ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាថ្មី ១ខ្នង កម្ពស់២ជាន់ ចំនួន១២បន្ទប់ នៃអនុវិទ្យាល័យព្រែកនរិន្ទ ស្ថិតនៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង

នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាថ្មី ១ខ្នង កម្ពស់២ជាន់ ចំនួន១២បន្ទប់ នៃអនុវិទ្យាល័យព្រែកនរិន្ទ ស្ថិតនៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

លោក មិល សុផល អភិបាល នៃគណៈអភិបាលស្រុកឯកភ្នំ បានធ្វើរបាយការណ៍ឱ្យដឹងថាសមិទ្ធផលអគារសិក្សាថ្មី ១ខ្នង កម្ពស់២ជាន់ ចំនួន១២បន្ទប់ ដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ ចំណាយថវិកាសរុបចំនួន ២០០,០០០ដុល្លារ បានមកពីការចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន របស់ក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឯកភ្នំ និងសប្បុរសជនក្នុងស្រុក និងក្រៅស្រុក។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឯកភ្នំ ដែលមានឯកឧត្តមនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ ជាប្រធាន និងលោក ងូ ហេងជុំ ជាសប្បុរសជនដែលរួមចំណែកបរិច្ចាគនូវធនធានជាច្រើន និងលះបង់កម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការចូលរួមអភិវឌ្ឍវិស័យអប់រំ និងវិស័យផ្សេងៗជាច្រើនទៀតដើម្បីអភិវឌ្ឍមូលដ្ឋានស្រុកឯកភ្នំ។

សម្ដេចបានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់នូវគោលបំណងនិងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន រួមសុខ រួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីប្រទេសកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ ដើម្បី ឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា។

សម្ដេចបន្ថែមថា ព្រោះហេតុដូច្នេះហើយ ទើបក្នុងរយៈពេល៤៤ឆ្នាំកន្លងមកនេះ ចាប់តាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩មក គណបក្សប្រជាជនកម្ពុជា បានប្រមូលផ្ដុំកម្លាំងមហាសាមគ្គីជាតិ និងដឹកនាំប្រទេស សម្រេចបានជោគជ័យដ៏ ធំធេង បង្កើតបានសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ និងប្រជាជន។

ផ្អែកលើមូលដ្ឋាននៃការដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា សម្ដេចក្រឡាហោម ក៏បានជម្រាបជូនអង្គពិធីអំពីស្នាដៃរបស់រាជដ្ឋាភិបាលក្នុងរយៈពេល៥ឆ្នាំមកនេះ ដូចជាការថែរក្សាសុខសន្តិភាព និងការពាររាល់សមិទ្ធផលជាតិ, ការថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ, ការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ, ការលើកកម្ពស់ជីវភាពកម្មករនិយោជិត, និងការអនុវត្តនយោបាយការបរទេសជាដើម។

ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំអាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ច ខិតខំធ្វើអំពើល្អក្នុងសង្គម រួមគ្នាពង្រឹងយុត្តិធម៌សង្គម ខិតខំលើកកម្ពស់ការបម្រើសេវាសាធារណៈ និងដោះស្រាយសំណើរ សំណូមពរ សេចក្ដីត្រូវការជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងមិនមានការរើសអើង។

សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំពាវនាវប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ សូមត្រៀមអត្តសញ្ញាបណ្ណ និងឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ដើម្បីអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា និងសូមគ្រប់តួអង្គរួមគ្នាធ្វើឱ្យការបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង