ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

ឯកឧត្តម ស សុខា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ មន្រ្តីរាជការ កងកម្លាំង អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត និងអ្នកប្រកបរបរក្រៅប្រព័ន្ធ ចំនួន ៤ ៩២៩នាក់ ក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ មន្រ្តីរាជការ កងកម្លាំង អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត និងអ្នកប្រកបរបរក្រៅប្រព័ន្ធ ចំនួន ៤ ៩២៩នាក់ ក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង។

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ស សុខា ក្នុងនាមសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាក្រោមកាតដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើររដ្ឋបាលក្រុងព្រៃវែង មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធចំណុះរដ្ឋបាលក្រុងទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចសម្រេចបានសមទ្ធផលថ្មីៗជាបន្តបន្ទាប់ រួមចំណែកធ្វើឱ្យរាជរដ្ឋាភិបាលសម្រេចបានជោគជ័យនូវគោលនយោបាយក្នុងនីតិកាលទី៦ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣នេះ។

ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានថ្លែងដោយក្ដីគោរពចំពោះគុណបំណាច់នៃការរួមចំណែកដ៏ធំធេងរបស់និវត្តជន និងយោធិនទាំងអស់ក្នុងក្រុងព្រៃវែង ដែលតស៊ូធ្វើពលិកម្មយ៉ាងលំបាកលំបិនដើម្បីបុព្វហេតុសន្តិភាព ការបង្រួបបង្រួម និងអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ។ ឯកឧត្តមបានមានប្រសាសន៍ថា ថ្នាក់ដឹកនាំ និងមន្រ្តីជំនាន់ក្រោយ បានចងចាំ និងកត់ត្រាទុកជាប្រវត្តិសាស្រ្តនូវការចូលរួមចំណែករបស់អតីតថ្នាក់ដឹកនាំ អតីតមន្រ្តីរាជការ និងអតីតកងកម្លាំងប្រដាប់វុធទាំងអស់ ព្រមទាំងប្ដេជ្ញាបន្តពូនជ្រំការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនសម្រាប់អ្នកជំនាន់ក្រោយៗទៀត។

ពីវេទិកាសំណេះសំណាលនោះដែរ ឯកឧត្តម ស សុខា ក៏បានបញ្ជាក់ជូនអង្គពិធីអំពីសភាពការណ៍សាកលដែលមានការប្រឈមនឹងបញ្ហាស្មុគស្មាញ ដូចជាជំងឺឆ្លងកូវីដ-១៩ដែលនៅតែមិនទាន់បញ្ចប់ ការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ វិបត្តិសង្គ្រាមរុស្សី និងអ៊ុយក្រែន ការប្រែប្រួលអាកាសធាតុកាន់តែអាក្រក់ និងបទល្មើសមិនប្រពៃណីជាអន្តរជាតិផ្សេងៗទៀត។ សម្រាប់កម្ពុជា ឯកឧត្តមបន្តថាទន្ទឹមនឹងការប្រឈមបញ្ហាសាកលដូចបានបញ្ជាក់មកនេះ ក្រុមប្រឆាំងជ្រុលនិយម ក៏នៅតែមិនបោះបង់ផែនការបំផ្លាញសុខសន្តិភាព និងស្ថេរភាពសង្គមនោះដែរ។

ទោះមានការប្រឈមបែបនេះក៏ដោយ ឯកឧត្តមបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តដឹកនាំប្រកបដោយភាពត្រឹមត្រូវ និងត្រូវបានចូលរួមគាំទ្រយ៉ាងសកម្មពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់ថ្នាក់ រួមទាំងក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង ធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយ ធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

ភ្ជាប់នឹងសមិទ្ធផលសុខសន្តិភាពនេះ ឯកឧត្តមបានបន្តគូសបញ្ជាក់ជូនអង្គពិធីអំពីសមិទ្ធផល និងស្នាដៃធំៗជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងរយៈពេល ៥ ឆ្នាំ ក្នុងនោះមានដូចជា កិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ការគោរពប្រតិបត្តិរដ្ឋធម្មនុញ្ញ ការគោរពប្រតិបត្តិប្រកបដោយភក្ដីភាពដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះព្រះមហាក្សត្រ និងរបបរាជានិយម ការបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការរៀបចំជោគជ័យនូវកិច្ចប្រជុំអាស៊ាន និងព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាដើម។

នៅចុងបញ្ចប់នៃពិធីសំណេះសំណាល ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក៏បានផ្ដល់កិត្តិយសបំពាក់មេដាយជូនអតីតមន្រ្តីរាជការ អតីតកងកម្លាំងប្រដាប់អាវុធដែលមានស្នាដៃឆ្នើមក្នុងការចូលរួមចំណែកបម្រើបុព្វហេតុជាតិ និងប្រជាជន និងមន្រ្តីមានស្នាដៃខិតខំបំពេញភារកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងប្រគល់ជូនថវិកាដល់អង្គពិធីទាំងមូលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង