ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ

នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ។

ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ គឺជាការទទួលស្គាល់ នៃកម្រិតអប់រំដ៏ខ្ពង់ខ្ពស់បំផុតរបស់របស់ សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ដែលត្រូវផ្ដល់ជូនដល់ឥស្សរៈជន ឬបុគ្គលឆ្នើម ដែលមានកិត្តិយសខ្ពង់ខ្ពស់ និងមានការទទួលស្គាល់ពិសេសចំពោះសមិទ្ធដ៏សំខាន់ៗ ស្របតាមបេសកកម្មរបស់ សាកលវិទ្យាល័យ។

ឯកឧត្តមបន្តថាគណៈកម្មាធិការវាយតម្លៃថ្នាក់បណ្ឌិត បានពិនិត្យយ៉ាងម៉ត់ចត់នូវស្មារដៃទាំងឡាយរបស់ សម្ដេចក្រឡាហោម និងបានឯកភាពគ្នាជាឯកឆ័ន្ទ សម្រេចនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ថា ស្មារដៃរបស់សម្ដេចក្រឡាហោម ក្នុងផ្នែកអភិវឌ្ឍជនបទ មានលក្ខណៈដ៏ខ្ពង់ខ្ពស់ឧត្តុង្គឧត្តម និងមានតម្លៃលើសលប់ទាំងផ្នែកសិក្សា សេដ្ឋកិច្ច និងសង្គម ក្នុងកម្រិតខ្ពស់ សម្រាប់ប្រគល់ជូនពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ នូវសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ជូនបេក្ខជនសម្ដេចក្រឡាហោម។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាភិបាលក្រុមប្រឹក្សាវិទ្យាសាស្ត្រគណៈកម្មការវាយតម្លៃថ្នាក់បណ្ឌិត របស់សាកលវិទ្យាល័យ ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡាដែលបានវាយតម្លៃ និងគាំទ្រចំពោះស្នាដៃរបស់សម្ដេច ហើយសម្រេចផ្ដល់នូវ សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ជនបទដល។

សម្ដេចមានប្រសាសន៍ថា យើងទាំងអស់គ្នាមើលឃើញស្រាប់នៅទីនេះ រយៈពេល៣០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ក្រោមចក្ខុវិស័យដ៏វែងឆ្ងាយរបស់សសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងរូបសម្ដេចផ្ទាល់ ព្រមទាំងឥស្សរជនជាន់ខ្ពស់ និងសប្បុរសជននានា បានធ្វើឱ្យនិស្សិតបញ្ចប់ការសិក្សាជិតពីរម៉ឺននាក់ក្លាយជាធនធានមនុស្សដ៏សំខាន់ចូលរួមក្នុងការបម្រើការងារនៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន សង្គមស៊ីវិល និងខ្លះទៀតបានបង្កើតជាសហគ្រាស ក្រុមហ៊ុន និងអាជីវកម្មផ្ទាល់ខ្លួនប្រកបដោយសមត្ថភាពវិជ្ជាជីវៈខ្ពស់ ឧត្តមភាព សេចក្តីថ្លៃថ្នូរ និងកិត្តិយស រួមចំណែកដល់ការអភិវឌ្ឍន៍ខ្លួនឯង គ្រួសារ សហគមន៍ និងសង្គមជាតិមកទល់បច្ចុប្បន្ន។

សម្ដេចរម្លឹកថាជាតំបន់ដាច់ស្រយាល នៃប្រទេសក៏ដោយ សិស្សដែលបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិនៅតំបន់នេះ ក៏ដូចជា តំបន់ដទៃទៀតទូទាំងប្រទេស អាចមានលទ្ធភាពបន្តការសិក្សាដល់ថ្នាក់ឧត្តមសិក្សានៅទីនេះ។ សម្ដេចនៅតែជឿជាក់ឱ្យតម្លៃនិងគាំទ្រជានិច្ចលើការអប់រំនៅគ្រប់កម្រិត ជាពិសេសកម្រិតឧត្តម សិក្សា និងកម្រិតអប់រំបច្ចេកទេសវិជ្ជាជីវៈ ដែលជាស្ពានចម្លងមនុស្សគ្រប់គ្នាទៅរកមុខជំនាញវិជ្ជាជីវៈប្រចាំជីវិត ដែលមានន័យថា ពលរដ្ឋម្នាក់ត្រូវមានជំនាញមួយច្បាស់លាស់យ៉ាងតិច ដើម្បីចិញ្ចឹមជីវិត។ ដូច្នេះហើយ ដរាបណាសម្ដេចនៅមានកម្លាំង និងធនធាន សម្ដេចនៅតែបន្តគាំទ្រ ដល់វិស័យអប់រំដើម្បីជំរុញការអភិវឌ្ឍជាតិ។

សម្ដេចបានអរគុណចំពោះថ្នាក់ដឹកនាំសាកលវិទ្យាល័យ ក៏ដូចជា សាស្ត្រាចារ្យនៅក្នុងសាកលវិទ្យាល័យ ដែលបានផ្ដល់នូវការវាយតម្លៃខ្ពស់សម្រាប់សម្ដេច ហើយចាប់ផ្ដើមពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារនេះហើយ ដែលសម្ដេចមានមូលដ្ឋានដើម្បីស្វែងរកបង្កើតគ្រឹះស្ថានឧត្តមសិក្សានៅទីតាំងផ្សេងទៀតនៅតាមបណ្តាខេត្ត ដើម្បីបំពេញតម្រូវការមូលដ្ឋានក្រៅពីរាជធានីភ្នំពេញដើម្បីបង្ខិតឱ្យកាន់តែជិតប្រជាពលរដ្ឋ ជាពិសេស ក្មួយៗសិស្ស-និស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សានៅរាជធានីបាន ព្រោះកាលជំនាន់សម្ដេចរៀន កុំថាឡើយថ្នាក់ឧត្តមសិក្សាសូម្បីថ្នាក់បឋមសិក្សាឬថ្នាក់មធ្យមសិក្សា ក៏មានការលំបាកក្នុងការស្វែងរកសាលារៀនដែលនៅជិតផ្ទះដែរ។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេខបានថ្លែងអំណរគុណចំពោះសម្តេច ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា ដែល បានបង្កលក្ខណៈងាយស្រួលធ្វើឱ្យសាកលវិទ្យាល័យមានដំណើរការល្អ និងមានការរីកចម្រើន។ ទន្ទឹមនេះដែរសម្ដេខក៏សូមអំពាវនាវចំពោះសប្បុរសជនទាំងអស់ មេត្តាបន្តជួយឧបត្ថម្ភ គាំទ្រ ទាំងស្មារតី សម្ភារ និងថវិកាតទៅទៀត ដើម្បីអាចឱ្យមជ្ឈមណ្ឌលជាតិអប់រំ និងបណ្ដុះបណ្តាល ជាស៊ីមកំចាយមារ មានលទ្ធភាពដាក់ឱ្យដំណើរការឆាប់រហ័ស និងសម្រេចតាមផែនការនៅ ឆ្នាំសិក្សាថ្មីខាងមុខ។

ព្រមជាមួយនេះគ្នាដែរ សម្ដេចក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុម ប្រឹក្សាភិបាល, គណៈគ្រប់គ្រង, គណៈកម្មការសាងសង់, បុគ្គលិក, សាស្ត្រាចារ្យ, ដៃគូសហ ប្រតិបត្តិការជាតិ-អន្តរជាតិ និងក្មួយៗទាំងអស់ សូមបន្តលើកស្ទួយវិស័យអប់រំនៅសាកល វិទ្យាល័យជាតិជាស៊ីមកំចាយមារឱ្យកាន់តែល្អប្រសើរ ជាពិសេស ការបណ្តុះបណ្តាល ធនធានមនុស្សសម្រាប់បន្តវេននិងជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិ។

សម្ដេចបានសង្កត់ធ្ងន់ថា បច្ចុប្បន្ន ក្រោមការ ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កុំថាឡើយថ្នាក់ចំណេះទូទៅ សូម្បីថ្នាក់ឧត្តមសិក្សា ក៏មានគ្រឹះស្ថានឧត្តមសិក្សាជាច្រើនទាំងរដ្ឋ និងឯកជន ត្រូវបានបង្កើតឡើង នៅតាមបណ្ត ខេត្តស្ទើរតែទូទាំងប្រទេស។ សម្ដេចបន្តថាការទទួលនូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៏ជនបទពីសាកល វិទ្យាល័យជាតិជាស៊ីមកំចាយមារ ដែលជាការទទួលស្គាល់នៃកម្រិតអប់រំខ្ពស់បំផុតរបស់ សាកលវិទ្យាល័យ ដែលត្រូវបានផ្ដល់ជូនដល់ឥស្សរជន និងបុគ្គលដែលមានកិត្តិយសខ្ពស់ បំផុត និងមានការទទួលស្គាល់ពិសេសចំពោះសមិទ្ធផលសំខាន់ៗ និងភាពខុសគ្នា នៅក្នុង វិស័យ ឬសកម្មភាពដែលស្របតាមបេសកកម្មរបស់សាកលវិទ្យាល័យ។

សម្ដេចបានមានប្រសាសន៍ទៀតថា« សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៏ជនបទ ដែលរូបខ្ញុំទទួលបាននាឱកាសនេះ គឺពិតជាមានអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់រូបខ្ញុំ ហើយនេះក៏ជាមោទនភាពមួយផងដែរ ពីព្រោះគ្រប់យ៉ាងដែលខ្ញុំបានខិតខំប្រឹងប្រែងគឺដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ខ្ញុំពិតជាអរគុណចំពោះការវាយតម្លៃនូវគុណសម្បត្តិរបស់ខ្ញុំទាក់ទងនឹងផ្នែកអភិវឌ្ឍន៍ ជនបទ។ អរគុណនិងមានមោទនភាពជាមួយអ្វីដែលបានកើតឡើងក្នុងជីវិតរយៈពេលជាង ៧០ឆ្នាំមកនេះ»។

ជាមួយនឹងការទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនេះ សម្ដេចក្រឡាហោម បានថ្លែងថ្វាយនូវសេចក្ដីថ្លែងអំណរព្រះគុណការអរគុណ ថ្វាយព្រះករុណាព្រះមហាក្សត្រក៏ដូចជាសម្តេចព្រះវររាជមាតាជាតិខ្មែរ ដែលជានិច្ចកាលព្រះអង្គ បានគាំទ្រចំពោះការងាររបស់សម្ដេច និងបានផ្ដល់ឱកាសឱ្យសម្ដេចបានបម្រើជាតិ និងបានផ្សារភ្ជាប់ ខ្លួនជាមួយនឹងប្រជាជាតិ។ ទន្ទឹមនេះ សម្ដេចក៏ថ្លែងអំណរអរគុណចំពោះរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលបានប្រគល់ភារកិច្ចជាប្រធានក្រុមការងារចុះមូលដ្ឋាននៅខេត្តចំនួន២ គឺខេត្តបាត់ដំបង និងខេត្តព្រៃវែង ដែលធ្វើឱ្យសម្ដេចបានរួមចំណែកកសាងសមិទ្ធផលជាច្រើននៅក្នុងភូមិសាស្ត ខេត្តទាំងពីរនេះ។

ជាមួយគ្នានេះ សម្ដេចក៏ថ្លែងអំណរគុណចំពោះមន្ត្រីនៅក្នុងជួររាជរដ្ឋាភិបាល កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាមន្ត្រីរាជការនៅទូទាំងប្រទេស ដែលបានខិតខំយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស កម្មវិធីកំណ ទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ និងកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា និងបានចែករំលែកគុណសម្បត្តិ និងកិត្តិយសដែលសម្ដេចទទួលបាននេះ ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង