ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ

នាព្រឹក​ថ្ងៃពុធ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ច​ស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត មានប្រវែងសរុប ១៣៥,១០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ ផ្លូវនេះមានខ្សែផ្លូវឆ្លងកាត់ខេត្តកណ្តាល ប្រវែង ៤,១គីឡូម៉ែត្រ ខេត្តព្រៃវែង ប្រវែង ៧០,៩គីឡូម៉ែត្រ និងខេត្តស្វាយរៀង ប្រវែង ៦០,១គីឡូម៉ែត្រ គ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ ១,៣៥ប៊ីលានដុល្លារអាមេរិក ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបបត្តិការ -ផ្ទេរ(BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ឆ្នាំ ក្នុងនោះ ២០ភាគរយ ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និង ៨០ភាគរយ ជាប្រាក់កម្ចីរបស់ក្រុមហ៊ុន។

នាឱកាសនោះ សម្ដេចតេជោក៏បានបើកការដ្ឋានសាងសង់​ស្ពាន​ឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពានផងដែរ។ រាជរដ្ឋាភិបាល បានសម្រេចឱ្យមានការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ពីឃុំដីឥដ្ឋ ស្រុកកៀនស្វាយ (ពីផ្លូវក្រវាត់ក្រុងខ្សែទី៣) ទៅដល់ឃុំថ្មគរ ស្រុកល្វាឯម និងតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត។ ស្ពាននេះជាប្រភេទស្ពានបេតុង មានប្រវែង ១,៦០០ ម៉ែត្រ ទទឹង ២៦ម៉ែត្រ និងផ្លូវតភ្ជាប់ទាំងសងខាងពីក្បាលស្ពានមានប្រវែង ២,១០០ម៉ែត្រ ទទឹង ២៦ម៉ែត្រ ក្រាលបេតុងកៅស៊ូ AC កម្រាស់ ១០ សង់ទីម៉ែត្រ រួមទាំងការសាងសង់ផ្លូវទិសចរាចរណ៍ចំនួន ១ កន្លែង និងផ្លូវក្រោមស្ពានចំនួន ២កន្លែង ហើយប្រជាពលរដ្ឋអាចឆ្លងស្ពាននេះដោយមិនគិតថ្លៃឡើយ។

ដោយឡែកស្ពានឆ្លងកាត់ទន្លេមេគង្គ គ្រោងចំណាយថវិកាសរុបប្រមាណ ២៣២,៥៨លានដុល្លារអាមេរិក ដែលជាថវិកាវិនិយោគរបស់រាជរដ្ឋាភិបាល រួមជាមួយនឹងថវិកាបដិភាគសម្រាប់ការបោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ គម្រោងទាំងពីរនេះនឹងអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤៨ខែ គ្រោងនឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧៕

អត្ថបទដែលជាប់ទាក់ទង