ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ស្ដេចយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា

នៅព្រឹកថ្ងៃចន្ទ ១០កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា។

យាង និងអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាឱកាសដ៏វិសេសវិសាលនោះ រួមមានសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ព្រះញាតិវង្សានុវង្ស ថ្នាក់ដឹកនាំ និងមន្រ្តីស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ បានឱ្យដឹងថាព្រះរាជទស្សនកិច្ចព្រះករុណាជាអម្ចាស់ជីវិតលើត្បូងនៅប្រទេសឥណ្ឌា មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២៣ តបតាមការយាងរបស់លោកជំទាវ ដ្រៅផាឌី មួរមូ ប្រធានាធិបតីឥណ្ឌា។ ព្រះរាជដំណើរទស្សនកិច្ចនេះបានធ្វើឡើងចំពេលដែលប្រទេសទាំងពីរកំពុងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត។

ក្រសួងបានឱ្យដឹងទៀតថាក្នុងកំលុងពេលនៃព្រះរាជទស្សនកិច្ចនេះ លោកជំទាវ ដ្រៅផាឌី មួរមូ ប្រធានាធិបតីឥណ្ឌា និងឯកឧត្តម ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីឥណ្ឌា នឹងទទួលរៀបចំព្រះរាជពិធីសវនាការថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី នឹងត្រូវលើកយកមកពិភាក្សា។

ដោយឡែក ក្នុងឱកាសព្រះរាជទស្សនកិច្ចនៅឥណ្ឌនោះដែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក៏នឹងសព្វព្រះរាជហឫទ័យ ព្រះបរមរាជានុញ្ញាត ជូនឯកឧត្តម ច៉ាកឌីប ដាន់ខា (Jagdeep Dhankhar) អនុប្រធានាធិបតី និងឯកឧត្តមបណ្ឌិត ស៊ូប្រាម៉ាន់យ៉ាំ ចៃហ្សានកា (Subrahmanyam Jaishankar) រដ្ឋមន្ត្រីការបរទេសឥណ្ឌា ចូលក្រាបបង្គំគាល់ និងសវនាការផងដែរ។

ក្នុងវរោកាសនោះដែរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅមណ្ឌប Mahatma Gandhi។ លោកជំទាវ ដ្រៅផាឌី មួរមូ ប្រធានាធិបតីឥណ្ឌា នឹងរៀបចំព្រះរាជពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថាព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនេះ ជាព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយក្នុងទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងរួមចំណែកក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពដ៏ប្រសើរ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងបេតិកភណ្ឌវប្បធម៌ សាសនា និងប្រវត្តិសាស្ត្ររួម ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង