ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

ដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៤ថ្ងៃ របស់សម្ដេចក្រឡាហោម ស ខេង

ភ្នំពេញ៖ នៅយប់ថ្ងៃសៅរ៍ ១០រោច ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញចាកចេញពីសាធារណរដ្ឋប្រជាមានិតចិន មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញហើយ បន្ទាប់ពីសម្ដេចបានបិទបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣០ ខែមីនានេះ។

ដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៤ថ្ងៃមកនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមកិច្ចប្រជុំទ្វេភាគី និងធ្វើជាសហអធិបតីជាមួយ ឯកឧត្តម ចាវ ឃើជឺ សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងពិធីបើកជាផ្លូវការ «ឆ្នាំសហប្រតិបត្តិការអនុវត្តច្បាប់ កម្ពុជា ចិន ឆ្នាំ២០១៩»។

កម្មវិធីនេះ ត្រូវបានប្រារព្ធឡើងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីខែមករា ឆ្នាំ២០១៩ បានជួបពិភាក្សាគ្នា និងព្រមព្រៀងកំណត់យកឆ្នាំ២០១៩ ជាឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាង កម្ពុជា និងចិន។

យន្តការនេះ មានគោលបំណងធ្វើឲ្យកាន់តែមានប្រសិទ្ធភាព នូវកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ជាពិសេស ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសតាមប្រព័ន្ធអ៊ីនធើណិត អំពើភេវរកម្ម ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងគ្រឿងញឿន និងការកសាងសមត្ថភាពមន្រ្តីអនុវត្តច្បាប់។

ក្នុងជំនួបនាឱកាសបំពេញទស្សនកិច្ចផ្លូវការនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម ចាវ ឃើជឺ រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ឈរលើគោលការណ៍គោរពអធិបតេយ្យ ស្របតាមច្បាប់នៃប្រទេសរៀងៗខ្លួន និងមិត្តភាពជាភាតរៈ។

បន្ទាប់មក ភាគីទាំងពីរ បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់ៗចំនួន៣ រួមមាន ១,អនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមមធ្យោបាយទូរគមនាគមន៍ ២,ផែនការសកម្មភាពសម្រាប់អនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងមហាផ្ទៃ និងក្រសួងសន្តិសុខសាធារណៈចាប់ពីឆ្នាំ២០១៩ដល់ឆ្នាំ២០២៤ និង៣,ផែនការការងារសម្រាប់ឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ឆ្នាំ២០១៩ រវាងក្រសួងមហាផ្ទៃ និងក្រសួងសន្តិសុខសាធារណៈ។

ក្រៅពីជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងសន្តិសុខសាធារណៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានជួបពិភាក្សាជាមួយ ឯកឧត្តម ហ្គ័រ សាំងឃុន សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្ស និងជាលេខាគណៈកម្មាធិការកណ្ដាលកិច្ចការនយោបាយ និងច្បាប់នៃបក្សកុម្មុយនីស្តចិន និងឯកឧត្តម ឆិន វិនឈីង សមាជិកគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីក្រសួងសន្តិសុខជាតិ នៃសាធារណរដ្ឋប្រមានិតចិនដែរ។

នៅក្នុងជំនួបដ៏មានសារៈនោះ សម្ដេចក្រឡាហោម ស ខេង និងសមភាគីចិន បានជជែកពិភាក្សាគ្នាអំពីកិច្ចការមួយចំនួន រួមមានការផ្លាស់ប្ដូរប្រតិភូដើម្បីដកបទពិសោធន៍ការងារ ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដល់កងកម្លាំងអនុវត្តច្បាប់ និងការវាយតម្លៃការអនុវត្តអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន៕

 

អត្ថបទដែលជាប់ទាក់ទង