ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតជូនឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi ) ឯកអគ្គរាជទូតជប៉ុនថ្មី ចូលជួបសម្តែងការគួរសម

នាព្រឹកថ្ងៃចន្ទ ១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi ) ឯកអគ្គរាជទូតជប៉ុនថ្មីចូលជួបសម្តែងការគួរសម។

សម្ដេចក្រឡាហោមបានថ្លែងនូវការស្វាគមន៍ និងដង្ហែរតាមព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាព្រះប្រមុខរដ្ឋ និងចូលរួមជាមួយសម្ដេចតេជោជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តែងនូវការអបអរសាទរចំពោះឯកឧត្ដមដែលបានទទួលការតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំកម្ពុជា។ សម្ដេចបានយកឱកាសនេះថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលតែងយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រដល់ដំណើរការអភិវឌ្ឍរបស់ កម្ពុជា ជាពិសេសទៅលើវិស័យសេដ្ឋកិច្ច និងសង្គមចាប់ពីក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសរហូតមកដល់បច្ចុប្បន្ន។

សម្តេចក៏បានជម្រាបជូនថាសមិទ្ធផលជាតិ ក៏ដូចជាជោគជ័យសំខាន់ៗលើការអភិវឌ្ឍសង្គមដែលកម្ពុជា សម្រេចបានរហូតមកដល់ពេលនេះ ពិតជាមិនអាចកាត់ផ្តាច់ពីការចូលរួមចំណែកដ៏មានសារៈសំខាន់ ពីសំណាក់រដ្ឋាភិបាល និងប្រជាជនជប៉ុននោះឡើយ។ សម្ដេចបានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក ជាពិសេសមកដល់ពេលនេះប្រទេសទាំងពីរបានលើកកម្ពស់កម្រិតទំនាក់ទំនង ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

សម្ដេចក្រឡាហោម បានចាត់ទុកទំនាក់ទំនងនេះ ថាជាផែនទីមួយដ៏មានសារៈសំខាន់ក្នុងការបន្តជំរុញដល់ការពង្រឹង និងពង្រីកកាន់តែខ្លាំងក្លាថែមទៀតនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ចំពោះក្រសួងមហាផ្ទៃ សម្ដេចបានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូតថាសម្ដេចផ្ទាល់ជាមួយក្រុមឯកអគ្គរាជទូតជប៉ុនមុនៗ តែងតែមានកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងល្អប្រសើរ ជាពិសេសទៅលើវិស័យដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ទាំងវិស័យរដ្ឋបាលស៊ីវិល និងវិស័យសន្តិសុខ។

បើជាការឆ្លើយតប ឯកឧត្ដម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi ) ឯកអគ្គរាជទូតជប៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រសាសន៍លើកឡើងរបស់សម្តេចក្រឡាហោម ដែលបានវាយតម្លៃចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ និងយូរលង់រវាងប្រទេសទាំងពីរកម្ពុជា ជប៉ុន។ ឯកឧត្ដមក៏មានសេចក្ដីសោមនស្សរីករាយដោយទទួលព័ត៌មានពីសម្ដេច អំពីកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងមហាផ្ទៃជាមួយនឹងបណ្ដាអគ្គរាជទូតជប៉ុនមុនៗទៅលើវិស័យរដ្ឋបាល ស៊ីវិល និងសន្តិសុខ។

ឯកឧត្តមបានជម្រាបជូនសម្ដេចក្រឡាហោមថាឯកឧត្តមផ្ទាល់ ពិតជាមានសេចក្ដីសោមនស្សដែលត្រូវបានតែងតាំងមកបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជាដែលជាប្រទេសមួយមានអារ្យធម៌ដ៏ល្អ និងក៏ជាប្រទេសដែលមានកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ល្អរវាងគ្នា។ ឯកឧត្តមបានបង្ហាញការចូលរួមជាមួយសម្ដេចក្រឡាហោម ក៏ដូចជាឯកភាពចំពោះការលើកឡើងរបស់សម្ដេចទៅលើការលើកម្រិតនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ហើយថាផ្ទាល់ក៏មានសេចក្ដីរីករាយដែលបានចូលរួមចំណែកក្នុងដំណើរការកសាងសន្តិភាព និងក៏ដូចជាដំណើរការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គរាជទូតក៏បានថ្លែងនូវការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានធ្វើជាប្រធានអាស៊ានឆ្នាំ២០២២កន្លងទៅប្រកបដោយជោគជ័យ ដោយចាត់ទុកថាជោគជ័យនៃតួនាទីដ៏មានសារៈសំខាន់នេះ មួយផ្នែកក៏ដោយសារតែការចូលរួមដ៏មានសារៈសំខាន់របស់សម្ដេចក្រឡាហោម ក្នុងការថែរក្សាសន្តិសុខ និងសុវត្ថិភាពបានយ៉ាងល្អប្រសើរដែលជាកត្តារួមចំណែកធ្វើឱ្យកិច្ចប្រជុំទទួលបានជោគជ័យ។

ឯកឧត្តមក៏បានជូនពរដល់កម្ពុជា សូមបន្តទទួលបជោគជ័យត្រចះត្រចង់ថែមទៀតនៅក្នុងការរៀបចំការប្រកួតនៅព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនាពេលឆាប់ឆាប់ខាងមុខនេះ។ ឯកឧត្តមឯកអគ្គរាជទូតក៏បានជម្រាបជូនសម្ដេចក្រឡាហោមអំពីដំណើរការនៃគម្រោងមួយចំនួនដែលជប៉ុនបានជួយគាំទ្រសល់កម្ពុជា ក្នុងនោះមានជាអាទិ៍ការជួយគាំទ្រដល់គម្រោងអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ ការជួយគាំទ្រដល់ការងារពាក់ព័ន្ធទៅនឹងការបោះឆ្នោតដែលជួយគាំទ្រតាមរយៈអង្គការចៃកា ការជួយគាំទ្រដល់ការពង្រឹងភាពជាដៃគូ រវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលដែលគម្រោងនេះនឹងជួយគាំទ្រតាមរយៈអង្គការUNDP និងគម្រោងពង្រឹងអភិបាលកិច្ចក៏ដូចជាតម្លាភាពនៃរដ្ឋបាលថ្នាក់ក្រោមជាតិ។

ជាការឆ្លើយតប សម្ដេចក្រឡាហោម បានថ្លែងអំណរគុណចំពោះការជួយគាំទ្ររបស់ជប៉ុនទៅលើគម្រោងនានាដូចដែលបានលើកឡើង ក្នុងនោះសម្តេចក្រឡាហោម បានកត់សម្គាល់ទៅលើការគាំទ្រសំខាន់ៗដែលមានជាអាទិ៍ ការជួយរៀបចំនូវបញ្ជីឈ្មោះបោះឆ្នោតថ្មី ដែលសម្ដេចចាត់ទុកថានេះគឺជាកិច្ចការមួយដ៏មានសារៈសំខាន់ ហើយជាការជួយគាំទ្រមួយដ៏មានសារៈសំខាន់ដល់ដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា។

ការងារសំខាន់មួយទៀតនោះ ត្រូវបានសម្ដេចកត់សម្គាល់ថា ជាការជួយគាំទ្រដល់ដំណើរការរៀបចំការបោះឆ្នោតឃុំ សង្កាត់លើកដំបូងរបស់កម្ពុជា កាលពីឆ្នាំ២០២២ ដែលនៅពេលនោះ ជាការចាប់ផ្ដើមដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងការផ្ទេរអំណាចទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ  ហើយសម្ដេចក៏សង្ឃឹមជឿជាក់ថារាជរដ្ឋាភិបាលជប៉ុននឹងនៅតែបន្តគាំទ្រដល់កិច្ចការទាំងនេះជាពិសេសទៅលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដែលមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានឈានចូលដល់ដំណាក់កាលនៃការអនុវត្តនូវផែនការយុទ្ធសាស្ត្រជាតិដំណាក់កាលទី២។  សម្ដេចឧបនាយករដ្ឋមន្ត្រី ក៏សង្ឃឹមថាជប៉ុននៅតែបន្តគាំទ្រទៅលើការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់វិស័យរដ្ឋបាលថ្នាក់ក្រោមជាតិ។ 

នេះពាក់ព័ន្ធទៅនឹងការងាររៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា សម្ដេចបានអរគុណចំពោះការជូនពររបស់ឯកឧត្ដម ហើយក៏បានជម្រាបជូនដែរថាព្រឹត្តិការណ៍នេះគឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់កម្ពុជាដែលនេះជាលើកទីមួយហើយដែលកម្ពុជា ទទួលជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះហើយ។ សម្ដេចបន្ថែមថាជាការពិតហើយ ការថែរក្សានូវសន្តិសុខល្អប្រសើរគឺជាកិច្ចការមួយដ៏ចាំបាច់ហើយសម្ដេច រួមជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនឹងបន្តខិតខំអស់លទ្ធភាពដើម្បីធ្វើកិច្ចការនេះឲ្យបានល្អប្រសើរ៕ 

អត្ថបទដែលជាប់ទាក់ទង