ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៨

នាព្រឹកថ្ងៃពុធ ១កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៨ ប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមជាគណៈអធិបតីពីឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តមទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់នៃក្រសួង-ស្ថាប័នថ្នាក់ជាតិ ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើរបាយការណ៍អំពីកំណើននៃការបង្រាបបទគ្រឿងញៀន និងសារធាតុគីមីផ្សំនៅក្នុងឆ្នាំ២០២២ ព្រមទាំងការប្រឈមទៅនឹងកលល្បិច និងវិធីសាស្រ្តនៃការជួញដូរគ្រឿងញៀន ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងប្រព័ន្ធទំនាក់ទំនងអនឡាញ។ ឯកឧត្តម បន្ថែមថាបញ្ហាប្រឈមនេះមានទាំងនៅកម្ពុជា តំបន់ និងអន្តរជាតិ។

ឯកឧត្តម អគ្គលេខាធិការ បានរាយការណ៍អំពីលទ្ធផលនៃការការងារផ្សព្វផ្សាយអប់រំ និងវិធានការអនុវត្តច្បាប់ ដោយវិធានការអនុវត្តច្បាប់ ក្នុងឆ្នាំ២០២២ សមត្ថកិច្ចបង្ក្រាបបទល្មើសជាង៦៣០០ករណី ឃាត់ខ្លួនជាង១៥០០២នាក់ ក្នុងនោះជនបរទេសជាង៣០០នាក់ ភាគច្រើនជាជនចិន វៀតណាម ថៃ និងឡាវ។ ក្នុងប្រតិបត្តិការនេះ ឯកឧត្តម បានបន្ថែមថាសមត្ថកិច្ចបានចាប់យកសារធាតុញៀនគ្រប់ប្រភេទជាង១៤តោន សារធាតុគីមីផ្សំជាង៥០៤ពាន់តោន។

ឯកឧត្តម បានឱ្យដឹងថាក្នុងកំណើនករណីគ្រឿងញៀននេះ មានករណីជួញដូរគ្រឿងញៀនធំៗចាប់ពី១គីមឡូក្រាមឡើងចំនួន៦៩ករណី មេក្លោង១៧នាក់ ខ្សែរយៈបណ្ដាញជាង១៦០នាក់ សរុបសារធាតុញៀនជាង១៤ពាន់គីឡូក្រាម ព្រមទាំងសារធាតុគីមីសរុបជាង១២៣ពាន់គីឡូក្រាម ដោយរឹបអូសនិងបង្កកទ្រព្យសម្បត្តិពាក់ព័ន្ធបទល្មើស រួមមានអចលនទ្រព្យ៤០កន្លែង រថយន្ត៤៦គ្រឿង ម៉ូតូ១៦គ្រឿង អប័រ២គ្រឿង ទូក១គ្រឿង និងគណនីធនាគារ៤២គណនី។

បន្ទាប់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានបន្តឡើងអានផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៨ ឆ្នាំ២០២៣រួចមក ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញថ្លែងសុន្ទរកថា និងមានចំណាប់អារម្មណ៍ជុំវិញបទពិសោធន៍ និងទិសដៅនៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងនោះឯកឧត្តមបានស្នើឱ្យមានការម៉ឺម៉ាត់ក្នុងការបង្ក្រាបករណីកែច្នៃផ្សំសារធាតុគីមីផលិតជាគ្រឿងញៀន។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ក៏បានស្នើអង្គប្រជុំយកចិត្តទុកដាក់សហការជាមួយម្ចាស់បុរី ខុនដូ និងទីតាំងកំសាន្តសប្បាយពេលរាត្រីដែលកំពុងមានការប្រឈមនឹងកំណើននៃការរក្សាទុក កែច្នៃ ផលិត និងនិងប្រើប្រាស់គ្រឿងញៀន។ ជាមួយគ្នានេះ ឯកឧត្តម បានទាញការចាប់អារម្មណ៍អំពីការស្នើឱ្យពង្រឹងការបង្រ្កាបគ្រឿងញៀនតាមផ្លូវសមុទ្រ ដ្បិតមួយរយៈចុងក្រោយនេះ ក្រុមឧក្រិដ្ឋជនបានប្រើប្រាស់ផ្លូវសមុទ្រ ដើម្បីដឹកគ្រឿងញៀនពីកម្ពុជា និងឆ្លងកាត់កម្ពុជា ឆ្ពោះទៅកាន់ប្រទេស និងតំបន់គោលដៅ។

ពីវេទិកាអធិបតីនោះដែរ ឯកឧត្តម ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ស្នើឱ្យអង្គប្រជុំដែលមានសមត្ថកិច្ចពាក់ព័ន្ធ បង្កើនកិច្ចសហការជាមួយក្រុមហ៊ុននានា ក្នុងន័យដើម្បីរៀបចំព្រឹត្តិការណ៍ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ឬបញ្ចូលខ្លឹសារអប់រំពីបញ្ហាគ្រឿងញៀននៅពេលរៀបចំការប្រគុំតន្រ្តីដែលមានតារាល្បីៗចូលរួម ពិសេសស្នើក្រុមតារាល្បីទាំងនោះជួយនិយាយផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងញៀនទៅកាន់អ្នកគាំទ្ររបស់ខ្លួនឱ្យបានគ្រប់កម្មវិធី និងព្រឹត្តិការណ៍។ ឯកឧត្តម ក៏បានមានមតិលើបញ្ហាមួយចំនួនទៀតដែរ។

អញ្ជើញថ្លែងសុន្ទរកថា និងមានមតិណែនាំបន្ថែមនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានវាយតម្លៃអំពីស្ថានភាព និងលទ្ធផលប្រតិបត្តិការ អនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ និងលើកទិសដៅអនុវត្តបន្ត ដែលបានរៀបចំ និងរាយការណ៍ដោយលេខាធិការដ្ឋាន ពិសេសសូមគាំទ្រទាំងស្រុងចំពោះផែនការយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៨ របស់រាជរដ្ឋាភិបាល។ សម្ដេចបានថ្លែងអំណរគុណ និងកោតសរសើរ ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ថ្នាក់ នៃក្រសួង ស្ថាប័នពាក់ព័ន្ធ ក៏ដូចជា គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានី-ខេត្ត កងកម្លាំង អនុវត្តច្បាប់គ្រប់ប្រភេទ ដែលបានយកអស់កម្លាំងកាយចិត្ត គំនិត ប្រាជ្ញា និងបទពិសោធន៍ ដើម្បីចាត់តាំង និងអនុវត្ត ប្រកបដោយឆន្ទៈមោះមុត ក្នុងស្មារតី ទទួលខុសត្រូវខ្ពស់នូវផែនការយុទ្ធនាការ ប្រយុទ្ធ ប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ របស់រាជរដ្ឋាភិបាល ទទួលបានលទ្ធផលជាវិជ្ជមាន។

សម្ដេចបានចាត់ទុកសមិទ្ធផល អនុវត្តរយៈពេលមួយឆ្នាំកន្លងទៅថា មិនត្រឹមតែជាសក្ខីកម្ម ឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់ រាជរដ្ឋាភិបាល ក្នុងកិច្ចការពារ និងលើកស្ទួយ សុខុមាលភាពរបស់ប្រជាពលរដ្ឋ ការពារនូវធនធានមនុស្ស និង ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាមូលដ្ឋាន គ្រឹះក្នុងការអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យប៉ុណ្ណោះទេ គឺថែមទាំងបានឆ្លុះបញ្ចាំង អំពីឆន្ទៈដ៏មុតស្រួចរបស់កម្ពុជា ក្នុងការរួមចំណែកទប់ស្កាត់ កាត់បន្ថយ ឥទ្ធិពលប្រកបដោយគ្រោះថ្នាក់ ដែលបណ្តាលមកពីបទល្មើសគ្រឿងញៀននៅ ក្នុងតំបន់ និង សកលលោកផងដែរ ពិសេសរួមណែកយ៉ាង សំខាន់ក្នុងការដោះបន្ទុក ធ្វើឲ្យអង្គការ FATF សម្រេចដកកម្ពុជាចេញពីបញ្ជីប្រផេះ នៃការលាង សម្អាតប្រាក់ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។

ក្នុងនាមគណៈបញ្ជាការដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៨ របស់រាជរដ្ឋា ភិបាល សម្ដេចក្រឡាហោម ស ខេង បានណែនាំអង្គបមរជុំ បន្តផ្តោត ការយកចិត្តទុកដាក់ចាត់តាំងអនុវត្តឱ្យកាន់តែខ្លាំងក្លាថែមទៀត នូវបទបញ្ជាលេខ០១ ប.ប របស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹង វិធានការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមទាំងជំរុញការអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព និងចាត់តាំងអនុវត្តផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៨ ឱ្យបានម៉ឺង ម៉ាត់បំផុត។

សម្ដេចក្រឡាហោម ក៏បានណែនាំឱ្យបន្តធ្វើសកម្មភាពផ្សព្វផ្សាយអប់រំឱ្យកាន់ តែទូលំទូលាយ ស៊ីជម្រៅ ជាងមុន ចំគោលដៅ ចំមុខសញ្ញា និងមានខ្លឹមសារគ្របដណ្តប់ ដល់ចិត្តសាស្រ្ត នៃអ្នកញៀនគ្រឿងញៀនដោយត្រូវពង្រីកសកម្មភាពតាម គ្រប់មធ្យោបាយ គ្រប់រូបភាព និង គ្រប់ទីកន្លែងឲ្យបានសស្រាក់សស្រាំ ជាពិសេស បំផុសឲ្យមានការផ្សព្វផ្សាយនៅ តាមក្រសួង ស្ថាប័ន អង្គភាព កងកម្លាំងគ្រប់ ប្រភេទ ក្រុមហ៊ុន រោងចក្រ សិប្បកម្ម អាជីវកម្ម។ សម្ដេច បានណែនាំឱ្យចិត្តទុកដាក់បង្កើនសកម្មភាពផ្សព្វ ផ្សាយអប់រំដល់ ប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ ព្រំដែនកម្ពុជា ជាមួយ ប្រទេសជិតខាងឲ្យ បានជាប់ជាប្រចាំ ដើម្បីលើកកម្ពស់ការយល់ដឹង អំពីច្បាប់ ឥទ្ធិពលគ្រោះថ្នាក់នៃគ្រឿងញៀន។

សម្ដេច បានស្នើឱ្យបន្តពង្រឹងការអនុវត្តវិធានការរដ្ឋបាល ទន្ទឹមនិងវិធានការច្បាប់ ប្រកបភាពបត់បែន រស់រវើក និង ម៉ឺងម៉ាត់បំផុត ប្រើប្រាស់គ្រប់មធ្យោបាយ គ្រប់ រូបភាពស្របតាមច្បាប់ ឲ្យបានជាប់ជា ប្រចាំ ដោយត្រូវបន្តធ្វើការតាមដាន ស្រាវជ្រាវស៊ើបអង្កេត នៅតាម ភូមិសាស្រ្ត ដែលមានតម្រុយ និងសង្ស័យពាក់ព័ន្ធ ដល់ការលួចលាក់រក្សាទុក សារធាតុគីមី ផ្សំ ឬការកែច្នៃផលិតសារធាតុញៀន ដោយខុសច្បាប់ ដើម្បីចាត់វិធានការបង្រ្កាបឲ្យបានទាន់ពេលវេលា។ សម្ដេចបានណែនាំត្រូវបន្តខិតខំប្រឹងប្រែងចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបឲ្យកាន់តែក្តៅគគុក និងហ្មត់ចត់ថែមទៀតរាល់សកម្មភាពនៃការ លួចធ្វើចរាចរ ដឹកជញ្ជូន នាំចូលសារធាតុញៀនគ្រប់ប្រភេទ ពីក្រៅប្រទេស ឆ្លង កាត់ ព្រំដែន ទាំង តាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងតាមកញ្ចប់បញ្ញើប្រៃសណីយ៍។

សម្ដេចក៏បានណែនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ធ្វើការត្រួតពិនិត្យ ធ្វើបច្ចុប្បន្នភាព សារធាតុគីមីថ្មីៗមួយចំនួន ដែលអាចយកទៅកែច្នៃ ផលិតជាសារធាតុញៀន ដើម្បីស្នើសុំបញ្ជូលក្នុង តារាង ឧបសម្ព័ន្ធ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន ក្នុងនោះដែរក៏ត្រូវ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បី រៀបចំឲ្យមានយន្តការគ្រប់គ្រងត្រួតពិនិត្យ ការនាំចូល ចែកចាយ ស្តុកទុក និងប្រើប្រាស់សារធាតុគីមីថ្មីៗ និង សារធាតុគីមីផ្សំគ្រឿងញៀនឲ្យបាន ច្បាស់លាស់ ហ្មត់ចត់ មានតម្លាភាព សំដៅ ធានាបានថា មិនឲ្យសារធាតុគីមីទាំងនោះធ្លាក់ក្នុងដៃ ឧក្រិដ្ឋ ជន ឬ/និង មិនត្រូវបានគេលួចបង្វែរពីការប្រើប្រាស់ស្របច្បាប់ យកទៅកែច្នៃផលិតជា សារធាតុ ញៀនសំយោគខុសច្បាប់។

សម្ដេចក៏បានស្នើយកចិត្តទុកដាក់ពង្រឹងសមត្ថភាពព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿង ញៀន ប្រកបដោយប្រសិទ្ធភាព និងស័ក្តសិទ្ធភាព សំដៅ ធានាឲ្យបានថា អ្នកដែលត្រូវធ្វើសមាហរណកម្មចូល ក្នុងសហគមន៍ ឬក្រុម គ្រួសារ បន្ទាប់ពីទទួលបានការព្យាបាលរួច នឹងមិនត្រឡប់មកប្រើប្រាស់ សារធាតុញៀនវិញឡើយ។ សម្ដេចក៏បានណែនាំឱ្យ បន្តលើកកម្ពស់គុណភាពមន្រ្តីអនុវត្តច្បាប់ទាំងការ បណ្តុះបណ្តាល នៅក្នុងនិងក្រៅប្រទេស ទាំងការផ្លាស់ប្តូរបទពិសោធន៍ល្អៗ ជាមួយបណ្តាប្រទេសជិតខាងក៏ដូចជាក្នុង តំបន់ និងអន្តរជាតិ ដើម្បីលើកកម្ពស់សមត្ថភាព ក្នុងការស្រាវជ្រាវ និងបំផ្លាញនូវល្បិច កលថ្មីៗ ឈានទៅដល់ការបង្ក្រាបបានចំមេខ្លោង និងកាត់ផ្តាច់ខ្សែរយៈចាត់តាំងរបស់ក្រុមឧក្រិដ្ឋជន ដល់ ឬស គល់។ ភ្ជាប់នឹងអនុសាសន៍សំខាន់ៗមួយចំនួនទៀតនោះ សម្ដេចបានណែនាំឱ្យបង្កើនកិច្ចសហការជាមួយស្ថាប័នតុលាការ ដើម្បីបន្តពន្លាតនីតិវិធី ស្រាវជ្រាវប្រឆាំងនឹងការសម្អាតប្រាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ព្រម ទាំងជំរុញនីតិវិធីក្នុងការចាត់ចែង វត្ថុតាង និង ទ្រព្យសម្បត្តិ នានាដែលត្រូវបានបង្កក នាពេលកន្លងមក ដើម្បីរឹបអូសទុក ទ្រព្យសម្បត្តិ រដ្ឋ និងស្នើសុំយកមកប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនវិញ។ សម្ដេចក៏បានជំរុញសកម្មភាពរៀបចំវេទិកាជួបជាមួយវិស័យឯកជន និងសប្បុរសជន ជាពិសេស ម្ចាស់គោលដៅ ឬអ្នកគ្រប់គ្រងអាជីវកម្មដែលងាយទទួលភាពរង គ្រោះដោយសារបទល្មើសគ្រឿង ញៀន ក៏ដូចជាសិល្បៈករ សិល្បៈ ការិនី បណ្តាញព័ត៌មាន អ្នកដឹកនាំសាសនា ព្រមទាំងអង្គការសង្គមស៊ីវិល ឱ្យបាន គ្រប់ រាជធានី-ខេត្ត រហូតដល់មូលដ្ឋាន សំដៅប្រមូលផ្តុំកិច្ចសហការគាំទ្រទាំង សកម្មភាព និងមូល និធិចូលរួម ក្នុងចលនា ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។

មុននឹងបញ្ចប់ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមគណៈបញ្ជាការដឹកនាំអនុវត្តផែនការយុទ្ធនាការ សម្ដេចក្រឡាហោម មានក្តីសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីការផ្សព្វផ្សាយផែនការ យុទ្ធនាការ ប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៨នេះ គ្រប់យន្តការដឹកនាំ ទាំងនៅថ្នាក់ជាតិ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នឹងបន្តលើកកម្ពស់ ស្មារតីទទួល ខុសត្រូវ ដឹកនាំកសាងផែនការសកម្មភាព ឬកម្មវិធី ការងារជាក់ស្តែងស្របតាមភារកិច្ចនិងដែនសមត្ថកិច្ចរៀងៗខ្លួន ដើម្បីធានាឲ្យការអនុវត្ត ផែនការ យុទ្ធនាការ លើកទី៨នេះ បន្តទទួលបាន ជោគជ័យថ្មីៗបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង