ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតជូន ឯកឧត្តម Chardkiat ATTHAKOR ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ទើបតែងតាំងថ្មី ចូលជួបសម្ដែងការគួរសម

នាព្រឹកថ្ងៃពុធ ១១កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូន ឯកឧត្តម Chardkiat ATTHAKOR ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ទើបតែងតាំងថ្មី ចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព។

សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការសូមស្វាគមន៍ និងចូលរួម អបអរសាទរឯកឧត្តម Chardkiat ATTHAKOR ដែលត្រូវបានរាជរដ្ឋាភិបាលថៃ ផ្ដល់សេចក្ដីទុកចិត្តតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេច ក៏ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អក្នុងក្របខ័ណ្ឌអាស៊ានដែលតែងតែមានទំនាក់ទំនងជាមួយគ្នាដ៏ល្អនិងប្រកបដោយស្ថិរភាពក្នុងរយៈពេលកន្លងមកនេះ។

សម្តេចក្រឡាហោម មានប្រសាសន៍ថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ តែងមានទំនាក់ទំនងជាមួយគ្នាយ៉ាងល្អប្រសើរ និងជិតស្និទ្ធ ហើយប្រទេសទាំងពីរក៏មានកិច្ចសហប្រតិបត្តិការជាមួយគ្នាដ៏ល្អ ទាំងក្នុងកម្រិតនយោបាយ សន្តិសុខ ទំនាក់ទំនងពាណិជ្ជកម្ម ក៏ដូចជា រយៈពេលចុងក្រោយនេះ គឺកិច្ចសហការគាំទ្រគ្នាទៅវិញទៅមកយ៉ាងល្អប្រសើរក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ដោយឡែក នៅក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ សម្ដេចឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជូនឯកឧត្តម ឯកអគ្គរាជទូតថៃថា សម្តេចផ្ទាល់ បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំខេត្តជាប់ព្រំដែនជាមួយនឹងសមាសភាគីថៃ ដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ ដែលកិច្ចប្រជុំនេះតែងបានប្រព្រឹត្តទៅក្នុងស្មារតីដើម្បីរួមគ្នាថែរក្សាសន្តិសុខតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរដូចជារួមគ្នាអភិវឌ្ឍខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ។

ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់ជាពិសេសគឺនគរបាលនៃប្រទេសទាំងពីរ សម្ដេចបញ្ជាក់ថាក៏មានទំនាក់ទំនងជាមួយគ្នាល្អប្រសើរក្នុងការរួមគ្នាថែរក្សាសន្តិសុខទៅវិញទៅមកជូនប្រទេសទាំងពីរក៏ដូចជាប្រជាជនទាំងពីរបានដ៏ល្អផងដែរ។

ឯកឧត្តមChardkiat ATTHAKOR ឯកអគ្គរាជទូតថៃ បានគោរពថ្លែងអំណរគុណសម្ដេចក្រឡាហោម ចំពោះការផ្ដល់ឱកាសជូនឯកឧត្តមបានចូលជួប និងបានរម្លឹកជូនសម្ដេចក្រឡាហោម ថាកាលពី៣០ឆ្នាំមុន ឯកឧត្តមធ្លាប់បានមកបំពេញការងារនៅកម្ពុជា ហើយក្នុងឱកាសនេះទៀត ឯកឧត្ដមទទួលបានកិត្តិយសប្រគល់ភារកិច្ចនិងតែងតាំងជាឯកអគ្គរាជទូតប្រចាំកម្ពុជា។ 

ឯកឧត្តមមានប្រសាសន៍ថា ពេលនេះឯកឧត្តមពិតជាបានឃើញនូវការអភិវឌ្ឍយ៉ាងច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយឯកឧត្តម សូមយកឱកាសនេះអបអរសាទរជាមួយកម្ពុជាដែលបានបំពេញតួនាទីប្រកបដោយជោគជ័យកាលពីឆ្នាំ២០២២កន្លងទៅ និងក៏សូមអបអរសាទរចំពោះការដោះស្រាយនូវបញ្ហាជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពដែលបានរួមចំណែកធ្វើឲ្យដំណើរការស្ដារសេដ្ឋកិច្ចសង្គមរបស់កម្ពុជាមានកំណើនឡើងវិញជាបន្តបន្ទាប់។

ឯកឧត្តម បានជម្រាបសម្ដេចក្រឡាហោមថាតាមរយៈការគ្រប់គ្រងបានល្អប្រសើរនៃជំងឺកូវីដ-១៩នេះ ក៏បានជំរុញធ្វើឲ្យការធ្វើដំណើររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរមានការកើនឡើងយ៉ាងច្រើននៅក្នុងរយៈពេលចុងក្រោយនេះ។

ឯកឧត្តម ក៏សូមសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសម្ដេចក្រឡាហោម ដែលបានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំខេត្តជាប់ព្រំដែនកម្ពុជាថៃនាពេលកន្លងទៅ ហើយថាឯកឧត្តមពិតជាវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ។

ឯកឧត្តមអគ្គរាជទូត ក៏សូមសម្ដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សម្ដេចក្រឡាហោម ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ដូចជាការរត់ពន្ធមនុស្សឆ្លងដែនដែលក្នុងរយៈពេលកន្លងទៅនេះបានទទួលនូវលទ្ធផលគួរឲ្យកត់សម្គាល់។

ឯកឧត្តម ក៏បានបញ្ជាក់ជូនសម្ដេចដែរថាបញ្ហានេះគឺជាបញ្ហាសម្រាប់តំបន់ដែលត្រូវសហការគ្នាដោះស្រាយ មិនមែនតែជាបញ្ហារបស់ប្រទេសណាមួយនោះទេ គឺភាគីពាក់ព័ន្ធទាំងអស់ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយគ្នាជា ពិសេសរវាងអាជ្ញាធរមានសមត្ថកិច្ចដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងទៅនឹងបញ្ហាឧក្រិដ្ឋកម្មឆ្លងដែននេះ ។

ក្រោយពីបានពិភាក្សាផ្លាស់ប្ដូរយោបល់ទៅលើបញ្ហាទាំងនេះ សម្ដេចក្រឡាហោម និងឯកឧត្តមអគ្គរាជទូតក៏បានជជែកពិភាក្សា និងផ្លាស់ប្ដូរយោបល់ទៅវិញទៅមកលើបញ្ហាមួយចំនួនក្នុងស្មារតីធ្វើយ៉ាងណាសម្រួលដល់ការចេញចូលឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ និងកិច្ចសហការក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយនានានៅតាមបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរឲ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរ។

សម្ដេច និងឯកឧត្តម ក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់ទៅលើការជួយគាំទ្រដល់ពលករកម្ពុជាដែលកំពុង ស្នាក់នៅនិងបំពេញការងារនៅក្នុងព្រះរាជាណាចក្រថៃ ហើយនិងការបន្តកិច្ចសហការជិតស្និទ្ធក្នុងការទប់ស្កាត់និងបង្ក្រាបនូវអំពើជួញដូរមនុស្សឆ្លងដែនផងដែរ។

សម្តេចក្រឡាហោម មានក្ដីសង្ឃឹមយ៉ាងមុតមាំថាវត្តមានរបស់ឯកឧត្ដមនៅកម្ពុជា នឹងបន្តរួមចំណែកដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ កាន់តែខ្លាំងក្លាថែមទៀត។ សម្ដេចជូនពរឯកឧត្តម និងសហការីទទួលបានជោគជ័យត្រចះត្រចង់នៅក្នុងអាណត្តិការងារនៅកម្ពុជា។

ឯកឧត្តមឯកអគ្គរាជទូត បានគោរពថ្លែងអំណរគុណសម្ដេចក្រឡាហោម និងបានបង្ហាញការប្ដេជ្ញាចិត្ត ពង្រឹងពង្រីកបន្ថែមទៀតរវាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឈរលើមូលដ្ឋានដែលបានកសាងកន្លងមកពីឯកអគ្គរាជទូតមុនៗហើយនឹងខិតខំពង្រឹងពង្រីកទំនាក់ទំនងនេះឲ្យកាន់តែល្អប្រសើរថែមទៀត៕ 

អត្ថបទដែលជាប់ទាក់ទង