ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ទទួលបានជ័យលាភី មេដាយមាស ប្រាក់ និងសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម

នារសៀលថ្ងៃអាទិត្យ ១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ទទួលបានជ័យលាភី មេដាយមាស ប្រាក់ និងសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីថាក្នុងចំណោមមេដាយចំនួន ២៨២គ្រឿងដែលកម្ពុជាដណ្ដើមបានពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កីឡាករ កីឡាការិនីនៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃបានរួមចំណែកយ៉ាងធំធេងដោយដណ្ដើមបានមេដាយសរុបចំនួន ១៣២គ្រឿង ក្នុងនោះមេដាយមាសចំនួន ៣៥គ្រឿង ប្រាក់៣៤គ្រឿង និងសំរឹទ្ធ៦៣។

ឯកឧត្តមអនុរដ្ឋលេខាធិការបន្តថាការរួមចំណែកបានមេដាយនេះ បើគិតជាភាគរយ ស្មើនឹង ៤៦,៨ភាគរយ ហើយកាន់តែមោទកភាព និងក្ដីរីករាយទៀតនោះ ដោយកីឡាការិនីជាកងកម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃ គឺលោកវរសេនីយ៍ត្រី ប៉ាល់ ឆរស្មី បានជាប់ជាអត្តពលិកឆ្នើមបំផុត ដោយដណ្ដើមេដាយសរុបចំនួន៦គ្រឿង លើប្រភេទកីឡាវូវីណាម រួមមានមេដាយមាស៤គ្រឿង ប្រាក់១ និងសំរឹទ្ធ១ ខណៈអត្តពលិកក្រសួងមហាផ្ទៃម្នាក់ទៀតដណ្ដើមមេដាយមាសចំនួន៣គ្រឿងម្នាក់ឯង និង៩រូបផ្សេងទៀតដណ្ដើមបានមេដាយមាសម្នាក់២គ្រឿង។

ក្នុងឱកាសនោះដែរ ជំនួសមុខកីឡាករ កីឡាការិនី និងថ្នាក់ដឹកនាំក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឯកឧត្តម សរ សិទ្ធិ បានបានថ្លែងអំណរគុណជូនសម្ដេចក្រឡាហោមដែលបានផ្ដល់ការលើកទឹកចិត្តកីឡាករកីឡារិនីជ័យលាភីនូវទឹកប្រាក់សរុបចំនួន ២២០.៨០០.០០០រៀល បានផ្ដល់នូវការលើកទឹកចិត្តដំឡើងឋាន្តរស័ក្ដិជូនអត្តពលិកមានស្នាដៃ ព្រមទាំងបានផ្ដល់ក្របខណ្ឌជូនអត្តពលិកមានស្នាដៃជាមន្រ្តីនគរបាលជាតិ។ ក្នុងឱកាសនោះដែរ កីឡាករកីឡាការិនីក៏បានថ្លែងដឹងគុណជូនសម្ដេចក្រឡាហោម ស ខេង ផងដែរ។

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានចាត់ទុកលទ្ធផលនៃចំនួនមេដាយដែលអត្តពលិកក្រសួងមហាផ្ទៃរួមចំណែកដណ្ដើមបាននេះថាកិត្តិយសរបស់រាជរដ្ឋាភិបាល និងកិត្តិយសរបស់ជាតិទាំងមូល។ សម្ដេចបានថ្លែងកោតសរសើរដោយស្មោះអស់ពីដួងចិត្ត និងបានជូនពរអត្តពលិក និងកីឡាករកីឡាករិនីក្រសួងមហាផ្ទៃទាំងអស់សូមទទួលបានជោគជ័យថ្មីៗបន្ថែមទៀតក្នុងការប្រកួតកីឡាទាំងកម្រិតជាតិ និងអន្តរជាតិនាពេលខាងមុខ។

សម្ដេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ជូនអង្គពិធីផងដែរអំពីគោលការណ៍នៃការផ្ដល់ក្របខណ្ឌជូនអ្នកមានស្នាដៃ និងការរៀបចំក្របខណ្ឌមន្រ្តីនគរបាលជាតិជាប្រចាំឆ្នាំ ដោយបញ្ជាក់ថាជាគោលការណ៍ ក្រសួងមិនបានស្នើសុំសម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលនូវចំនួនក្របខណ្ឌលើសពីភាពជាក់ស្ដែងនោះទេ។ ភាពជាក់ស្ដែងត្រូវបានសម្ដេចពន្យល់ថាបើនៅក្នុងឆ្នាំចាស់មានមន្រ្តីចូលនិវត្តន៍ ឬបញ្ឈប់ ឬដោយប្រការណាមួយក្នុងចំនួន៣ពាន់នាក់ ក្រសួងនឹងស្នើសុំបំពេញបន្ថែមតែ៣ពាន់នាក់នោះទេ ពោលគឺមិនអាចស្នើសុំលើសដែលនាំឱ្យប៉ះពាល់ដល់ការចំណាយរបស់រដ្ឋនោះទេ។

ពីវេទិកាអធិបតីនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ផ្ដល់ទស្សនាទានអំពីស្នាដៃសំខាន់ៗដែលរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រេចបានក្នុងរយៈពេល៥ឆ្នាំ ពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២៣នេះ ព្រមទាំងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការរៀបចំការបោះឆ្នោតជាទៀងទាត់តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ក្នុងនោះរួមទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង