស្វាគមន៍ប្រកបដោយភាពរីករាយជាទីបំផុត ពីសំណាក់ប្រជាពលរដ្ឋ ដែលបានអញ្ជើញមកពីឃុំទាំង៨ ក្នុងស្រុកមេសាង ខេត្តព្រៃវែង។
អភិបាល នៃគណៈអភិបាលស្រុកមេសាង បានថ្លែងរបាយការណ៍ជូនអង្គពិធីថានៅថ្ងៃនេះ មានពលរដ្ឋប្រមាណ៣ពាន់នាក់ បានអញ្ជើញមកទទួលការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលនេះ គឺជាលើកទី២ហើយសម្រាប់ស្រុកមេសាង និងថាប្រជាពលរដ្ឋទូទាំងស្រុកមេសាងពិតជាមានសេចក្ដីត្រកអរជាទីបំផុត ចំពោះការចុះពិនិត្យ និងព្យាបាលជំងឺរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ពិសេសការអញ្ជើញជាអធីបតីរបស់សម្ដេចក្រឡាហោម ស ខេង នាថ្ងៃនេះ។
បន្ទាប់មកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញថ្លែងសន្ទរកថា និងមានមតិសំណេះសំណាលទៅកាន់អង្គពិធី ដោយជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម បានសម្ដែងសេចក្ដីរីករាយជាទីបំផុត ចំពោះការអញ្ជើញចូលរួមនាថ្ងៃនេះ និងបានផ្ដល់មតិណែនាំមួយចំនួនជូនពលរដ្ឋ ពាក់ព័ន្ធនឹងការថែទាំសុខភាពប្រចាំថ្ងៃ ពិសេសសុវត្ថិភាពចំណីអាហារ ដែលជាក្ដីបារម្ភរួមនាពេលបច្ចុប្បន្ននេះ។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ឲ្យពលដ្ឋ ទទួលទានដំណេកឲ្យបានគ្រប់គ្រាន់ទៅតាមសភាពនៃវ័យ និងត្រូវធ្វើកម្មភាពប្រចាំថ្ងៃឲ្យបានច្រើន ដើម្បីជាការហាត់ប្រាណ ហើយមួយគ្នានេះ ត្រូវប្រើប្រាស់កម្លាំងប្រចាំថ្ងៃក្នុងមុខរបរធ្វើស្រែចំការឲ្យសមល្មមទៅតាមសុខភាព ចៀសវាងការប្រើប្រាស់ថ្នាំ និងជីគីមី កសិកម្មហួសកម្រិត ឬបើអាចសូមចៀសវាងឲ្យបាន ដើម្បីកុំឲ្យប៉ះពាល់សុខភាពទាំងខ្លួនយើង និងអ្នកទទួលទានផ្សេងទៀត។
នាឱកាសនេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ទៅកាន់អង្គពិធី អំពីគោលនយោបាយអាទិភាពទាំង៤របស់រាជរដ្ឋាភិបាល គឺធនធានមនុស្ស ផ្លូវ ទឹក និងភ្លើង ដែលប្រយោជន៍ដោយផ្ទាល់ជូនប្រជាពលរដ្ឋនាពេលសព្វថ្ងៃនេះ។ សម្ដេចបានគូសបញ្ជាក់ថាគោលនយោបាយនេះ កំពុងស្ថិតក្នុងក្រសែភ្នែកពលរដ្ឋជារៀងរាល់ថ្ងៃ ពីព្រោះពលរដ្ឋពិតជាបានឃើញ បានដឹង ថាការអភិវឌ្ឍធនធានមនុស្ស ការស្ថាបនាផ្លូវ ការពង្រីកបណ្ដាញទឹក និងបង្កើនប្រភពទឹកប្រើប្រាស់ និងការពង្រាយបណ្ដាញអគ្គីសនី កំពុងមានការរីកចំរើន។
ដោយឡែក សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ជាថ្មីទៀត អំពីការពិនិត្យលទ្ធភាពរៀបចំបន្ទប់ពិសេសមួយនៅតាមអនុវិទ្យាល័យ ឬវិទ្យាល័យ ដើម្បីរៀបចំកម្មវិធីចាក់បញ្ចាំងវីដេអូអប់រំអំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ច្បាប់ស្ដីពីចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ និងវីដេអូអប់រំផ្សេងៗទៀតដើម្បីបណ្ដុះស្មារតីសិស្សានុសិស្សឲ្យមានការយល់ដឹងកាន់តែច្បាស់ និងចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាព សំដៅកាត់បន្ថយ និងឈានទៅលុបបំបាត់បញ្ហាប្រឈមទាំងនេះពីក្នុងសង្គមជាតិ។
សម្ដេចក៏បានគូសបញ្ជាក់ថាថ្នាក់ដឹនាំប្រទេស ខិតខំបំពេញការងារដូចសព្វថ្ងៃនេះ ចង់បានតែម្យ៉ាងគត់ គឺពលរដ្ឋមានសេចក្ដីសុខ មានជីវភាពធូរធារ ហើយប្រទេសជាតិមានសន្តិភាព។ សម្ដេចបានមានប្រសាសន៍ថាកត្តាទាំងនេះ គឺអាស្រ័យយើងទាំងអស់រួមសាមគ្គីគ្នាខិតខំបំពេញការងារប្រចាំថ្ងៃ ហើយរួមគ្នាថែរក្សាសន្តិភាពឲ្យបាន ពីព្រោះបទពិសោធន៍អតីតកាលបានផ្ដល់មេរៀនយ៉ាងច្បាស់ហើយថាដោយសារតែប្រទេសជាតិគ្មានសន្តិភាព យើងបានធ្លាក់ទៅក្នុងភ្លើងសង្គ្រាម កាប់សម្លាប់គ្នា និងឆ្លងកាត់ការលំបាករកទីបំផុតគ្មាន ទម្រាំអាចស្ដារប្រទេសជាតិឲ្យមានភាពរីកចំរើនដូចសព្វថ្ងៃ។
មុននឹងបញ្ចប់ពិធីសំណេះសំណាល សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលបានលះបង់ពេលវេលាចូលរួមសកម្មភាពមនុស្សធម៌មួយនេះ ដើម្បីបានពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋដោយឥតគិតថ្លៃ ហើយសម្ដេចក៏បានជូនពរពលរដ្ឋសូមមានសុខភាពល្អ ក្រោយពីទទួលបានការពិនិត្យ និងព្យាបាលនាថ្ងៃនេះ និងបានអញ្ជើញឧបត្ថម្ភថវិកា និងសម្ភារៈជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ពលរដ្ឋ សិស្សានុសិស្ស យុវជន រដ្ឋបាលស្រុកមេសាង និងអង្គភាពពាក់ព័ន្ធមួយចំនួនដែលបានចូលរួមកម្មវិធីនាថ្ងៃនេះ។
បន្ទាប់បញ្ចប់ពិធីសំណេះសំណាល សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញពិនិត្យការពិគ្រោះ ពិនិត្យ និងព្យបាលជំងឺជូនពលរដ្ឋរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា និងជួបសំណេះសំណាលដោយផ្ទាល់ជាមួយប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីមកពីឃុំទាំង៨ក្នុងស្រុកមេសាង ដែលកំពុងទទួលការពិនិត្យព្យបាល និងកំពុងរង់ចាំប្រកបដោយបរិយាសស្និតស្នាល និងគោរពស្រលាញ់យ៉ាងជ្រាលជ្រៅជាទីបំផុត៕