ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសំណេះសំណាលថ្នាក់ដឹកនាំយុវជន ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ

នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសំណេះសំណាលថ្នាក់ដឹកនាំយុវជន ប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ។

ជាកិច្ចចាប់ផ្ដើម លោកបណ្ឌិត អាំង សេរីពិសិដ្ឋ តំណាងក្រុមការងារយុវជនទាំង៣ខេត្ត បានធ្វើរបាយការណ៍ស្វាគមន៍គោរពជូនសម្ដេចក្រឡាហោម និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ព្រមទាំងអង្គពិធីថា ក្រោមម្លប់ព្រះបារមីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងដោយមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាមគ្គុទ្ទេសក៍ដឹកនាំប្រកបដោយគតិបណ្ឌិត នៅឆ្នាំ២០២២កន្លងទៅនេះ ព្រះរាជាណាចក្រកម្ពុជា បានឈរមុខគេ និងត្រូវបានទទួលស្គាល់ជាអន្តរជាតិ ជាប្រទេសមានសមត្ថភាពគ្រប់គ្រង និងបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព ពិសេសវិធានការចាក់ស្រោចវ៉ាក់សាំងទូទាំងប្រទេស បង្កើតបានភាពស៊ាំសហគមន៍ រហូតផ្ដល់លទ្ធភាពគ្រប់គ្រាន់ដល់ការបើកឡើងវិញជាប្រក្រតីនូវសកម្មភាពសេដ្ឋកិច្ច និងសង្គមដែលជាក្ដីប្រាថ្នាធំបំផុតរបស់មនុស្សជាតិ។

លោកបណ្ឌិតតំណាងក្រុមការងារយុវជនទាំង៣ខេត្តបន្តថា ស្ថិតក្នុងស្ថានភាពដ៏អំណោយផលនេះ ក្រុមការងារយុវជនខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុមការងារអាហារូបករណ៍ ស សុខា និងសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បន្តរួមកម្លាំងសាមគ្គីគ្នាបំពេញបេសកកម្មរួមចំណែកបម្រើជាតិ និងប្រជាជនកាន់តែសកម្មជាងមុន ជាពិសេសសកម្មភាពនៅតាមមូលដ្ឋានភូមិករណ៍ប្រជាពលរដ្ឋ និងសកម្មភាពជួបជុំគ្រប់ទម្រង់កម្មវិធី ដើម្បីញាំងប្រយោជន៍ជូនប្រជាជន និងយុវជន តាមផែនការ និងតម្រូវការជាក់ស្ដែងនានានៅមូលដ្ឋាន បន្ទាប់ពីសកម្មភាពទាំងនេះត្រូវបានរំខានដោយជំងឺកូវីដ-១៩ មួយរយៈធំ។

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលមានឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជាប្រធាន បានការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានខិតខំប្រឹងប្រែង បំពេញតួនាទី ភារកិច្ច និងបេសកកម្មក្នុងឆ្នាំ២០២២ កន្លងមកនេះ សម្រេចបាននូវលទ្ធផល ល្អប្រសើរគួរជាទីមោទនៈ ក្នុងការបម្រើផលប្រយោជន៍ជូនដល់ប្រជាជន និងសង្គមជាតិទាំងមូល ព្រមទាំងការចូលរួមសកម្មក្នុងការបំពេញបេសកកម្មផ្សេងៗ ដើម្បីអភិវឌ្ឍជាតិ អោយមានការរីកចម្រើនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី កម្ពុជាបានសម្រេចនូវសមិទ្ធផលថ្មីៗជាច្រើន លើមាគ៌ានៃការអភិវឌ្ឍ បើទោះបីជាជំងឺកូវីដ-១៩ មិនទាន់ត្រូវបានលុបបំបាត់ទាំងស្រុងក្តី និងត្រូវទទួលរងឥទ្ធិពលពីការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិក្ដី។ សម្ដេចបន្ថែមថាសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅដ៏សុខដុមរមនារបស់ប្រជាជន ត្រូវបានការពារយ៉ាងគត់មត់ដោយកម្លាំងជាតិទាំងមូល ដែលបានរួមសាមគ្គីគ្នាយ៉ាងរឹងមាំជុំវិញរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង បានចាត់ទុកភាពរីកចម្រើនរបស់កម្ពុជា ថាមិនអាចខ្វះបាននូវការអភិវឌ្ឍធនធានមនុស្ស និងការកសាងធនធានមនុស្ស ដែលប្រកបទៅដោយបញ្ញាញាណ ចាប់តាំងពីកម្រិតកុមារដ្ឋាន រហូតដល់អនុវិទ្យាល័យ វិទ្យាល័យ ថ្នាក់ឧត្តម និងក្រោយឧត្តមបានឡើយ។ ត្រង់ចំណុចនេះ សម្ដេចបាននឹកឃើញដល់ខេត្តព្រៃវែង ដែលបាននិងកំពុងបង្កើតមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល មួយក្នុងបរិវេណសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ គឺមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ ដែលជាថ្នាលប្រមូលផ្តុំសេវាកម្មអប់រំ និងបណ្តុះបណ្តាល ដែលមានទំនាក់ទំនងគ្នា ចាប់តាំងពីកម្រិតមត្តេយ្យសិក្សា រហូតដល់ឧត្តមសិក្សា ។

សម្ដេចឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា មជ្ឈមណ្ឌលនេះមិនត្រឹមតែជាថ្នាលបណ្ដុះបណ្ដាលទេ តែអាចស្រូបបាននូវកម្លាំងពលកម្ម និងការផ្ដល់កាលានុវត្តថ្មីបន្ថែមទៀតចំពោះប្រជាពលរដ្ឋនៅមូលដ្ឋាន មានជាអាទិ៍ កសិករ កម្មករ និងអាជីវករជាច្រើនរយនាក់នឹងទទួលផលដោយផ្ទាល់ និងប្រយោលពីមជ្ឈមណ្ឌលនេះ តាមរយៈការបង្កើតការងារដោយសហគ្រិនវ័យក្មេង និងជួយរកទីផ្សារលក់ផលិតផលជូនកសិករ។ សម្ដេចសង្កត់ធ្ងន់ថា ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ក៏គួរតែសិក្សាអំពីលទ្ធភាពនៃការកសាងមជ្ឈមណ្ឌលអប់រំនេះដែរ ដោយពឹងផ្អែកលើសក្តានុពល និងកាលានុវត្តភាពដែលមានស្រាប់នៅតាមខេត្តដែលសាកលវិទ្យាល័យនីមួយៗតាំងនៅ។

ពីវេទិកាសំណេះសំណាលនេះដែរ សម្ដេចក្រឡាហោម ស ខេង បានចូលរួមផ្តល់នូវអនុសាសន៍ដល់ក្រុមការងារយុវជនត្រូវបន្តចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម តាមរយៈភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ការចូលរួមសហការ និងជំរុញឱ្យអាជ្ញាធរ និងសា្ថប័នមានសមត្ថកិច្ចចាត់វិធានការទប់ស្កាត់រាល់បទល្មើសគ្រឿនញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើង និងចោរប្លន់ប្រដាប់អាវុធ គ្រោះថ្នាក់ចរាចរណ៍ជាដើម ដែលកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីកសាងសង្គមកម្ពុជាឱ្យមានសុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងរក្សាកិត្តិយស សេចក្ដីថ្លៃថ្នូរ លើកមុខមាត់កម្ពុជា លើឆាកអន្តរជាតិ។

សម្ដេចបានជំរុញក្រុមការងារយុវជន បង្កើនសកម្មភាពចុះមូលដ្ឋានរៀងៗខ្លួន និងត្រូវដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលបានកើតឡើងកន្លងមកហើយមិនទាន់បានដោះស្រាយ និងជំរុញការអភិវឌ្ឍ មូលដ្ឋានអោយបានផុសផល ដើម្បីជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរ និងដើម្បីភាពជោគជ័យក្នុងការបោះឆ្នោតនាពេលខាងមុខនេះ ពិសេសចូលរួមផ្ដល់ការគាំទ្រដល់ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព តាមរយៈការគាំទ្រដល់តួអង្គសំខាន់ទាំង៥ គឺ ទី១.មេឃុំ/ចៅសង្កាត់ ទី២.ស្មៀនឃុំ/ សង្កាត់ ទី៣.នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ ទី៤. ថ្នាក់ដឹកនាំភូមិ ពិសេសគឺ មេភូមិ ទី៥.មណ្ឌលសុខភាពឃុំ/សង្កាត់។

សម្ដេចបានណែនាំក្រុមការយុវជន និងអ្នកពាក់ព័ន្ធទាំងអស់គ្រប់ជំនាញ ត្រូវបង្កើននូវការផ្តល់សេវា សាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព និងមានប្រសិទ្ធភាពខ្ពស់ ដោយអនុវត្តឱ្យបានតាមទិសស្លោក “ធ្វើអោយបាន ធ្វើអោយលឿន និងមានតម្លាភាព" ហើយដើម្បីឆ្លើយតបទៅនឹងវឌ្ឍនភាពសង្គម ក្រុមការងារយុវជន ត្រូវបង្កើនការកសាងសមត្ថភាព ចំណេះដឹងពាក់ព័ន្ធការងារសង្គម និងនយោបាយ ហើយត្រូវមានសីលធម៌ និងអាកប្បកិរិយាល្អចំពោះប្រជាពលរដ្ឋនៅពេលចុះមូលដ្ឋាន។

មុននឹងបញ្ចប់ សម្ដេចក្រឡាហោម បានអំពាវនាវដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំយុវជន បន្តស្មារតីរួបរួមគ្នា ដើម្បីថែរក្សាសុខសន្តិភាព និងបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការអភិវឌ្ឍកម្ពុជាយើង និងការកសាងសន្តិសុខ ប្រកបដោយភាពសុខដុម ដោយផ្អែកលើការគោរពគ្នា ការយោគយល់គ្នា ការជឿទុកចិត្តគ្ន និងការគោរពប្រយោជន៍គ្នាទៅវិញទៅមក និងចូលរួមថែរក្សាសមិទ្ធផលទាំងឡាយ ដែលកម្ពុជាសម្រេចបាន ក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ។

សូមបញ្ជាក់ថា ស្នាដៃដែលក្រុមការងារយុជនខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ បានបន្តរួមចំណែកបម្រើជាតិ និងប្រជាជននៅឆ្នាំ២០២២  មានជាអាទិ៍ ការងារសង្គមកិច្ច ការជួយសង្គ្រោះ និងឧបត្ថម្ភជំនួយជូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាព ជនចាស់ជរា មានពិការភាព ស្រ្តីមេមាយ អ្នកផ្ទុកមេរោគអេដស៍ ពលរដ្ឋជួបគ្រោះមហន្តរាយធម្មជាតិ និងគ្រោះថ្នាក់សង្គមផ្សេងៗ ការជួយគាំមណ្ឌលកុមារកំព្រារ កិច្ចការលើកម្ពស់វប្បធម៌ សាសនា សិល្បៈ និងកីឡា ការបណ្ដុះបណ្ដាលចំណេះដឹង និងជំនាញវិជ្ជាជីវៈដល់យុវជន កិច្ចគាំទ្រប្រជាពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការប្រកួតប្រជែងសមត្ថភាពយុវជនជាសិស្ស និងនិស្សិត ការបើកវគ្គបំប៉នដល់ដល់សិស្សថ្នាក់ទី១២ និងការងារគាំទ្រដល់កិច្ចការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងការលើកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង