ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តមុនីរស្មីព្រៃត្បែង ស្រុកកំចាយមារ

នាព្រឹកថ្ងៃអាទិត្យ ១៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តមុនីរស្មីព្រៃត្បែង ស្ថិតនៅភូមិព្រៃត្បែង ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង។

លោក ប៊ិន ជីវ័ន្ត អភិបាលនៃគណៈអភិបាលស្រុកកំចាយមារ បានធ្វើរបាយការណ៍ឱ្យដឹងថា វត្តមុនីរស្មីព្រៃត្បែង បានបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់លោកអាចារ្យ ពិន ម៉ៅ នាឆ្នាំ២០០៥ លើផ្ទៃដីជាង២ហិកតា ដោយមានការរួមកម្លាំងសាមគ្គីគ្នាកសាងសមិទ្ធផលជាច្រើន ដែលរហូតមកដល់ពេលនេះបានសាងសង់រួចរាល់ជាស្ថាពរនូវព្រះវិហារ ក្លោងទ្វារ សាលាឆាន់ កុដិឈើ បន្ទប់ទឹក របងព័ទ្ធជុំវិញ ព្រមទាំងសមិទ្ធផលផ្សេងទៀត។

លោកបន្តថា សមិទ្ធផលដែលប្រារព្ធពិធីសម្ពោធនាថ្ងៃនេះ ចំណាយថវិកាអស់ចំនួន ៣៥៧ ១២០ ដុល្លារ ដែលថវិកាទាំងនោះបានមកពីការរួមចំណែករបស់ថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋាន ថ្នាក់ដឹកនាំខេត្តព្រៃវែង សប្បុរសជនជិតឆ្ងាយ និងពុទ្ធបរិស័ទចំណុះជើងវត្ត។ លោកបានបន្ថែមទៀតថា ក្រោយកសាងសមិទ្ធផលទាំងនេះ វត្តនៅជំពាក់គ្រឿងសំណង់ និងឈ្នួលជាងសរុប ១៨ ៧០០ដុល្លារ។

លោកអភិបាលក៏បានរាយការណ៍ជូនសម្ដេច និងអង្គពិធីដែរថា ដោយមើលឃើញថាកុមារតូចៗជាសិស្សានុស្សិស ពិបាកធ្វើដំណើរទៅសិក្សានៅសាលារៀនឆ្ងាយ អាចារ្យគណៈកម្មការវត្ត និងអាជ្ញាធរ បានសាងសង់សាលា១ខ្នង ៣បន្ទប់ ក្រោមការឧបត្ថម្ភពីជនជាតិអូស្ត្រាលីអស់ថវិកាជាង២ម៉ឺនដុល្លារ ដោយសព្វថ្ងៃមានគ្រូបង្រៀន ៣នាក់ និងសិស្សានុសិស្ស ១៣៥នាក់ ហើយពុំទាន់មានទីចាត់ការនៅឡើយ។

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលស្រុកកំចាយមារ និងរដ្ឋបាលឃុំ ព្រមទាំងអាជ្ញាធរភូមិ និងប្រជាពលរដ្ឋដែលបានខិតខំរួមគ្នាការពារសុខសន្តិភាព សុខសុវត្ថិភាព រួមគ្នាអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនទទួលបានលទ្ធផលគួរជាទីមោទភាព។

សម្ដេចបានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរព្រះចៅអធិការ អាចារ្យគណៈកម្មការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរសជនទាំងឡាយដែលបានផ្ដួចផ្ដើមគំនិត និងបរិច្ចាគថវិកាសាងសង់សមិទ្ធផលនានានៅក្នុងវត្តនេះ រួមទាំងសាលាបឋមសិក្សា ដែលជាការរួមចំណែកយ៉ាងសំខាន់សម្រាប់ការកសាងសង្គមជាតិ ក្នុងឱកាសដែលកម្ពុជាកំពុងមានសុខសន្តិភាពទាំងស្រុង មានស្ថិរភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យកាន់តែរីកចម្រើន។

ពីវេទិកាអធិបតីនៃពិធីសំណេះសំណាលនោះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍បង្ហាញពីការយកចិត្តទុកដាក់ចំពោះការខ្វះខាតសម្រាប់ដំណើរការសាងសង់សមិទ្ធផលក្នុងវត្ត ដែលជំពាក់ថវិកាជាង ១៨.០០០ដុល្លារ ដោយសម្ដេចធានាដោះស្រាយការខ្វះខាតនេះជូន។ ជាមួយគ្នានេះ សម្ដេចក៏បានប្រកាសផ្ដល់អគារសិក្សាបន្ថែម ៣បន្ទប់ទៀត ដើម្បីបង្គប់ ៥បន្ទប់ ក្នុងនោះ ១បន្ទប់ សម្រាប់ធ្វើជាទីចាត់ការ។

ពីស្រុកកំណើតនោះដែរ សម្ដេចក្រឡាហោម បានរំលឹកអំពីប្រវត្តិសាស្រ្ត នៃការឆ្លងកាត់សង្គ្រាមកាប់សម្លាប់ និងការនិរាសព្រាត់ប្ដីប្រពន្ធកូន រួមទាំងក្រុមគ្រួសារសម្ដេច ទម្រាំមានសុខសន្តិភាព ស្ថិរភាពពេញផ្ទៃប្រទេស និងមានការអភិវឌ្ឍដូចសព្វថ្ងៃ។ សម្ដេចបានទាញការកត់សម្គាល់ថា សុខសន្តិភាព និងស្ថិរភាពជាតិ ជាសមិទ្ធផលស្នូល ដែលនាំឱ្យកើតមានវឌ្ឍនភាពនូវសមិទ្ធផលសំខាន់ៗផ្សេងទៀតរបស់ជាតិ រួមទាំងសមិទ្ធផលដែលបានប្រារព្ធពិធីសម្ពោធនាថ្ងៃនេះ។

សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពីជោគជ័យនៃការដឹកនាំជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ រួមមានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានកាលពីចុងឆ្នាំ២០២២ និងការឈានទៅរៀបចំព្រឹត្តិការណ៍ ស៊ីហ្គេម ជាប្រវត្តិសាស្រ្ត ព្រមទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ដែលជាព្រឹត្តិការណ៍នយោបាយដ៏ធំនៅកម្ពុជា។

សម្ដេចក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រៀមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូមចូលរួមបន្តថែរក្សាការពារសុខសន្តិភាព និងស្ថិរភាពជាតិ ដើម្បីសម្រេចបានជោគជ័យការរៀបចំព្រឹត្តិការណ៍ជាតិធំៗនាពេលខាងមុខ រួមទាំងបន្តការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ សម្ដេចក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន រួមសហការគ្នាជាមួយប្រជាពលរដ្ឋ ដើម្បីជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការដោះស្រាយបញ្ហាប្រឈម សំណូមពរនានារបស់ប្រជាពលរដ្ឋ៕ 

អត្ថបទដែលជាប់ទាក់ទង