ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តពោធិ៍អណ្តែត ហៅវត្តទួលតាណាល

នាព្រឹកថ្ងៃព្រហស្បត ៩កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តពោធិ៍អណ្តែត ហៅវត្តទួលតាណាល ស្ថិតនៅឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង។

លោក ចេម ប្រា អភិបាលនៃគណៈអភិបាលស្រុកពារាំង បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីអំពីស្ថានភាពនៃការគ្រប់គ្រង ការប្រព្រឹត្តទៅ និងអភិវឌ្ឍន៍គ្រប់វិស័យក្នុងមូលដ្ឋានស្រុក និងអំពីសវតារបស់វត្តពោធិ៍អណ្ដែត ព្រមទាំងដំណើរការសាងសង់ព្រះវិហារវិហារថ្មី និងសមិទ្ធផលនានាមួយចំនួនទៀតដែលកំពុងប្រារព្ធពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងនាឱកាសនេះ។

លោកអភិបាលស្រុកបន្តថា សមិទ្ធផលព្រះវិហារ និងសមិទ្ធផលនានាកក្នុងវត្តពោធិ៍អណ្តែត ហៅវត្តទួលតាណាល បានចំណាយថវិកាសាងសង់សរុបចំនួន ៥២១,១៥៣ដុល្លារ។ លោកបន្ថែមថា ថវិកាកសាងនេះ ជាថវិកាបានមកពីការចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង និងការចូលរួមបរិច្ចាគពីសប្បុរសជននានា។

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារចុះមូលដ្ឋានស្រុកពារាំង និងសប្បុរសជនដែលបានបរិច្ចាគនូវធនធាន និងកំលាំង កាយចិត្ត បញ្ញាស្មារតី ក្នុងការចូលរួមអភិវឌ្ឍវិស័យពុទ្ធសាសនា និងវិស័យផ្សេងៗ ជាច្រើនទៀត ដើម្បីអភិវឌ្ឍមូលដ្ឋានខេត្តព្រៃវែង។

សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថា ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍ រាជរដ្ឋាភិបាលកម្ពុជាដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា រក្សាបានយ៉ាងល្អប្រសើរនូវសុខសន្តិភាព ស្ថេរភាព នយោបាយ លទ្ធិ ប្រជាធិបតេយ្យ ជំរុញដំណើការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងសម្រេចបានសមិទ្ធផលថ្មីៗ ប្រកបដោយមោទនភាព ទោះបីជាយើងត្រូវជួបប្រទះបញ្ហាប្រឈមជាច្រើន ជាពិសេសការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងការវិវត្ត ដ៏ស្មុគស្មាញនៃសភាពការណ៍នយោបាយ សេដ្ឋកិច្ចអន្តរជាតិ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនក្ដី។

សម្ដេចបន្តថា ព្រមជាមួយគ្នានេះ កិត្យានុភាព កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ជាតិយើង នៅលើឆាកអន្តរជាតិ កាន់តែបានលើកកម្ពស់ និងទទួលស្គាល់ពីបណ្តាប្រទេសនៅលើសកលលោក នៅពេលដែលកម្ពុជាបានអនុវត្តតួនាទីជាប្រធានប្តូរវេន ដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំ ពាក់ព័ន្ធនានា ប្រកបដោយជោគជ័យ។

សម្ដេចបញ្ជាក់ថា សមិទ្ធផលទាំងអស់ដែលប្រទេសជាតិសម្រេចបានរហូតមកទល់ពេលនេះ ពិតជាកើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញយ៉ាងត្រឹមត្រូវនូវកម្មវិធីនយោបាយ គោលនយោបាយ យុទ្ធសាស្ត្រ និងកម្មវិធីនានាជាមួយការចាត់តាំងអនុវត្ត ដោយមានការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស។

ពីវេទិកាអធិបតីនោះដែរ សម្ដេចក្រឡាហោម បានណែនាំ និងអំពាវនាវអាជ្ញាធរមានសមត្ថកិច្ច កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋរួមគ្នាថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គម ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត និងបន្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពារ និងលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងការពង្រឹងនីតិរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

សម្ដេចបានសង្កត់ធ្ងន់ឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សូមយកចិត្តទុកដាក់ដល់ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់ និង លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅមូលដ្ឋាន ពិសេសសកម្មភាពជួញដូរចែកចាយ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋាន អំពើ ហិង្សាក្នុងគ្រួសារ ក្រុមក្មេងទំនើង និងបទល្មើសនានានៅមូលដ្ឋានទូទាំងខេត្ត។

សម្ដេចបានស្នើអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សូមយកចិត្តទុកដាក់ដល់ការផ្តល់សេវា រដ្ឋបាលជូនប្រជាពលរដ្ឋ ដូចជាការបញ្ជាក់សំបុត្រកំណើត ការធ្វើអត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ និងឯកសារនានាដែលប្រជាពលរដ្ឋចាំបាច់ត្រូវការសេវាពីអាជ្ញាធរមូលដ្ឋាន គឺត្រូវតែអនុវត្ត និងផ្តល់ជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា និងប្រសិទ្ធភាពខ្ពស់ និងត្រូវបន្តខិតខំរួមគ្នាជំរុញអនុវត្តឲ្យសកម្មផុលផុសជាប់ជាប្រចាំនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយត្រូវលើកកម្ពស់ការអនុវត្តវិធានការសំខាន់ៗ « បីកុំ មួយរាយការណ៍»។

សម្ដេចក៏រម្លឹកអាជ្ញាធរមានសមត្តកិច្ច និងប្រជាពលរដ្ឋទាំងអស់ចូលរួមប្រយុទ្ធប្រឆាំង នឹងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ដើម្បីលើកស្ទួយសិទ្ធិមនុស្ស ដោយសហការ យ៉ាងមានប្រសិទ្ធភាពជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ក្រាបនឹងទប់ស្កាត់បានទាន់ពេលវេលា និងត្រូវបន្តខិតខំពង្រឹងកម្លាំងប្រជាការពារឲ្យមានចំនួនសមស្របតាមភូមិសាស្ត្រ និងប្រជាសាស្ត្រនៃមូលដ្ឋាននីមួយៗ ដោយត្រូវបំផុសលើកទឹកចិត្ត ប្រជាពលរដ្ឋឲ្យចូលរួមក្នុងចលនាប្រជាការពារ និងបំផុសចលនាឲ្យមានការចូលរួម ជួយឧបត្ថម្ភគាំទ្រទាំងខាងមធ្យោបាយ សម្ភារៈ ថវិកា និងការគាំទ្រខាងស្មារតីដល់ប្រជាការពារនៅគ្រប់មូលដ្ឋានឲ្យមាននិរន្តភាព៕

អត្ថបទដែលជាប់ទាក់ទង